ទីក្រុងឆ្លាតវៃ -Smart City

អ្នកជំនាញ៖ វិស័យស្ថាបត្យកម្ម និងសំណង់ ជាចលករដ៏សំខាន់ ដើម្បី​ឈានទៅអភិវឌ្ឍទីក្រុងឆ្លាតវៃ នាអនាគត


មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអ្នកជំនាញផ្នែកស្ថាបត្យកម្ម និងសំណង់ ជាច្រើន សុទ្ធតែបានអះអាងថា វិស័យស្ថាបត្យកម្ម និងសំណង់ គឺជាការចូលរួមយ៉ាងសំខាន់មួយ ក្នុងការឈានទៅរកការអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) នៅកម្ពុជា នាពេលអនាគត ខណៈដែលកន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានប្រកាសលើកឡើងពីចក្ខុវិស័យរបស់ខ្លួន ក្នុងការឈានទៅបង្កើតទីក្រុងឆ្លាតវៃនេះផងដែរ។
រូបភាពតំណាងបង្ហាញពីទម្រង់ទាក់ទងគ្នានៃទីក្រុងឆ្លាតវៃ Smart City (http://www.kmeta.bg)
ដោយ

ថ្លែង នៅក្នុងពិព័រណ៍ ស្ថាបត្យកម្មកម្ពុជា និងការតុប​តែងផ្ទៃ​ខាងក្នុង លើកទី៣ កាលពីពេលថ្មីៗនេះ ឯកឧត្តម ភឿង សោភ័ណ្ឌ រដ្ឋលេខា​ធិកាក្រសួង​រៀប​ចំដែនដី នគរូប​នីយកម្ម និងសំណង់ បានលើកឡើងថា ការឈាន​ទៅរកការ​អភិវឌ្ឍន៍​ទីក្រុង​ឆ្លាតវៃ ដែលស្រប​ទៅនឹង​ចក្ខុវិស័យ​អនាគត​របស់​រាជរដ្ឋា​ភិបាលនេះ គឺជារឿង​មួយដែល​ត្រូវមាន​ការចូលរួម​ពីក្រសួង​ពាក់ព័ន្ធ និងវិស័យ​ឯកជន ពិសេស គឺវិស័យ​ស្ថាបត្យកម្ម និងសំណង់​តែម្ដង ដែលចលករ​មួយ ក្នុងការ​កសាង​ទីក្រុង​មួយ ទៅរក​ការ​រស់នៅប្រកប​ដោយ​ភាព​ឆ្លាតវៃ ពោលគឺ​ការរស់​នៅដែល​មានប្រើប្រាស់​បច្ចេកវិទ្យា​ភាគច្រើន សម្រាប់​ជា​មធ្យោបាយ​ក្នុងការ​បញ្ជា តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម។

បើតាម ឯកឧត្តម ភឿង សោភ័ណ្ឌ ដើម្បីឈាន​ទៅរក​ការអភិវឌ្ឍ​ដូចបែប​នេះបាន គឺត្រូវ​មានការ​រៀបចំហេដ្ឋា​រចនា​សម្ព័ន្ធ​ទីក្រុង​តាំងពី​ក្រោម​ដល់លើ ហើយបច្ចុប្បន្ន កម្ពុជា​​ក៏បាន​​និងកំពុង​​សិក្សា​​គំរូ Smart City ពីប្រទេស​សិង្ហបុរី សម្រាប់​យកមក​អភិវឌ្ឍ​នៅកម្ពុជា​ផងដែរ។

លោក ស៊ិន សុជាតិ ប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា បានលើក​ឡើងដែរ​ថា ទីក្រុងឆ្លាតវៃ គឺការអភិវឌ្ឍមួយ ដែលត្រូវ​គិតគូរ​ស៊ីជម្រៅ និងរៀបចំ​យ៉ាងល្អិត​ល្អន់​បំផុត តាំងពី​ហេដ្ឋរចនា​សម្ព័ន្ធ ការបន្ថែមនៅបរិស្ថានបៃតង និងការសាងសង់អគារ ដែលវាដូចទៅនឹង​សារពាង្គកាយ​របស់​មនុស្សដែរ។ តួយ៉ាង ផ្លូវថ្នល់ ប្រៀបបាននឹងសរសៃ​ឈាម ខណៈដែល​សំណង់​អគារនានា​ គឺប្រៀបបាន​នឹងសាច់ដុំសំខាន់​ៗ។ ដូច្នេះ ចាំបាច់​ត្រូវតែមានដំណើរការ​មួយរលូន និង​ទៅទាំងព្រមតែម្ដង​។

បើតាមស្ថាបត្យករ​រូបនេះ បច្ចុប្បន្ន​​​ប្រទេស ដែលមាន​​ទីក្រុង​ឆ្លាតវៃ ឬ Smart City នេះ គឺមិន​មានច្រើន​នោះដែរ ពោលគឺនៅ​ត្រឹមឆ្នាំ​២០២៥ ទីក្រុង​ដែលជា Smart City មាន​ប្រមាណ​តែជាង ៨០ទីក្រុងប៉ុណ្ណោះ នៅទូទាំង​ពិភពលោក។ 

លោក ស៊ិន សុជាតិ បានគូស​បញ្ជាក់ដែរ​​ថា បច្ចុប្បន្ន កម្ពុជា ក៏បា​ននិងកំពុង​ចាប់ផ្ដើម​មានការវិឌ្ឍ​ខ្លួនបន្តិច​ម្ដងៗ​ផងដែរ ទៅរក​ការ​អភិវឌ្ឍ Smart City នេះ ទោះបីជា​មិនទាន់មានក៏កើតឡើង​ជា​ដុំ​កំភួន​ក៏ដោយ​។​ តួយ៉ាង បច្ចុប្បន្ន ការប្រើប្រាស់​មធ្យោបាយ​មួយចំនួន សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ បានផ្ដល់នូវភាពកាន់​តែងាយ​ស្រួល និងទំនើប​ជាងមុន​ផងដែរ ដូចជា​ការ​ធ្វើកក់សេវា​ធ្វើ​ដំណើរ​តាមតាក់ស៊ី​ដោយប្រើកម្មវិធី​ទូរស័ព្ទដៃ ប្រព័ន្ធបិទបើកភ្លើង​នៅអគារ​ដោយស្វ័យប្រវត្តិ និងប្រព័ន្ធ​ការពារ​សុវត្តិភាព​ដោយស្វ័យប្រវត្តិ​ជាដើម។ល។ 

ទាំងអស់នេះ ត្រូវ​បាន​លោក​ ស៊ិន សុជាតិ​ អះអាងថា​ គឺជា​ផ្នែកនៃ​ការរស់នៅក្នុង​ភាព​ឆ្លាតវៃ ឬការរស់នៅ​ក្នុង​អគារឆ្លាតវៃ ដែលវា​គឺជា​ចំណែកមួយ​នៃ​ការអភិវឌ្ឍ​ទីក្រុង​ឆ្លាតវៃ។ ​

ទោះបីជា​ រាជរដ្ឋាភិបាល​ ក៏ដូចជាអ្នកជំនាញ បង្ហាញពី​មហិច្ឆតាដ៏សម្បើម​​របស់រាជរដ្ឋាភិបាល​ក្នុងការ​ឈាន ទៅក៏សាង​ទីក្រុង​ឆ្លាតវៃ​ ក៏ដោយ ប៉ុន្ដែ​ បើតាម​ក្រុមអ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ និងអ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន ធ្លាប់បានលើកឡើង​ដែរថា បច្ចុប្បន្ន បញ្ហាកង្វះប្លង់មេ ឬប្លង់​គោល​​សម្រាប់ការ​អភិវឌ្ឍទីក្រុង ពីសំណាក់​រាជរដ្ឋាភិបាល នៅតែ​ជាកត្តា​ប្រឈមមួយ​ សម្រាប់ពួកគេ​ក្នុងការ​អភិវឌ្ឍ​សំណង់ ពិសេស​លំនៅដ្ឋាន​ប្រកបដោយ​ចីរភាព។ ហើយក្រុម​អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​ទាំងនោះ សង្ឃឹមថា រាជរដ្ឋា​ភិបាល និងបញ្ចេញ​នូវប្លង់​គោលអភិវឌ្ឍន៍​ទីក្រុង នាពេលឆាប់ៗនេះ។ 

សូមជម្រាបថា រយៈពេល​៣ខែ ដើមឆ្នាំ ២០១៨នេះ ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​បាន​បន្ត​​ផ្តល់​លិ​ខិត​​អនុញ្ញាត​សាងសង់​​ដល់អ្នក​វិនិយោគ និងប្រជាពល​រដ្ឋសរុប ប្រមាណ ៨៧៩  គម្រោង  ជាមួយនឹង​ទុន​វិនិយោគ ៥០០លាន​​ដុល្លារ​ ក្នុងនោះ​ នៅរាជធានី​ភ្នំពេញមាន ៥៥ គម្រោង ជាមួយទុន​វិនិយោគ ៣៧៦ លានដុល្លារ និងនៅ​តាមបណ្តា​ខេត្ត​មានគម្រោង​សរុប ៨២៤ គម្រោង ជាមួយទុន ១២៩ លានដុល្លារ​អាមេរិក។ ចំនួននេះ ត្រូវ​បានមន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់​ចាត់ទុកថា មានលំនឹង​ល្អបើធៀប​នឹងឆ្នាំ ២០១៧៕

None



អត្ថបទបន្ទាប់


ការនាំចេញអង្ករ ៤ខែ ឆ្នាំ២០១៨ សម្រេចបានជាង ១៩ម៉ឺនតោន

គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំនេះ បរិមាណនាំចេញអង្កររបស់កម្ពុជា សម្រេចបានប្រមាណជាង ១៩ម៉ឺនតោន ទៅកាន់ទីផ្សារទិសដៅ ចំនួន៥៤ ប្រទេស ក្នុង…

ទំនប់វារីអគ្គិសនី សេសានក្រោម២ គ្រោងបើកដំណើរការទាំងស្រុងនៅ ខែតុលា ឆ្នាំ២០១៨

ទំនប់រារីអគ្គិសនី សេសានក្រោម២ ដែល​ត្រូវ​បានគេ​ដឹងថា មានសមត្ថភាពផលិតថាមពលអគ្គិសនីធំជាងជាងគេបំផុតមួយនៅកម្ពុជានោះ ត្រៀមនឹងបើកដំណើរការទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ