វិស័យដឹកជញ្ជូន និងឡូជីស្ទីក

ក្រុមអ្នកជំនាញ និងអ្នកជំនួញធំៗអះអាងថា កម្ពុជានឹងបាត់បង់ភាពប្រកួតប្រជែង ប្រសិនបើតម្លៃដឹកជញ្ជូននៅតែថ្លៃជាងប្រទេសដទៃ


ក្រុមអ្នកជំនួញធំៗ និងអ្នកជំនាញ បានចាត់ទុកវិស័យដឹកជញ្ជូន និងឡូជីស្ទីកជាសរសៃឈាមសេដ្ឋកិច្ចដែលកម្ពុជាបាននិងកំពុងខិតខំអភិវឌ្ឍ ដើម្បីរួមចំណែកក្នុងការស្រូបទាញការវិនិយោគ និងប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់។ ក្រុមអ្នកជំនួញ និងអ្នកជំនាញជឿជាក់ថា កម្ពុជានឹងបាត់បង់ភាពប្រកួតប្រជែង ប្រសិនបើវិស័យឡូជីស្ទីកនៅតែមានបន្ដមានតម្លៃខ្ពស់ និងស្មុគស្មាញជាងប្រទេសដទៃ។
ការនាំចេញទំនិញកម្ពុជានៅកំពង់ផែក្រុងព្រះសីហនុ

ដើម្បី​ឲ្យ​ថ្លៃ​ដឹក​ជញ្ជូន​មាន​ភាពល្អ​ប្រសើរ និង​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ អ្នកជំនាញ​បាន​ផ្តល់​ជា​គំនិត​ថា កម្ពុជា​គួរ​អនុវត្ត​ប្រព័ន្ធ​អេកូឡូស៊ី​លើ​វិស័យ​ដឹក​ជញ្ជូន និង​រៀបចំ​មជ្ឈមណ្ឌល​ទទួល និង​បែងចែក​ទំនិញ​នៅ​តាម​តំបន់​សក្តានុពល​មួយ​ចំនួន​ជាដើម​។ យ៉ាងណា​ក៏​ដោយ​ចុះ ទោះបី​ពិភពលោក​រួម​ទាំង​កម្ពុជា​ទទួល​រង​នូវ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ តែ​ជា​រួម​វិស័យ​ឡូ​ជី​ស្ទីក​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២១ ត្រូវ​បាន​អ្នកជំនាញ​វាយតម្លៃ​ថា នៅ​តែ​មាន​ភាពល្អ​ប្រសើរ ទោះ​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​គោលដៅ​ខ្លះ​មាន​តម្លៃ​ខ្ពស់​ក៏​ដោយ​។

អ្នកឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន វើ​ល​ដ៍​ប្រ៊ី​ដ គ្រុប​បាន​ចាត់​ទុក​វិស័យ​ដឹក​ជញ្ជូន​ជា​សរសៃឈាម​មួយ​ក្នុង​ការ​រួមចំណែក​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការ​នាំ​ចេញ​របស់​កម្ពុជា ដែល​រួម​មាន​វិស័យ​សក្តានុពល​ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និង​អចលនទ្រព្យ និង​សំណង់​។ កត្តា​នេះ​តម្រូវ​ឲ្យ​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ឲ្យ​វិស័យ​មួយ​នេះ ដើម្បី​ស្រូប​ទាញ​ការ​វិនិយោគ​ពី​ក្រៅប្រទេស ក៏​ដូច​ជា​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​លើ​ពិភពលោក​។ អ្នកជំនួញ​ដ៏​ល្បីល្បាញ​រូប​នេះ​ជឿជាក់​ថា កម្ពុជា​នឹង​បាត់បង់​ភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ​ក្នុង​ការ​ជំរុញ​កំណើន​ការ​នាំ​ចេញ និង​ទាក់ទាញ​វិនិយោគិន​បរទេស ប្រសិនបើ​ថ្លៃ​ដឹក​ជញ្ជូន​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ទាំងនោះ​។

អ្នកជំនួញ និង​ជា​អ្នកជំនាញ​ក្នុង​វិស័យ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទីក​ដ៏​ល្បី​នៅ​កម្ពុជា​រូប​នេះ មើលឃើញ​ថា កត្តា​ដែល​ធ្វើ​ឲ្យ​តម្លៃ​ដឹក​ជញ្ជូន​របស់​កម្ពុជា​មាន​ថ្លៃ​ខ្ពស់​ជាង​ប្រទេស​ជិតខាង​ដោយសារ​កម្ពុជា​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ឲ្យ​វិស័យ​ដឹក​ជញ្ជូន ព្រោះ​កន្លង​មក​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​តាម​ផ្លូវទឹក​ត្រូវ​លើក​ផ្ទេរ​នៅ​កំពង់​ផែ​តាម​ប្រទេស​មួយ​ចំនួន មុន​ដឹក​បន្ត​ទៅ​ប្រទេស​គោលដៅ​។ មួយវិញទៀត ការ​ប្រើប្រាស់​រថយន្ត​ចាស់​ៗ កង្វះ​ធនធានមនុស្ស បច្ចេកវិទ្យា និង​ការ​គ្រប់គ្រង​មិន​បាន​ល្អ​ក្នុង​ការ​ដឹក​ជញ្ជូន​ក្នុងស្រុក ក៏​ជា​កត្តា​រួមចំណែក​ផង​ដែរ​។  

ពាក់ព័ន្ធ​បញ្ហា​តម្លៃ​ដឹក​ជញ្ជូន​នេះ​ដែរ លោក​ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា​ទទួលស្គាល់​ថា តម្លៃ​ដឹក​ជញ្ជូន​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ពិត​មាន​តម្លៃ​ថ្លៃ​ជាង​ប្រទេស​ជិតខាង​ពិតប្រាកដ​មែន ដោយសារ​កម្ពុជា​ពុំ​មាន​កំពង់ទឹក​ជ្រៅ ដែល​អាច​ឲ្យ​កប៉ាល់​ធំ​ៗ​ចូល​ចត​បាន​ដូច​ប្រទេស​ជិតខាង​មួយ​ចំនួន​។ កត្តា​នេះ​តម្រូវ​ឲ្យ​ទំនិញ​ដែល​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​គោលដៅ​ទីផ្សារ​ឆ្ងាយ​ៗ ត្រូវ​លើកដាក់​ផ្ទេរ​នៅ​តាម​ប្រទេស​មួយ​ចំនួន​មុន​ដល់​គោលដៅ ដែល​ធ្វើ​ឲ្យ​តម្លៃ​ដឹក​ជញ្ជូន​មានការ​កើនឡើង​មួយ​កម្រិត​ទៀត​។ តែ​យ៉ាងណា​អ្នកជំនាញ​រូប​នេះ អះអាង​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​ក្នុងស្រុក​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​តម្លៃ​ដឹក​ជញ្ជូន​របស់​ប្រ​ជិតខាង​ដែរ តែ​មានការ​ដឹក​ជញ្ជូន​ខ្លះ​អាច​ថ្លៃ​ជាង​។

យ៉ាងណា​ក៏​ដោយ​ចុះ ឧកញ៉ា ស៊ិ​ន ច​ន្ធី បាន​គូសបញ្ជាក់​ថា វិស័យ​ឡូ​ជី​ស្ទីក ដែល​មានការ​ដឹក​ជ​ញ្ចូ​ន​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​ហាក់​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​បន្តិច​ហើយ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ស្ថានភាព​ការ​ឆ្លង​រាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​និង​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​មាន​ភាព​ធូរស្បើយ គួប​ផ្សំ​ការ​ប្រកាស​បើក​ប្រទេស​ឡើង​វិញ និង​លើកលែង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកដំណើរ​ចូល​មក​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​។ ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​មិន​ទាន់​មានការ​រីក​ចម្រើន​ខ្លាំង​នៅឡើយ​ទេ បើ​ធៀប​នឹង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក និង​ផ្លូវគោក​។

បើ​តាម​អ្នកជំនាញ ក្នុង​វិស័យ​ដឹក​ជញ្ជូន​និង​ឡូ​ជី​ស្ទីក បាន​វាយតម្លៃ​ថា វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២១ នៅ​តែ​រក្សា​បាន​នូវ​កំណើន​ក្នុង​កម្រិត​តិចតួច ទោះបី​ជួប​បញ្ហា​កង្វះ​ទូរ​កុងតឺន័រ តម្លៃ​ដឹក​ជញ្ជូន​ឡើងថ្លៃ និង​មានការ​រំខាន​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ​។ បន្ថែម​ពី​នេះ អ្នកជំនាញ​សង្ឃឹមថា ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា​លើកកម្ពស់​គុណភាព​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ពី​កំពង់​ផែ​ទឹក​រាក់ មក​កំពង់ទឹក​ជ្រៅ​រួចរាល់ ព្រម​ជាមួយ​មានការ​បើក​ជើងហោះហើរ​ទូលំទូលាយ​ឡើង​វិញ​ផង​នោះ វា​នឹង​ជួយ​ស្តារ និង​ជំរុញ​កំណើន​នៃ​ការ​ដឹក​ជញ្ជូន និង​នាំ​ចេញ​ទំនិញ​ឲ្យ​កានតែ​ល្អ​ប្រសើរ​ថែម​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អតិផរណានៅអាមេរិកកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ កំពុងសាកល្បងសមត្ថភាពដោះស្រាយរបស់លោកចូបៃដិន

ព័ត៌មាន
រដ្ឋាភិបាលអាមេរិក បានអះអាងថា តម្លៃទំនិញកាលពីខែវិច្ឆិកាកន្លងទៅថ្មីៗនេះ បានកើនឡើងខ្លាំង ក្នុងអត្រាមួយដែលគេមិនធ្លាប់បានឃើញក្នុងរយៈពេលជិត៤…

ចិនចំអកឲ្យប្រជាធិបតេយ្យរបស់អាមេរិកថាជាអាវុធប្រល័យលោក

ព័ត៌មាន
កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យរយៈពេល២ថ្ងៃ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោកចូ បៃឌិន ត្រូវបានបិទបញ្ចប់កាលពីថ្ងៃសុក្រទី១០ធ្នូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ