ជាពិសេសជាងនេះទៅទៀត អ្វីដែលគួរឲ្យព្រួយបារម្ភខ្លាំងកម្រិតថ្នាក់តំបន់ គឺថា វៀតណាមតាមរយៈក្រុមហ៊ុនអភិវឌ្ឍ និងវិនិយោគទេសចរណ៍កោះភូកុក JSC បាន ចំណាយទុនវិនិយោគប្រមាណជាង ២ពាន់លានដុល្លារអាមេរិក សាងសង់រីស៊ត និងកាស៊ីណូ Corona ដោយកាស៊ីណូនេះ នឹងបើក ២៤ម៉ោងក្នុងមួយថ្ងៃ សម្រាប់សាកល្បងរយៈពេល ៣ឆ្នាំ នៅលើកោះភូកុក ដែលខ្មែរស្គាល់ជាទូទៅថា កោះត្រល់។
ជុំវិញទៅនឹងកង្វល់ ថាឧស្សាហកម្មកាស៊ីណូកម្ពុជា នឹងទទួលរងផលប៉ះពាល់នេះ ឯកឧត្តម រស់ ភីរុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន អះអាងថា បន្ទាប់ពីប្រទេសវៀតណាមអនុញ្ញាតឲ្យមានច្បាប់បើកអាជីវកម្មកាស៊ីណូនៅក្នុងប្រទេសរបស់ខ្លួន ឃើញថា ឧស្សាហកម្មកាស៊ីណូកម្ពុជា បានទទួលរងផលប៉ះពាល់ជាច្រើនពិសេសអាជីវកម្ម កាស៊ីណូកម្ពុជាដែល នៅតាមច្រកព្រំដែនរវាងប្រទេសកម្ពុជា និង វៀតណាម។
លោកថា កន្លងមកនេះ ភ្ញៀវវៀតណាមបានមកលេងល្បែងនៅកាស៊ីណូកម្ពុជាយ៉ាងច្រើន ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ គឺអាជីវកម្មកាស៊ីណូកម្ពុជាប៉ះពាល់ច្រើនមិនមានភ្ញៀវវៀតណាមមកលេងច្រើន ដូចពីមុនទៀតឡើយ។
ទទ្ទឹមជាមួយការបើកឲ្យដំណើរការកាស៊ីណូនៅលើកោះភូកុក ឬ កោះត្រល់នេះទៀតនោះ វាបានក្លាយជាការប្រជែងគ្នាកាន់តែខ្លាំងក្នុងតំបន់តែម្តង ពោលគឺមិនត្រឹមតែប៉ះពាល់ដល់កម្ពុជាប៉ុណ្ណោះទេ ប្រទេសនៅក្នុងតំបន់ក៏ប៉ះពាល់ដែរ ដូចជា ប្រទេសសឹង្ហបុរី និងម៉ាឡេស៊ីក៏ស្ថិតនៅក្នុងបរិយាកាសប្រកួតប្រជែងដូចគ្នាខ្លាំងដែរ។
ប៉ុន្តែយ៉ាងណាស្របពេលជាមួយគ្នានេះ ដើម្បីជាការទាក់ទាញរាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំបង្កើតបង្កើតនូវបទប្បញ្ញត្តិផ្សេងៗសម្រាប់ការប្រកួតប្រជែងនៅក្នុងវិស័យនេះ
ក្នុងគោលដៅ ដើម្បីកៀរគរប្រាក់ចំណូលពន្ធឲ្យអស់លទ្ធភាពនៅលើវិស័យកាស៊ីណូ ក៏ដូចជា វិស័យផ្សេងៗទៀត។
ឯកឧត្តម បញ្ជាក់ថា ដើម្បីប្រកួតប្រជែងក្នុងតំបន់បានយើងត្រូវខិតខំធ្វើយ៉ាងណាជំរុញច្បាប់ស្តីពីការគ្រប់គ្រងរមណីយដ្ឋាននេះ ឲ្យបានឆាប់រហ័ស ដើម្បីឲ្យមានតម្លាភាពនៅក្នុងការគ្រប់គ្រងទាំងការប្រមូលចំណូលពន្ធ និងគ្រប់គ្រងរក្សាសណ្តាប់ធ្នាប់សន្តិសុខផ្សេងៗ។
យ៉ាងណាក៏ដោយចុះ ឯកឧត្តម បានជឿជាក់ថា បើទោះបីជា មានការប្រកួតប្រជែងគ្នាច្រើននៅក្នុងតំបន់
ពិសេសការបើកកាស៊ីណូថ្មីៗ នៅវៀតណាម និងមិនមានភ្ញៀវច្រើនមកពីវៀតណាមដូចមុនយ៉ាងណាក្តី
ក៏កម្ពុជា នឹងនៅតែរក្សាជំហរ ដើម្បីការប្រមូលពន្ធបានដដែលពីវិស័យនេះ។
ជាក់ស្តែង បើយោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបង្ហាញថា នៅក្នុងឆ្នាំ២០១៨ កន្លងមកកម្ពុជាបានប្រមូលប្រាក់ចំណូលពីវិស័យកាស៊ីណូប្រមាណ ៤៦ លានដុល្លារអាមេរិក និង សម្រាប់ផែនការឆ្នាំ២០១៩ រំពឹងថា នឹងអាចប្រមូលបានរហូតដល់ ៥៦ លានដុល្លារអាមេរិក។
ចំណូលទាំងនេះ គឺប្រមូលបានពីកាស៊ីណូ ដែលកំពុងធ្វើអាជីវកម្មចំនួន៧០ ក្នុងចំណោម ៨០កាស៊ីណូបានស្នើសុំចុះបញ្ជីក្នុងឆ្នាំ ២០១៨ ។ គិតត្រឹមត្រីមាសទី៣ ២០១៨ ចំនួនកាស៊ីណូស្ថិតនៅខេត្តព្រះសីហនុ មានចំនួន ៣៧ បានដាក់ពាក្យស្នើសុំចុះបញ្ជីរួចហើយ តែមិនទាន់ធ្វើអាជីវកម្មបាននៅឡើយទេ ខណៈសំណង់មិនទាន់បានបញ្ចប់៕