ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ង្វៀន សួនហ៊ុក ប្រធានាធិបតីវៀតណាមមកកាន់កម្ពុជានៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៧ផងដែរ។
នាជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានាធិបតីវៀតណាមក្នុងដំណើរទស្សនកិច្ចមកកម្ពុជានៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហាទំនាក់ទំនងទ្វេភាគី និងការធ្វើពាណិជ្ជកម្មជាដើម។ បន្ថែមលើនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើបញ្ហាការធ្វើដំណើរឆ្លងដែន ចេញចូលរវាងប្រទេសទាំងពីរ ដោយប្រើប្រាស់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ផងដែរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ាង សុផល្លែត អ្នកនាំពាក្យជំនួយការសម្តេចតេជោ ហ៊ុន សែន។
ជុំវិញបញ្ហានេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នារួចហើយ ក្នុងការជំរុញកិច្ចចរចា ដើម្បីពន្លឿនការទទួលស្គាល់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ រវាងប្រទេសទាំងពីរ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរចេញចូលរបស់ប្រជាជននៃប្រទេសទាំងពីរ។ ប្រជាជននៃប្រទេសទាំងពីរអាចដំណើរចេញចូលទៅវិញទៅមកដោយមិនចាំបាច់ធ្វើចត្តាឡីស័កប្រសិនភាគីទាំងពីរបានឯកភាពគ្នាលើការទទួលស្គាល់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ នេះ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួនទៀតផងដែរ ដើម្បីពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន រួមជាមួយឯកឧត្តម ង្វៀន សួនហ្វ៊ុក បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងសំខាន់ៗចំនួន៧ទៀតផង។
ឯកសារ និងកិច្ចព្រមព្រៀងទាំងនោះរួមមានផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃ នៃកម្ពុជា និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម, កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
បន្ថែមលើនេះ គឺកំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម, អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ២០២១-២០២៥, អនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា និងវៀតណាម ស្ដីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម។
គួររំលឹកថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងវៀតណាមនៅ១០ខែក្នុងឆ្នាំ២០២១ មានទំហំជិត៨ពាន់លានដុល្លារអាមេរិក កើនឡើងជាង៨៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្នវៀតណាមមានគម្រោងវិនិយោគនៅកម្ពុជាចំនួន១៨៨គម្រោង ដែលមានទុនវិនិយោគជិត៣ពាន់លាកដុល្លារអាមេរិក៕