កាស៊ីណូ​លើកោះត្រល់

វៀតណាមបើកកាស៊ីណូតម្លៃជាង ២ពាន់លានដុល្លារ នៅលើកោះ ភូកុក ឬ កោះត្រល់


នេះអាចនិយាយបានថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រវៀតណាមហើយ ដែលប្រទេសមួយនេះ បានបើកកាស៊ីណូអនុញ្ញាតឲ្យប្រជាជនខ្លួនចូលលេងល្បែងស្របច្បាប់។ បើតាមប្រភព័ត៌មានក្នុងស្រុកវៀតណាម កាស៊ីណូដែលទើបបើកថ្មីនេះ ត្រូវបានវិនិយោគសាងសង់ឡើង ក្នុងចំនួនទឹកប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក នៅលើកោះភូកុក ឬខ្មែរហៅថា កោះត្រល់ ដោយនឹងបើកសាកល្បងរយៈពេល៣ឆ្នាំ។
វៀតណាមបើកកាស៊ីណូតម្លៃជាង ២ពាន់លានដុល្លារ នៅលើកោះ ភូកុក ឬ កោះត្រល់ (រូបភាព ពី http://upffinity.com)

ប្រភពព័ត៌មាន​​វៀតណាម Vietnam Express បាន​ឲ្យដឹងថា ក្រុមហ៊ុន​​អភិវឌ្ឍ និងវិនិយោគ​​ទេសចរណ៍​លើ​​កោះភូកុក JSC បាន ចំណាយ​ទុន​វិនិយោគ​​ប្រមាណ​​ជាង ​២ពាន់​លានដុល្លារ​អាមេរិក សាងសង់​​រីស៊ត និង​កាស៊ីណូ Corona ដោយកាស៊ីណូ​នេះ នឹង​បើក ២៤ម៉ោង​​ក្នុង​មួយថ្ងៃ សម្រាប់ជា​គម្រោង​​​​សាកល្បង​​រយៈពេល ​៣ឆ្នាំ​។

ប្រភពព័ត៌មាន បានឲ្យ​ដឹង​ទៀតថា ប្រជាពលរដ្ឋ​​វៀតណាម ដែលចង់​​​ទៅលេង​ល្បែង​ នៅក្នុង​កាស៊ីណូ​នេះ ត្រូវមាន​​អាយុ​លើស​ពី ២១ឆ្នាំ និងរក​ចំណូល​​បាន​យ៉ាង​តិច ​៤៣០ដុល្លារអាមេរិក ក្នុង​មួយខែ និងមិនមាន​​ប្រវត្តិ​ធ្លាប់​ពាក់ព័ន្ធ​នឹង​​បទឧក្រិដ ឬការជំទាស់​ពីក្រុម​គ្រួសារ​នោះ​ឡើយ។

រីឯតម្លៃ​​សេវា​ដើម្បី​អាចចូល​​លេង​ល្បែង​វិញ មួយថ្ងៃ គឺ ៤៣​ ដុល្លារ​អាមេរិក ឬ ១ខែ ១ពាន់​ដុល្លារ​អាមេរិក។ 

វៀតណាមបើកកាស៊ីណូតម្លៃជាង ២ពាន់លានដុល្លារ នៅលើកោះ ភូកុក ឬ កោះត្រល់ (រូបភាព ពី http://upffinity.com)

ប្រទេស​វៀតណាម ធ្លាប់​​មានវិធានការ​យ៉ាង​តឹងរឹង​បំផុត​ ក្នុង​ការ​ហាមឃាត់​ប្រជាពល​រដ្ឋ​​របស់ខ្លួន​ ចូលលេង​ល្បែង​ក្នុង​កាស៊ីណូ​​ទាំង​ ៧កន្លែង​នៅទូទាំង​ប្រទេស ហើយអនុញ្ញាត​ឲ្យតែជន​បរទេស​​ប៉ុណ្ណោះ ដែល​​អាចចូល​លេងល្បែង​​នៅ​កាស៊ីណូ​បាន។ មិនតែប៉ុណ្ណោះ វៀតណាម បានចាត់​ទុកថាការ​លេងល្បែង​ស៊ីសង​នេះ គឺជារឿង​​អាក្រក់​បំផុត​ក្នុង​សង្គម។ 

ប៉ុន្ដែ ស្រាប់តែ​ពេលនេះ រដ្ឋាភិបាល​ប្រទេសនេះ បែរជា​​បើកដៃ​ឲ្យ​ប្រជាជនខ្លួន​ អាចចូល​ល្បែង​ក្នុងកាស៊ីណូ​​បានយ៉ាង​ស្របច្បាប់​ទៅវិញ។

ដ្បិតតែយ៉ាងនេះក្ដី កន្លងមក ក៏មានប្រជាជន​វៀតណាម​ជាច្រើន​បាន​ចូលមក​លេង​​ល្បែង​នៅតាម​កាស៊ីណូ​មួយចំនួន​នៅទឹកដី​កម្ពុជា​ផងដែរ ដូចជា​នៅបវិត និងកំពង់សោមជាដើម។  

គួរបញ្ជាក់ថា ចំណូល​​របស់ពលរដ្ឋ​វៀតណាម​​ម្នាក់ៗ​នៅឆ្នាំ​២០១៨ កន្លងទៅ​នេះ មាន​ ២.៥០០ ដុល្លារអាមេរិក​​ក្នុង​មួយឆ្នាំ។ 

វៀតណាមបើកកាស៊ីណូតម្លៃជាង ២ពាន់លានដុល្លារ នៅលើកោះ ភូកុក ឬ កោះត្រល់ (រូបភាព ពី http://upffinity.com)

តែយ៉ាងណា បើតាម​អ្នកជំនាញសេដ្ឋកិច្ច បាន​លើកឡើងថា វត្តមាន​កាស៊ីណូ​របស់​វៀតណាម​នៅលើ​កោះ ភូកុក ឬកោះត្រល់នេះ ក៏អាច​នឹង​កាត់បន្ថយ​ចំនួន​ប្រជាជនវៀតណាម​ចូលមក​លេង​ល្បែង​នៅនៅកាស៊ីណូ​នៅកម្ពុជា​ផងដែរ មិនតែប៉ុណ្ណោះ វាក៏អាច​ជា​មេដែក​មួយថ្មី​បន្ថែម​ទៀត​សម្រាប់​វៀតណាម​ក្នុងការ​ស្រូប​ទាញ​ទេសចរ បរទេស​ទៅលេង​កម្សាន្ដ​នៅ​កោះភូកុក ឬខ្មែរយើងហៅថា កោះត្រល់នេះ ខណៈដែលកោះដ៏ធំមួយនេះ មាន​ចម្ងាយ​មិនឆ្ងាយ​ប៉ុន្មានឡើយ​ពី​​ខេត្ត​ព្រះសីហនុ និងខេត្ត​កំពតកែប​របស់កម្ពុជាយើង។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បច្ចុប្បន្នភាព EBA! ​វិនិយោគិន​ធំៗ​​នៅ​កម្ពុជា​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​កុំ​ដាក់​ទណ្ឌកម្ម

ព័ត៌មាន
សមាគម​ពាណិជ្ជកម្ម​ធំៗ​នៅ​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ផ្ញើ​ទៅ​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​លោកស្រី Cecilia Malm…

ជីប ម៉ុង ចាប់ផ្តើមឈានជើងប្រឡូកប្រកួតប្រជែងក្នុងវិស័យធនាគារនៅកម្ពុជាហើយ

ព័ត៌មាន
ជីប ម៉ុង បានបើកមុខជំនួញថ្មីមួយទៀតហើយនៅក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានបើកអាជីវកម្មផ្លូវក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ