ទិន្នផលអំបិលកម្ពុជាធ្លាក់ចុះ

ឆ្នាំនេះ កម្ពុជាត្រៀមនាំចូលអំបិល ៣ម៉ឺនតោន ពីប្រទេសថៃ


នៅឆ្នាំនេះ កម្ពុជាត្រៀមនាំចូលអំបិលពីប្រទេសថៃប្រមាណ ៣ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ខណៈដែលការផលិតអំបិលធ្លាក់ចុះខ្លាំងនារយៈពេល ២ឆ្នាំជាប់ៗគ្នា ដោយសារតែបញ្ហាអាកាសធាតុ។ បើតាមតំណាងសហគមន៍ផលិតអ្នកអំបិលខេត្ត កំពត-កែប បានអះអាងថា ការនាំចូលអំបិលពីប្រទេសជិតខាងនេះ អាចនឹងត្រូវចាប់ផ្ដើមឡើងចាប់ពីខែកញ្ញាឆ្នាំនេះសម្រាប់រយៈពេល៣ខែ បន្ទាប់ពីការបញ្ចេញអំបិល៥ម៉ឺនតោនអស់ពីក្នុងស្តុក។
កសិរ​ប្រមូល​ផល​អំបិល​ពី​ស្រែ​អំបិល​នៅ​ខេត្ត​កំពត។ រូបភាពពី confirel.com
ដោយ

លោក អុំ ឈុន ប្រធាន​​ការិយាល័យ​​រដ្ឋបាល​​សហគមន៍​​អ្នក​ផលិត​​អំបិល​ខេត្ត​​កំពត និង​ខេត្ត​កែប បានអះ​អាងថា ២ឆ្នាំ​កន្លង​មកនេះ ការផលិត​អំបិល​របស់​កម្ពុជា បានទទួល​រងការ​ប៉ះពាល់​ខ្លាំង​ពីបញ្ហា​អាកាសធាតុ​ភ្លៀងធ្លាក់​ច្រើន ដែលបាន​ធ្វើឲ្យ​ទិន្នផល​អំបិល​មានការធ្លាក់​ចុះយ៉ាង​ខ្លាំង។ តួយ៉ាង កាលពីឆ្នាំ២០១៦​-២០១៧ ទិន្នផល​អំបិលមាន​ប្រមាណតែ ៣.៥០០០ តោន ខណៈ​ដែលនៅ​ឆ្នាំ​​២០១៧ និងមកទល់​ខែ៥ឆ្នាំ​២០១៨​នេះ ទិន្នផល​អំបិលមាន​ប្រមាណតែ ៥០០តោន​ប៉ុណ្ណោះ។

ណាមួយ​ទៀត អំបិល​ដែលបន្សល់​ទុក​ក្នុងស្ដុក​នាពេលកន្លងមក​នៅសល់​ប្រមាណ​តែ ៥ម៉ឺនតោន​ប៉ុណ្ណោះ ដែលអាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បានដល់​តែ​ត្រឹមខែ​កញ្ញា​ខាងមុខ​ប៉ុណ្ណោះ។ ដូច្នេះ នៅអំឡុង​ពេលបន្ទាប់​ពីនោះ កម្ពុជា​ត្រូវការ​នាំចូល​អំបិល​ពីក្រៅ​ប្រទេស យ៉ាងហោច​ណាស់ ក៏​៣ម៉ឺនតោន​ដែរ ដើម្បី​អាចទ្រទ្រង់​ទីផ្សារ ទម្រាំ​ដល់​ខែ១០ ឬខែ១១ ទើប​រដូវប្រមូល​ផលអំបិល​ថ្មីរបស់​កម្ពុជា​មកដល់។

លោក អុំ ឈុន បានលើក​ឡើងទៀត​ថា ខាងសហគមន៍​អ្នកផលិត​អំបិល ក៏បាន​ពិភាក្សាជាមួយ​នឹងអាជ្ញាធរ​ខេត្តរួចរាល់​ហើយ ថាគ្រោង​នឹងនាំចូល​អំបិល​ពីប្រទេស​ថៃ ប្រមាណ​៣ម៉ឺនតោន សម្រាប់​ផ្គត់ផ្គង់​ទីផ្សាររយៈ​ពេល​៣ខែ បន្ទាប់ពី​អំបិល ៥ម៉ឺនតោន​​ដែលកំពុងនៅ​សល់​ ត្រូវបានបញ្ចេញ​អស់ពី​ស្ដុក ពោលគឺ​អាចនៅអំឡុង​ខែកញ្ញា​ខាងមុខ។ 

យ៉ាងណា​ក៏ដោយ បើតាមប្រធាន​​ការិយាល័យ​​រដ្ឋបាល​​សហគមន៍​​អ្នក​ផលិត​​អំបិល​​ខេត្ត​កំពត និង​ខេត្ត​កែប​រូបនេះ ប្រសិនបើ​ឆ្នាំក្រោយ កម្ពុជា​មិនអាច​ផលិតអំបិល​បានដោយ​ខ្លួន​ទៀត នោះកម្ពុជា​ចាំបាច់​ត្រូវតែនាំ​ចូលអំបិល​ពីក្រៅប្រទេស​កាន់តែច្រើន​ជាងមុន ឬនាំចូល១០០ភាគរយក៏ថាបាន ដោយសារតែអំបិលនៅឆ្នាំនេះ​នឹងបញ្ចេញ​អស់​ពីស្ដុក​ហើយ។

គិតមកទល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ តម្លៃ​អំបិល​ក៏បានឡើង​ថ្លៃខ្ពស់​ជាងមុនគួរ​ឲ្យកត់​សម្គាល់ ពោលគឺអំបិល​ដែលលក់ចេញ​ពីសហគមន៍​ផលិត​អំបិល មានដូចជា​​អំបិលលេខ១ មួយបាវ​ទម្ងន់ ៥០គីឡូ​ក្រាម មានតម្លៃ​កើនដល់ ១៧.០០០ រៀល អំបិល​លេខ២ មានតម្លៃ​ ១៥.០០០​ រៀល និង​អំបិលលេខ​៣ មានតម្លៃ ១៤.០០០ រៀល ខណៈ​ដែលកាល​ពីឆ្នាំមុនៗ អំបិល​លេខ១ មួយបាវ​មានតម្លៃ​តែជាង ១ម៉ឺនរៀលបន្តិច​បន្ដួច​ប៉ុណ្ណោះ។

បើតាម​អាជីវករ​លក់អំបិល​បោះដុំ និងរាយ​នៅតាម​ផ្សារអូ​ប្ញស្សី​បានឲ្យដឹង​ថា ចាប់តាំង​ពីខែ មករា ដល់ខែឧសភានេះ តម្លៃ​អំបិល​បានឡើងថ្លៃ​ជាបន្ត​បន្ទាប់ ពោលគឺ​ឡើង​៣ដង​ហើយ ដែលមួយដងៗ​ឡើងចន្លោះ​ពី១ពាន់​រៀល ទៅ២ពាន់​រៀលក្នុង​មួយបាវ។ តម្លៃអំបិល​លក់រាយ​លើទីផ្សារ អំបិល​គ្រួស​ ១បាវទម្ងន់​៥០គីឡូថ្លៃ ជាង៣​ម៉ឺន​រៀល ខណៈ​អំបិល​ម៉ត់ ថ្លៃ ២២.០០០រៀល​ក្នុងមួយ​ប៉ាវ និង អំបិល​អីយ៉ូត ១គីឡូ ថ្លៃ១០.១០០ ​រៀល។

អាជីវករ ក៏ដូចជា​ម្ចាស់សិប្បកម្ម​កែច្នៃ នាំចូល​អំបិល និងចែក​ចាយអំបិលធំៗ​អះអាង​ទៀត​ថា តម្លៃអំបិលនឹង​បន្តឡើង​ថ្លៃទៀត ខណៈឆ្នាំនេះ​ការផលិត​អំបិលនៅ​ខេត្តកំពត មិនអាច​ផលិតបាន​ដោយសារ​បញ្ហា​អាកាស​ធាតុ ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន។

ជាមួយគ្នានេះ កាលពេល​ថ្មីៗនេះ​ដែរ ក្រុមហ៊ុន​ក្នុងស្រុក​មួយ គឺ ខុនហ្វីរែល ក៏មាន​គម្រោង​នាំចេញ​អំបិលទៅប្រទេស​បារាំងដែរ ហើយបើ​គ្មានអ្វីរាំង​ស្ទះ​ទេ គម្រោងនេះ​នឹងអាចដំណើរ​ការនៅដើម​ឆ្នាំ ២០១៩ ខាងមុខ​នេះ។ ក្រុមផលិតករ​អំបិល​លំដាប់​ពិភពលោក​របស់​សហគមន៍ ហ្គេរ៉ង់ នៃប្រទេស​បារាំង ជំរុញឲ្យ​ផលិតករ​អំបិល​កម្ពុជា ពង្រឹង​គុណភាព​នៃការផលិត​អំបិល​ធម្មជាតិ ដើម្បីឈាន​ទៅផលិត​អំបិល​សម្គាល់ភូមិ​សាស្រ្ត (GI) ដែល​មានទីផ្សារ​ធំទូលាយ និងជាអ្វី​ដែលអតិថិជន​ចង់បាន​បំផុត។ 

ពំនូកអំបិល ដែលត្រូវបានប្រមូលនៅតាមស្រែអំបិល

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ក៏ធ្លាប់​បានអះអាង​ដែរថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​និងកំពុង​តែជំរុញឲ្យ​មានការចុះ​បញ្ជីសម្គាល់​ភូមិសាស្ត្រ GI សម្រាប់​ផលិតផល​ផ្កាអំបិល​របស់​កម្ពុជា ដើម្បីធ្វើការនាំ​ចេញទៅក្រៅ​ប្រទេស​ផងដែរ ព្រោះអំបិល​គឺជាគ្រឿង​ផ្សំចាំបាច់​មួយសម្រាប់​ការទទួល​ទាន។

គួរបញ្ជាក់​ដែរថា ក្នុងមួយឆ្នាំៗ យ៉ាងហោច​ណាស់ កម្ពុជា​មានតម្រូវការ​អំបិលប្រើប្រាស់​ក្នុងស្រុក ប្រមាណ​១០ម៉ឺនតោន។  ក្នុងនោះដែរ ផ្ទៃ​ដី​​ខេត្ត​កំពត និង​កែប គឺ​ជា​​ទីតាំង​​ផលិត​អំបិល​​តែ​មួយ​គត់​​សម្រាប់​ការ​ផ្គត់​ផ្គង់​ទូទាំង​​ប្រទេស ដែល​មាន​​ផ្ទៃដី​ផលិត​​អំបិល​​ជាង ៤​៥០០​​ហិកតា ដោយ​ក្នុង​​នោះ ផ្ទៃ​ដី​មួយ​​ហិកតា​​អាច​មាន​​សមត្ថភាព​​ផលិត​អំបិល​​បាន​ជា​​មធ្យម​​ចំនួន​​ ២០​តោន៕

None



អត្ថបទបន្ទាប់


រដ្ឋមន្ដ្រី ចម ប្រសិទ្ធ៖ កម្ពុជាមានSMEជាង៥០ម៉ឺន ៩៥% មិនទាន់ចុះបញ្ជី

បច្ចុប្បន្ននៅកម្ពុជាមានសហគ្រាសខ្នាតតូច និងមធ្យម (SME) ជាង៥សែន ប៉ុន្ដែ ជាង៩៥ភាគរយ មិនទាន់ចុះបញ្ជី។ នេះជាប្រសាសន៍របស់ឯកឧត្តម ចម ប្រសិទ្ធ រដ្…

បុគ្គលិក​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ក្ដុកក្ដួល​ចំពោះ​ការ​បណ្ដេញ​និពន្ធ​នាយក

បុគ្គលិក​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​ជា​ខ្លាំង បន្ទាប់​ពី​ស្ថាប័ន​របស់​ខ្លួន បាន​បណ្ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ