លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជាបានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា អាចនឹងមានការកែប្រែខ្លឹមសារ និងបន្ថែមនូវមាត្រាមួយចំនួនផងដែរ។ អ្នកជំនាញរូបនេះជឿជាក់ថា ក្រោយច្បាប់នេះត្រូវបានកែប្រែ វានឹងធ្វើឲ្យលក្ខខណ្ឌវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ដែលអាចជួយបង្កើនភាពប្រកួតប្រជែងកាន់តែខ្ពស់សម្រាប់កម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
សម្រាប់លោកបណ្ឌិត ហុង វណ្ណៈ ប្រសិនប្រទេសកម្ពុជាមិនធ្វើពិពិធកម្មច្បាប់ឲ្យឆ្លើយតបទៅនឹងសម័យកាលនៃការវិនិយោគទេនោះ កម្ពុជានឹងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាបណ្តាប្រទេសផ្សេងៗ ដើម្បីទាក់ទាញអ្នកវិនិយោគឡើយ។ លោកអះអាងថា មិនមែនមានតែកម្ពុជានោះទេ ដែលធ្វើបែបនេះ សូម្បីប្រទេសធំៗនៅក្នុងតំបន់ និងលើពិភពលោកក៏មានការកែប្រែដូចកម្ពុជាដែរ។
តាមការអះអាងរបស់ឯកឧត្តម សុខ ចិន្ដាសោភា នាពេលកន្លងមកបានឲ្យដឹងថា ច្បាប់វិនិយោគថ្មីនេះ នឹងមានការផ្ដល់ការលើកទឹកចិត្តកាន់តែច្រើនជាងមុន ចំពោះវិនិយោគិន ដែលវានឹងជំរុញឲ្យកម្ពុជាកាន់តែមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគ។
បើគ្មានការប្រែប្រួលទេសេចក្តីព្រាងច្បាប់វិនិយោគថ្មីនេះ នឹងត្រូវដាក់ឲ្យពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ក្រោមវត្តមានសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាមាន៨ជំពូក និង២៦មាត្រា៕