វិស័យទេសចរណ៍

ក្រុមអ្នកជំនាញស្នើឱ្យរាជរដ្ឋាភិបាលជួយសង្គ្រោះអាជីវកម្មក្នុងវិស័យទេសចរណ៍


ស្របពេលវិស័យទេសចរណ៍កម្ពុជា មិនទាន់មានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ ក្រុមអ្នកជំនាញក្នុងវិស័យនេះយល់ឃើញថា អាជីវកម្មទេសចរណ៍ក្នុងស្រុកចាំបាច់ត្រូវការ ការសង្រ្គោះបន្ទាន់ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យវិស័យនេះអាចងើបឡើងវិញ ខណៈបច្ចុប្បន្នចរន្តលំហូរភ្ញៀវទេសចរបរទេស និងការរីកចម្រើននៃវិស័យនេះ នៅមានកម្រិតនៅឡើយ។
វិស័យទេសចរណ៍
ដោយ

ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ កត់សម្គាល់ឃើញថា រហូតមកទល់ពេលនេះស្ថានភាពវិស័យទេសចរណ៍កម្ពុជា មិនទាន់បង្ហាញសញ្ញាណវិជ្ជមានខ្លាំងនៅឡើយទេ ជាពិសេសភ្ញៀវទេសចរជនជាតិចិន ដែលចូលមកកម្សាន្តនៅកម្ពុជា នៅមានកម្រិតនៅឡើយ ដែលបញ្ហានេះនៅតែធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មទេសចរណ៍ក្នុងស្រុក។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា កត់សម្គាល់ឃើញថា បើទោះបីកន្លងមក រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការស្ដារឡើងវិញនូវវិស័យទេសចរណ៍ នៅអំឡុងនិងក្រោយវិបត្តិកូវីដ-១៩ ជាបន្តបន្ទាប់ ក៏ពិតមែន ប៉ុន្តែវិស័យនេះហាក់មិនទាន់អាចងើបផុតពីវិបត្តិនៅឡើយ។

សម្រាប់អ្នកជំនាញរូបនេះ បច្ចុប្បន្នអាជីវកម្មក្នុងវិស័យទេសចរណ៍កំពុងត្រូវការការសង្គ្រាះបន្ទាន់ពីរាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការស្ដារវិស័យទេសចរណ៍ និងអាជីវកម្មទេសចរណ៍ឲ្យងើបឡើងវិញ។

យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះរំពឹងថា តាមរយៈវេទិការាជរដ្ឋាភិបាលជាមួយផ្នែកឯកជន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ នឹងជួយ​ដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យទេសចរណ៍នៅកម្ពុជា ឱ្យមានភាពល្អប្រសើរបន្ថែមទៀត។

ជុំវិញបញ្ហានេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា រំពឹងថា តាមរយៈវេទិកាជំនួបរវាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជននៅអំឡុងខែវិច្ឆិកា ខាងមុខ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងផ្ដល់នូវដំណោះស្រាយជាវិជ្ជមានបន្ថែមក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលវិស័យទេសចរណ៍កំពុងជួបប្រទះ ខណៈកន្លងមកប្រមុខរាជរដ្ឋាភិបាល បានគិតគូយ៉ាងខ្លាំងក្នុងសកម្មភាពស្ដារវិស័យទេសចរណ៍នៅកម្ពុជា។

បើតាមអ្នកជំនាញរូបនេះ ក្រសួងទេសចរណ៍រួមជាមួយវិស័យឯកជនបានត្រៀមលើកយកបញ្ហាប្រឈមចំនួន១៩ចំណុច ដើម្បីលើកជាសំណើរសុំការដោះស្រាយពីរាជរដ្ឋាភិបាលកម្ពុជា។ លោក ធួន ស៊ីណាន អះអាងថា បញ្ហាប្រឈមទាំង១៩ចំណុចនោះ សុទ្ធតែមានសារសំខាន់សម្រាប់ការចូលរួមស្ដារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។

បច្ចុប្បន្នក្រសួងទេសចរណ៍ កំពុងធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ ជាពិសេសតាមរយៈការខិតខំផ្សព្វផ្សាយអំពីសក្តានុពលនៃគោលដៅទេសចរណ៍កម្ពុជា ដែលជាគោលដៅមានសុវត្ថិភាព និងភាពកក់ក្តៅ។ លើសពីនេះ កម្ពុជាមានក្ដីរំពឹងថា តាមរយៈការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នឹងធ្វើឲ្យកម្ពុជាកាន់តែទទួលបានភ្ញៀវទេសចរបរទេសកាន់តែច្រើនសម្រាប់ចុងឆ្នាំ២០២៣នេះ ដែលជាផ្នែកមួយជួយឲ្យវិស័យទេសចរណ៍កម្ពុជា កាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា នៅ៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណ ៣,៥លាននាក់ កើនឡើង២៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ និងមានការថយចុះជិត២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ តាមការរំពឹងទុក កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់ប្រមាណ ៤លាន៥សែននាក់ ទៅ៥លាននាក់សម្រាប់ពេញមួយឆ្នាំ២០២៣នេះ ក្នុងនោះរំពឹងទទួលបានភ្ញៀវទេសចរចិន ប្រមាណ៦០ម៉ឺននាក់ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបង្ហាញគន្លឹះអភិវឌ្ឍន៍អាជីវកម្មដល់យុវជន

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្មយុវជនគួរផ្តើមចេញពីការស្វែងរកឱកាស និងចាប់យកនូវកាលានុវត្…

ក្រុមហ៊ុនធានារ៉ាប់រង Forte បង្ហាញមហិច្ឆតាហក់ចូលផ្សារភាគហ៊ុន ដើម្បីពង្រីកវិសាលភាពវិនិយោគ

ព័ត៌មាន
ក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte បានបង្ហាញមហិច្ឆតាចង់ហក់ចូលផ្សារមូលបត្រកម្ពុជាជាលើកដំបូងនាពេលខាងមុខ ដើម្បីកៀរគរទុនវិនិយោគសម្រាប់ពង្រី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ