មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពលបន្តលើកទឹកចិត្តឲ្យអ្នករកស៊ីវិនិយោគលើវិស័យថាមពលស្អាត ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ជាដើម ខណៈបច្ចុប្បន្នមានភូមិទូទាំងប្រទេសប្រមាណ៩៧%ហើយ ទទួលបានការផ្គត់ផ្គង់អគ្គិសនី និងមានលំនៅឋាន៨៤%បានភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម បានបង្ហាញពីគោលជំហរសំខាន់ៗរបស់កម្ពុជាលើការកែប្រែ និងការអភិវឌ្ឍក្នុងវិស័យថាមពល ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន និងឆ្លើយតបនឹងបញ្ហាការប្រែប្រួលអាកាសធាតុសកល។ ក្នុងនោះ កម្ពុជា ប្តេជ្ញាឈប់បង្កើតរោងចក្រថាមពលដើរដោយធ្យូងថ្មថ្មីៗបន្ថែមទៀត ក្រៅពីគម្រោងដែលរាជរដ្ឋាភិបាលបានសម្រេចតាំងពីឆ្នាំ២០១៩ ដោយប្តូរមកប្រើប្រាស់ថាមពលដែលមានកាបូនទាប ដូចជាឧស្ម័នធម្មជាតិនាំចូលប្រភេទ LNG ឬអ៊ីដ្រូសែនជំនួសវិញ។ ការតាំងចិត្តបែបនេះ ធ្វើឡើងពេល ឯកឧត្តម ជួបពិភាក្សាការងារជាមួយលោកជំទាវ ធីណា រេតស (Tina Redshaw) ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា កាលពីថ្មីៗ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលលើកទី២៦ ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ នាពេលខាងមុខ។
បន្ថែមលើនេះ ឯកឧត្តម ក៏បានបង្ហាញពីជំហរក្នុងការជំរុញបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រភពថាមពលដែលមិនបង្កគ្រោះថ្នាក់ដល់បរិស្ថាន។ ទន្ទឹមនឹងជំរុញនិងលើកទឹកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិឲ្យវិនិយោគលើវិស័យថាមពលស្អាត ឯកឧត្តម ស៊ុយ សែម ប្តេជ្ញាអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីចូលរួមដោះស្រាយបញ្ហានានា ក៏ដូចជាឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុក្នុងវិស័យថាមពលឆ្នាំ២០២១-២០២៣ និងផែនការអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ឲ្យស្របតាមយុទ្ធសាស្ត្រចតុកោណ និងផែនការអាទិភាពជាតិ។
តាមផែនការមេអភិវឌ្ឍន៍វិស័យថាមពលថ្មីរបស់កម្ពុជា ក្រោមការសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អគ្គិសនីដែលមានប្រភពពីថាមពលកកើតឡើងវិញនឹងចូលចំណែកប្រមាណ៥៩% នៃប្រភពថាមពលចម្រុះសរុបរបស់កម្ពុជា និងអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បានរហូត៣៤% បើធៀបនឹងសេណារីយ៉ូចាស់ ដែលកម្ពុជាបានអនុវត្តតាមទម្លាប់ចាស់កាលពីកន្លងមក។
ជាមួយគ្នានេះ កម្ពុជាបានដាក់គោលដៅផលិតអគ្គិសនីពីប្រភពកកើតឡើងវិញឲ្យបានយ៉ាងតិច២៥% នៃល្បាយថាមពលសរុបរបស់កម្ពុជានៅត្រឹមឆ្នាំ២០៣០ ព្រមទាំងបន្តជំរុញនិងលើកកម្ពស់គុណភាពគម្រោងថាមពលប្រើឥន្ធនៈហ្វូស៊ីលមុនៗឲ្យមានភាពល្អប្រសើរ និងស្អាតជាងមុន ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយកអគ្គិសនីកម្ពុជាបានអះអាងថា ទោះបីវិស័យថាមពលកម្ពុជាបានរងឥទ្ធិពលពីវិបត្តិថាមពលសកល តែកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់សម្រាប់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សិប្បកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្ថែមថា ថាមពលអគ្គិសនីប្រើប្រាស់បច្ចុប្បន្នភាគច្រើនផលិតនៅក្នុងស្រុក និងទិញមកពីប្រទេសវៀតណាម ថៃ និងឡាវ។
បើយើងតាមរបាយការរបស់ក្រសួងរ៉ែ និងថាមពលនៅឆ្នាំ២០២០ កម្ពុជាអាចផលិតកកើតឡើងវិញ និងមិនកកើតឡើងបានជិត ៣ពាន់មេកាវ៉ាត់ និងនាំចូលពីក្រៅប្រទេសជិត១ពាន់មេកាវ៉ាត់។ នៅឆ្នាំ២០២១ រោងចក្រផលិតថាមពលអគ្គិសនីនៅកម្ពុជា អាចផលិតថាមពលបានជាង៣ពាន់មេកាវ៉ាត់ និងគ្រោងនាំចូលពីក្រៅប្រទេសជិតខាងជាង១ពាន់មេកាវ៉ាត់។ បច្ចុប្បន្នមានភូមិទូទាំងប្រទេសចំនួន៩៧% ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីបណ្តា្ញចែកចាយអគ្គិនសី និងមានលំនៅឋានជាង៨៤% បានភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់៕