![ទិដ្ឋភាពទឹកជន់លិចផ្លូវក្នុងទីក្រុងបាងកក នៅពេលធ្លាក់ភ្លៀងខ្លាំង។](https://cdn.cambonomist.com/media/images/flooded-bangkok-nation.2e16d0ba.fill-960x540.jpg)
ថ្លែងនៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា កាលពីពេលថ្មីៗនេះ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានលើកឡើងថា អ្នកសាងសង់បុរីលំនៅដ្ឋានមួយចំនួនតែងតែប្រឈមនឹងបញ្ហា ក្នុងការដោះស្រាយប្រព័ន្ធលូបង្ហូរទឹក និងភ្លើង ដោយខ្លួនឯង ខណៈដែលការអភិវឌ្ឍហាក់មិនទាន់មានបទដ្ឋានច្បាស់លាស់ ដែលធានាបាននូវចីរភាពនៅឡើយ។ ដោយសារអ្វី? គឺដោយសារតែ ប្លង់មេនៃការអភិវឌ្ឍទីក្រុង ពិសេសនៅតាមតំបន់ជាយៗរាជធានីភ្នំពេញ នៅមិនទាន់មានច្បាស់លាស់នៅឡើយទេ។
លោកឧកញ៉ា សៀ ឫទ្ធី ក៏បានសំណូមពរដល់ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន គឺលោកឧកញ៉ លី ហួរ ឲ្យធ្វើយ៉ាងណា បង្កើតជាសំឡេងរួមជាមូលដ្ឋានមួយជាមួយសមាជិកទាំងអស់ ដើម្បីធ្វើការពិភាក្សា ក៏ដូចជាស្នើដល់រាជរដ្ឋាភិបាលទាក់ទងនឹងបញ្ហានេះ។
![លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group។ រូបថត៖ ហេង ភារម្យ](https://cdn.cambonomist.com/media/images/sear-rithy-16-11-17.2e16d0ba.fill-960x540.jpg)
ឆ្លើយតបភ្លាមៗនោះ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានគូសបញ្ជាក់ថា បើពិនិត្យឲ្យដិតដល់មែនទែនទៅ ឃើញថា វិស័យឯកជន ពិសេស គឺសន្ទុះនៃការរីកចម្រើននៃវិស័យសំណង់អភិវឌ្ឍន៍លំនៅដ្ឋាននេះ ហាក់បីដូចជាកំពុងដើរមុនរាជរដ្ឋាភិបាលមួយជំហានហើយ ខណៈដែលប្លង់មេដែលចេញពីរាជរដ្ឋាភិបាល សម្រាប់គ្រប់គ្រងការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យនេះ ដូចជាប្រព័ន្ធលូបង្ហូរទឹកជាដើមនោះ នៅមិនមានដាក់ចេញសម្រាប់អ្នកអភិវឌ្ឍន៍យកទៅអនុវត្តជាផ្លូវការនៅឡើយទេ។
លោកឧកញ៉ា បន្ថែមថា ខាងសមាគមនឹងរៀបចំវេទិកាពិភាក្សាជាមួយនឹងអាជ្ញាធរពាក់ព័ន្ធបន្ថែមទៀតលើបញ្ហានេះ ខណៈដែលកន្លងមកខាងសមាគម និងរាជរដ្ឋាភិបាលក៏ធ្លាប់បានពិភាក្សា និងដោះស្រាយបានបញ្ហាខ្លះៗជាបណ្ដើរៗផងដែរ។
យ៉ាងណាក៏ដោយចុះ លោកឧកញ៉ា លី ហួរ បានគូសបញ្ជាក់ថា ការអភិវឌ្ឍនៅតំបន់ជាយៗរាជធានីមួយចំនួន ដូចជាតាមបណ្ដោយផ្លូវជាតិសំខាន់ នៅមិនទាន់មានប្រព័ន្ធប្លង់មេសម្រាប់បង្ហូរលូទឹកឲ្យបានច្បាស់លាស់នៅឡើយទេ ដែលវានៅតែជាក្ដីកង្វល់មួយសម្រាប់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន។
![លោកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីហួរ គ្រុប](https://cdn.cambonomist.com/media/images/lyhour-2.2e16d0ba.fill-960x540.jpg)
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានលើកឡើងដែរថា ប្លង់មេក្នុងការអភិវឌ្ឍនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់អ្នកអភិវឌ្ឍន៍ យកជាគំរូ ឬក្បួនខ្នាតមួយក្នុងការអភិវឌ្ឍ ដើម្បីបញ្ជៀសនូវផលប៉ះពាល់អវិជ្ជមាននាពេលអនាគត។ លើសពីនេះ វាមិនត្រឹមតែធ្វើឲ្យការអភិវឌ្ឍកាន់តែមានចីរភាពប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជាផ្នែកមួយលើកកម្ពស់សេចក្ដីថ្លៃថ្នូរនៃការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
ឧកញ៉ា ដែលមានបទពិសោធន៍ជាង២ទសវត្សរ៍ក្នុងវិស័យអចលនទ្រព្យ រូបនេះ បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានចំណាយថវិកាជាច្រើនក្នុងការដោះស្រាយបញ្ហាដែលកើតឡើងដោយសារតែការអភិវឌ្ឍលំនៅដ្ឋានមួយចំនួនខុសស្ដង់ដារ និងគ្មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់។
ទោះយ៉ាងណា លោក ឧកញ៉ា ចេង ខេង សំណូមពរឲ្យរាជរដ្ឋាភិបាលគួរតែមានរៀបចំប្លង់មេនេះឲ្យបានរួចរាល់ ហើយលោកជឿថា ការចំណាយលើការរៀបចំនេះ ក៏មិនតម្រូវចាយវាយថវិកាជាតិច្រើននោះដែរ។
![លោកឧកញ៉ា ចេង ខេង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL។](https://cdn.cambonomist.com/media/images/cheng-kheng-new.2e16d0ba.fill-960x540.jpg)
សូមជម្រាបថា ឧស្សាហកម្មសំណង់បានចូលរួមចំណែករហូតដល់ជាង២០% នៃកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា និងបង្កើតការងារដោយផ្ទាល់ និងប្រយោលជាច្រើនដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ បើតាមការគូសបញ្ជាក់ពី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា តម្រូវការលំនៅដ្ឋានសម្រាប់អ្នកនៅរស់នៅទីក្រុង និងទីប្រជុំជនមានជាងប្រមាណ១ម៉ឺនខ្នងក្នុងមួយឆ្នាំៗ ដែលចំនួននេះ ស្មើនឹងប្រមាណតែជាង១០%ប៉ុណ្ណោះ នៃតម្រូវការលំនៅដ្ឋានសរុបនៅទូទាំងប្រទេស៕