សេដ្ឋកិច្ចកម្ពុជា

សេដ្ឋកិច្ចកម្ពុជារំពឹងសម្រេចបានកំណើនក្នុងរង្វង់៦,៦% នៅឆ្នាំ២០២៤ ខណៈ GDP សម្រាប់មនុស្សម្នាក់រំពឹងកើនដល់ជាង២ពាន់ដុល្លារ


សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៤ ត្រូវបានរាជរដ្ឋាភិបាលព្យាករថា នឹងសម្រេចបាននូវអត្រាកំណើនក្នុងរង្វង់៦,៦% ដែលកំណើននេះហាក់មានភាពល្អប្រសើរជាងឆ្នាំ២០២៣ ដែលព្យាករថា មានកំណើនក្នុងអត្រា៥,៦%។ កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ ត្រូវបានរំពឹងជួយជំរុញគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួនរួមមានវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម។
សេដ្ឋកិច្ចកម្ពុជា
ដោយ

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៤ នឹងបន្តនិន្នាការកើនឡើងជាមួយក្តីរំពឹងអាចសម្រេចបានកំណើនក្នុងរង្វង់៦,៦% ដែលជួយជំរុញឱ្យផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមានតម្លៃ១៤ម៉ឺនប៊ីលានរៀល ឬជាង៣ម៉ឺន៥ពាន់លានដុល្លារអាម៉េរិក។

ជាមួយគ្នាននេះផលិតផលក្នុងសរុបសម្រាប់មនុស្សម្នាក់នៅឆ្នាំ២០២៤ ត្រូវបានរំពឹងថា នឹងកើនឡើងដល់២ពាន់៧១ដុល្លារអាម៉េ​រិក មានការកើនឡើងជាង១៥០ដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រមាណ១ពាន់៩១៧ដុល្លារអាម៉េ​រិក។

កំណើនសេដ្ឋកិច្ច៦,៦% នៅឆ្នាំ២០២៤ ត្រូវបានក្រសួងសេដ្ឋកិច្ចរំពឹងជួយជំរុញគាំទ្រដោយវិស័យសំខាន់ៗមួយចំនួនរួមមានវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ ក្នុងនោះវិស័យឧស្សាហកម្មត្រូវបានរំពឹងថានឹងមានកំណើន៨,៥%នៅឆ្នាំក្រោយពីប្រមាណ៥% ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។

ជាមួយគ្នានេះ វិស័យសេវាកម្ម ដែលជាវិស័យគាទ្រសំខាន់ទី២ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ ត្រូវបានព្យាករថានឹងបន្តនិន្នាការល្អក្នុងអត្រាកំណើន៦,៩% ក្នុងឆ្នាំ២០២៤ ពីមូលដ្ឋានល្អក្នុងរង្វង់៨,១% ក្នុងឆ្នាំ២០២៣ ក្រោយការបន្តងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលនឹងមានផលជះជាវិជ្ជមានដល់វិស័យ-អនុវិស័យគាំទ្រផ្សេងៗទៀត រួមមានអនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូនជាដើម។

ដោយឡែកវិស័យកសិកម្ម ដែលវិស័យគាំទ្រសំខាន់ទី៣ ត្រូវបានរំពឹងថា នឹងបន្តសម្រេចបានកំណើនល្អក្នុងរង្វង់១,១% ក្នុងឆ្នាំ២០២៤ ធៀបនឹង០,៩% ក្នុងឆ្នាំ២០២៣ ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យនេសាទ ខណៈដែលអនុវិស័យចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព។

អនុវិស័យដំណាំបន្តនិន្នាការល្អ ដោយសារការរំពឹងទុកនូវកំណើននៃផលិតកម្ម ដែលជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ គួបផ្សំនឹងការបង្កើនការវិនិយោគរបស់រាជរដ្ឋាភិបាលតាម រយៈការបន្ដផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធ សម្រាប់ការនាំចូលវត្ថុធាតុដើមកសិកម្ម និងការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក។

យ៉ាងណាក៏ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអះអាងថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៤ ត្រូវបានរំពឹងថា នឹងបន្តងើបឡើងវិញក្នុងអត្រាកំណើន៦,៦% យ៉ាងណាក្តី កម្ពុជាក៏នឹងនៅបន្តជួបប្រទះនូវហានិភ័យ និងបញ្ហាប្រឈមចម្បងៗ ជាពិសេសពីកត្តាខាងក្រៅដែលអាចធ្វើឱ្យកំណើនខាងលើនេះ មិនអាចសម្រេចបានតាមការគ្រោងទុកផងដែរ។

ទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែបន្តប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធខាងក្នុងប្រទេសមួយចំនួន ដូចជាភាពប្រកួតប្រជែងនៅមានកម្រិត និងល្បឿនទាបនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងការបន្តពឹងផ្អែកខ្លាំងលើតម្រូវការខាងក្រៅ។

សម្រាប់ស្ថានភាពអតិផរណាវិញ អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំ ត្រូវបានរំពឹងថា នឹងរក្សាបានក្នុងរង្វង់២,៥%នៅឆ្នាំ២០២៤ ដោយសារការរំពឹងទុកនូវការវិលត្រលប់ទៅរកប្រក្រតីភាពវិញ នៃថ្លៃប្រេងអន្តរជាតិ។

ជាមួយគ្នានេះ អត្រាប្តូរប្រាក់ត្រូវបានរំពឹងថា នឹងនៅបន្តមានស្ថិរភាពក្នុងរង្វង់៤០៦៥រៀលក្នុងមួយដុល្លារអាម៉េ​រិកក្នុងឆ្នាំ២០២៤ ដោយសារការបន្តអនុវត្តវិធានការលើកកម្ពស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងការបន្តពង្រឹងគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ៕

None



អត្ថបទបន្ទាប់


មេផ្សារហ៊ុនរំពឹងគណនីជួញដូរកើនដល់៥ម៉ឺនគណនីត្រឹមឆ្នាំ២០២៣ ខណៈបច្ចុប្បន្នកម្ពុជាកំពុងសិក្សាបង្កើតទីផ្សារបណ្ណឥណទាន

បើទោះបីស្ថានភាពជួញដូរភាគហ៊ុនកម្ពុជា នៅក្នុងឆ្នាំ២០២៣ ហាក់បង្ហាញទំនោរធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំ២០២២ ក៏ពិតមែន តែថ្នាក់ដឹកនាំផ្សារមូលប…

បុរី មេគង្គ លែន ប្រកាសបើកលក់ វីឡា កូនកាត់ប្រភេទ ថ្មី ដែលមានតម្លៃក្រោម 𝟏𝟎 ម៉ឺនដុល្លារ

កាន់តែអស្ចារ្យ និង ពិសេសជាងមុនសម្រាប់អតិថិជនទាំងអស់នៃបុរី មេគង្គ លែន ដែលពេលថ្មីៗ នេះ បុរី បានបើកលក់នូវ វីឡាកូនកាត់មួយប្រភេទទៀត គឺ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ