សាជីវកម្ម​ទទួលខុសត្រូវសង្គម (CSR)

ឯកឧត្តម សុខ ចិន្ដាសោភា៖ ច្បាប់វិនិយោគថ្មី នឹងមានការលើកទឹកចិត្តដល់ក្រុមហ៊ុន ដែលគិតគូរពីទំនួលខុសត្រូវសង្គម


រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិងកំពុងរៀបចំបញ្ចប់នូវសេចក្ដីព្រាងច្បាប់វិនិយោគថ្មីៗ ក៏ដូចជាច្បាប់តំបន់សេដ្ឋកិច្ចពិសេស ដែលក្នុងនោះ ក៏នឹងមានការលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគទាំងឡាយណា ដែលមានការគិតគូរ និងអនុវត្តនូវកាតព្វកិច្ចដោយយកចិត្តទុកដាក់ចំពោះទំនួលខុសត្រូវសង្គម និងបរិស្ថាន។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្តម សុខ ចិន្ដាសោភា៖ ច្បាប់វិនិយោគថ្មី នឹងមានការលើកទឹកចិត្តដល់ក្រុមហ៊ុន ដែលគិតគូរពីទំនួលខុសត្រូវសង្គម

ថ្លែង​នៅក្នុង​ សន្និសីទ​ស្តីពី​ការប្រកួតប្រជែង និង​ការប្រកាស​ពានរង្វាន់​សាជីវកម្ម​ទទួលខុសត្រូវ​ផ្នែក​សង្គម (CSR) ឆ្នាំ​២០១៩ ដែលរៀបចំឡើង​ដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា​នាពេលថ្មីៗនេះ ឯកឧត្តម សុខ ចិន្ដាសោភា ​អគ្គលេខាធិការ​​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ការចូលរួម​សកម្មភាព​ទំនួលខុសត្រូវសង្គមនេះ គឺជាការគិតគូរយូរអង្វែង​របស់ក្រុមហ៊ុន ហើយវា​​ទាមទារ​ឲ្យមាន​ការយកចិត្ត​ទុកដាក់​លើ ៣ចំណុចធំៗ គឺទី១ យកចិត្តទុកដាក់​ចំពោះ​បរិស្ថាន យកចិត្ដដាក់​ចំពោះ​បុគ្គលិក និង យកចិត្តទុកដាក់​ចំពោះកិច្ចការសង្គម។  ​

បើតាម ឯកឧត្តម សុខ ចិន្ដា​សោភា ​ បាន​ឲ្យដឹងថា ពាក្យថា ទំនួលខុសត្រូវសង្គម (CSR) នេះ គឺ​សំដៅ​ដល់​ម្ចាស់សហគ្រាស​ ដែលស្មគ្រចិត្ដ​បំពេញកាត្វកិច្ចល្អ លើសពី​អ្វីដែលច្បាប់​ប្រទេស​កំណត់ទៅទៀត ពោលគឺមិនមែនរកស៊ី​ដើម្បីតែចំណេញមួយមុខនោះទេ តែ​ក៏មានការទទួលខុសត្រូវខ្ពស់​ចំពោះ​សង្គម និងបរិស្ថានផងដែរ។ 

ឯកឧត្តម​ សុខ ចិន្ដាសោភា​បាន លើកឧទាហរណ៍ជាក់ស្ដែងថា មានក្រុមហ៊ុន​ទេសចរណ៍មួយ មានគោលការណ៍ល្អ ដោយមិនប្រើប្រាស់​ថង់ផ្លាស្ទិកនោះឡើយ ដើម្បីដល់​ការពារបរិស្ថាន។ ហើយសូម្បីតែ ទឹកសុទ្ធ​ដែល​បុគ្គលិក​មគ្គុសទេស​ទេសចរណ៍ក្រុមហ៊ុន​នោះ​ទទួលទាន ក៏មិនប្រើ​ដបផ្លាស្ទិកទៀត។ ទាំងនោះ គឺជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់​ចំពោះបរិស្ថាន ដែលត្រូវទទួលបានការលើកទឹកចិត្ត​​ពីសំណាក់​រាជរដ្ឋាភិបាល។

ឯកឧត្តម សុខ ចិត្តសោភា​ បញ្ជាក់ទៀតថា «CSR ជាការគិតគូរយូរអង្វែង មិនមែនជាការចំណាយនោះទេ ហើយមែនទែនទៅវា ចំណេញជា​ង​អាការដែលអត់យកចិត្តទុកដាក់ឆ្ងាយណាស់»។ ឯកឧត្តម​បានលើកជាឧទាហរណ៍ ជាក់ស្ដែងមួយទៀតថា មានក្រុមហ៊ុន​តំបន់សេដ្ឋកិច្ចពិសេសមួយចំនួន បាន​គិតគូ​ពីសុខទុក្ខ​របស់កម្មករ ដូចជា​បានរៀបចំ​អាហារដ្ឋានដែលមានកម្រិតអនាម័យខ្ពស់ ដែល​វាគឺជាការ​ចូលរួមល្អ ទាំងច្បាប់​ប្រទេសយើង​មិនមាន​កំណត់នៅឡើយ តែក្រុមហ៊ុន​​បានធ្វើល្អលើសច្បាប់​កំណត់​ទៅទៀត។ នេះហើយ​ជាអ្វីដែល​ច្បាប់វិនិយោគថ្មី ត្រូវគិតគូរលើកទឹកចិត្តដល់​ក្រុមហ៊ុនទាំងនោះ។ នេះបើតាម​ការបញ្ជាក់​របស់​ឯកឧត្តម សុខចិន្ដា សោភា។  

ឯកឧត្តម គូសបញ្ជាកយ៉ាងដូច្នេះថា «ពីមុនច្បាប់វិនិយោគ​អត់បានផ្ដល់​ការលើកទឹកចិត្តទេ ប៉ុន្ដែ ច្បាប់ថ្មី​ ដែល CDC កំពុងរៀបចំនេះ នឹងលើកស្នើដល់រាជរដ្ឋាភិបាល​ផ្ដល់​ការ​លើកទឹកចិត្តដល់ក្រុមហ៊ុន​ដែលបាន​អនុវត្ត​ការងារ CSR នេះ»។  

ក្រៅពីនេះ ទាក់ទង​នឹង​វិស័យដឹកជញ្ជូនវិញ ក៏ត្រូវបាន​ CDC កំណត់​លើកជាសំណើ​សម្រាប់​រាជរដ្ឋាភិបាល​ក្នុងការ​សម្រេច​លើកទឹកចិត្តផងដែរ។

បើតាម​ឯកឧត្តម អគ្គលេខាធិការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា «មកដល់ពេលនេះ យើង​អត់ដែលបាន​លើកទឹកចិត្ត ដល់ក្រុមហ៊ុនដែលបានបរិច្ចាគគិតគូរដល់​ការដល់ជញ្ជូន​កម្មករ ចំណុចនេះ ច្បាប់អត់ដែលបានកំណត់សោះពីមុន។ ប៉ុន្ដែ ឃើញមានក្រុមហ៊ុនមួយចំនួន បានរៀបចំឡាន​ដឹកជញ្ជូន​កម្មករ​​ប្រកបដោយភាពថ្លៃថ្នូរ និងសុវត្ថិភាព ដែលទាំងនេះ វាក៏ស្ថិត​ក្នុងស្មារតី​របស់ CDC ក្នុងការ​លើកកម្ពស់​ជំរុញ ឲ្យក្រុមហ៊ុន​ឈានទៅដល់​ការ​អភិវឌ្ឍ​គោលការណ៍​ CSR បាន»។ 

ទោះយ៉ាងណា​ ឯកឧត្តម សុខ ចិន្តាសោភា​ មិនទាន់អាច​បញ្ជាក់​បាននៅឡើយទេ ថា​ខាងរាជរដ្ឋាភិបាល​នឹង​ផ្ដល់ការ​លើក​ទឹកចិត្ត​​បែបណាខ្លះ​ដល់​ក្រុមហ៊ុន ដែលបាន​គិតគូ​ពី​ទំនួលខុស​ត្រូវសង្គមនេះ​ ដោយសារតែ​​សេចក្ដីព្រាង​ច្បាប់នេះ កំពុង​ស្ថិត​នៅក្នុង​ការរៀបចំនៅឡើយ។

ក្រុមហ៊ុន ៥ ទទួលបាន ពានរង្វាន់​សាជីវកម្មទទួលខុសត្រូវសង្គម (CSR) ២០១៩

កាលពីពេលថ្មីៗនេះ ក្រោមការរៀបចំ របស់សភាពាណិជ្ជកម្ម  EuroCham កាលពីពេល​ថ្មីៗនេះ បានបង្កើតឲ្យមាន​ការប្រកួតប្រជែងផ្នែកសារជីវកម្ម​ទទួលខុសត្រូវសង្គម​ (CSR) ឆ្នាំ២០១៩។  

ក្នុងចំណោម​ក្រុមហ៊ុន ដាក់ពាក្យចូលរួមប្រកួត ចំនួន ១៧ និងមាន​អ្នកដាក់ពាក្យ​ចំនួន ២៥ គណៈកម្មការ​វាយតម្លៃ​ បានរកឃើញ​ក្រុមហ៊ុន​ចំនួន ៥ មកពីវិស័យ​ផ្សេងគ្នា ទទួលបានពាន​រង្វាន់ ​សារជីវកម្ម​ទទួលខុសត្រូ​វសង្គម (CSR) ពីសភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំកម្ពុជា។ ក្រុមហ៊ុនទាំង ៥នោះ រួមមាន៖

១, ក្រុមហ៊ុន Chip Mong Insee ទទួលបាន​ពានរង្វាន់​«Jury's Choice-all Categories»​

២, ក្រុមហ៊ុន Khmer Green Charcoal ទទួលបាន​ពានរង្វាន់ «SME Categories»​

៣, ក្រុមហ៊ុន Knai Bang Chatt ទទួល​ពានរង្វាន់ «Outstanding SME Categories»​

៤, ក្រុមហ៊ុន Kulara water  ទទួល​ពានរង្វាន់ «Large Categories»

៥, ក្រុមហ៊ុន Artisans Angkor ទទួល​ពានរង្វាន់ «Outstanding Large Achievement Categories»​។

លោក Blaise Kilian នាយក​ប្រតិបត្តិ EuroCham Cambodia បាន​ថ្លែងថា គោលបំណង​នៃការរៀបចំ​ឲ្យមានការ​ប្រកួតប្រជែង​​សាជីវកម្ម​ទទួលខុសត្រូវ​ផ្នែកសង្គម (CSR) នេះ គឺដើម្បីជាការលើស្ទួយដល់​ការទទួលខុសត្រូវ​ក្នុងសង្គម​ពីសំណាក់​ក្រុមហ៊ុន​ដែលជាវិស័យឯកជន។ លោកបន្ថែមទៀតថា នេះ ក៏ជាលើកទី១ហើយ ដែលសភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំកម្ពុជា​រៀបចំ​កម្មវិធីនេះឡើង ប៉ុន្ដែ កម្មវិធីនេះ ធ្លាប់បាន​រៀបចំ​ចំនួន​៣ដង​រួចមកហើយ​ ដោយ​សមាគម​ធុរជន​បារាំង។

បើតាម​លោក ហៃ ភិរម្យ ​ដែលជាគណៈកម្មការមួយរូប ក្នុងចំណោម​សមាសភាព​គណៈកម្មការ​ផ្សេងទៀត បានឲ្យដឹងថាដែរថា ក្រុមហ៊ុន​ដែល​ទទួលបាន​ពានរង្វាន់ ត្រូវបាន​ជ្រើសរើស ឆ្លងកាត់​ការវាយតម្លៃ​យ៉ាង​ល្អិតល្អន់​បំផុត ពី​សមាជិក​គណៈកម្មកា​រ​ពិសេស មាន​​ឯកឧត្តម សុខ ចិន្តា សោភា ​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ជា​សហប្រធាន​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អស់​តំណែង​ដោយសារ​«ខ្វះ​ការ​ទទួល​ខុស​ត្រូវ​និង​ភូតភរ» លោក ញឹម វណ្ណដា ឥឡូវ​ក្លាយ​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល

ព័ត៌មាន
រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​​ពី​អស់​តំណែង​ដោយសារ​តែ​«ខ្វះ​ការទទួល​ខុស​ត្រូវ​និង​ភូតភរ» ចំពោះ​ករណី​បាក់​អគារ​ចិន​នៅ​ខ…

ការនាំចេញរបស់ថៃ តាមរយៈ FTA និង GSP មានជាង ២៤ ពាន់លានដុល្លារ កើនឡើង ៥% នៅ៤ខែ ឆ្នាំ២០១៩

ព័ត៌មាន
នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០១៩នេះ ការនាំចេញរបស់ថៃ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Free Trade Agreement) និង តាមប្រព័ន្ធអនុគ្រោះពន្ធទូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ