ក្រោយបទឧទ្ទេសនាមដោយតំណាងពីគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងកិច្ចពិភាក្សាយ៉ាងផុលផុស, ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ ក៏បានវាយតម្លៃខ្ពស់លើសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ និងវឌ្ឍនភាពសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ព្រមទាំងបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ បន្ដចូលរួមអនុវត្តផែនការការងារដែលបានដាក់ចេញក្នុងឆ្នាំ២០២៦ ឱ្យបានសម្រេចតាមគោលដៅ ប្រកបដោយស្មារតីជាម្ចាស់ ស្មោះត្រង់ និងបុរេសកម្មខ្ពស់ សំដៅធានាចូលរួមបង្កើនចំណូលជូនជាតិ តាមរយៈវិស័យល្បែងពាណិជ្ជកម្ម ខណៈធានារក្សាឱ្យបាននូវសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងកាត់បន្ថយឱ្យដល់កម្រិតអប្បរមានូវផលប៉ះពាល់ពីល្បែងនៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ក៏បានផ្តល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមអនុវត្តបទបញ្ជាលេខ០១ បប របស់រាជរដ្ឋា-ភិបាលកម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាបាននូវប្រសិទ្ធភាពការងារឱ្យស្របតាមទិសដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដោយមិនឱ្យមានសកម្មភាពការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយកើតមានឡើង នៅក្នុងបរិវេណកាស៊ីណូដែលទទួលបានអាជ្ញាបណ្ណពី គ.ល.ក. ជាដាច់ខាត។ ក្នុងស្មារតីនេះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានដាក់ចេញនូវអនុសាសន៍ឱ្យក្រុមការងារនៃអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមបណ្ដាកាស៊ីណូនៅគ្រប់គោលដៅទាំងអស់ ឱ្យបានរួចរាល់ក្នុងអំឡុងសប្ដាហ៍ទី២ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ដើម្បីធានាកុំឱ្យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងបរិវេណកាស៊ីណូ ដែលជាដែនសមត្ថកិច្ចរបស់ គ.ល.ក.។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ក៏បានគូសបញ្ជាក់បន្ថែមដែរថា ការចុះត្រួតពិនិត្យចាំបាច់ត្រូវអនុវត្តជាប្រចាំ និងយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីរួមចំណែកឱ្យបានជាអតិបរមា ក្នុងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល តាមរយៈបទបញ្ជា ០១ បប។
មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានផ្ដល់អនុសាសន៍ឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ពាក់ព័ន្ធទាំងអស់ ត្រៀមខ្លួនរួចរាល់គ្រប់ពេល ដើម្បីផ្ដល់កិច្ចសហការប្រកបដោយបុរេសកម្ម និងសកម្ម ដល់គ្រប់អង្គភាព ឬអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។