ថ្មីៗ នេះសមាគមសហគ្រិនស្ត្រីកម្ពុជាបានចុះអនុស្សារណៈយោគយល់គ្នា(MOU)ជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់បរិយាបន្នផ្នែកហិរញ្ញវត្ថុ និងការយល់ដឹងលើការទទួលបានហិរញ្ញប្បទានរបស់សហគ្រិនជាស្ត្រី។
លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានស្នើឲ្យធនាគារ និង មីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយបែបបទ ឬ លក្ខខណ្ឌកម្ចីដល់សហគ្រិនជាស្ត្រី ដើម្បីឲ្យពួកគេមានលទ្ធភាពទទួលបានដើមទុនក្នុងការបើក និង ពង្រីកអាជីវកម្មក្នុងអំឡុងពេលវិបត្តិកូវីដ១៩ បាននឹងកំពុងបន្តអូសបន្លាយ និង ឆ្លងក្នុងសហគមន៍យ៉ាងខ្លាំង។ បន្ថែមពិលើនេះ សមាគមសហគ្រិនស្ត្រីកម្ពុជា ស្នើឲ្យស្ថាប័នហិរញ្ញវត្ថុដែលផ្ដល់កម្ចី ជួយបញ្ចុះអត្រាការប្រាក់ដល់សហគ្រិនជាស្ត្រី ដើម្បីជួយលើកកម្ពស់សមភាពយេនឌ័រ និង ស្ត្រីក្នុងវិស័យជំនួញ។
ប្រធានសមាគមរូបនេះសង្កេតឃើញថា កន្លងមកការយល់ដឹងផ្នែកគ្រប់គ្រង និងការធ្វើផែនការហិរញ្ញវត្ថុរបស់សហគ្រិនជាស្ត្រីមួយចំនួននៅមានកម្រិតនៅឡើយ ដែលធ្វើឲ្យពួកគេជួបការលំបាកក្នុងការទទួលបានកម្ចីពីវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីយកទៅបើកអាជីវកម្ម និងពង្រីកមុខរបរ។ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគ្រិនជាស្ត្រីក្នុងការទទួលបានហិរញ្ញប្បទាន សមាគមសហគ្រិនស្ត្រីកម្ពុជា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានចុះ MOU ជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ លោកជំទាវ កែវ មុំ រំពឹងថា តាមរយៈភាពជាដៃគូនេះនឹងផ្តល់ចំណេះផ្នែកហិរញ្ញវត្ថុថ្មីៗដល់សហគ្រិនជាស្ត្រី ដើម្បីយកទៅអនុវត្តក្នុងការដំណើរការអាជីវកម្ម និងពង្រីកមុខរបររបស់ពួកគេកាន់តែធំថែមទៀត។
ជាមួយគ្នានេះលោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាបានចាត់ទុកការចុះ MOU រវាងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមសហគ្រិនស្ត្រីកម្ពុជាជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុទៅវិញទៅមក ជាពិសេស លើកកម្ពស់ការយល់ដឹងលើការទទួលបានហិរញ្ញប្បទានរបស់សហគ្រិនស្ត្រី និងសហគ្រាសធុនតូច និងមធ្យមពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ជាមួយគ្នានេះដែរលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលស្តីទីនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងបី នឹងក្លាយជាចលករក្នុងការជួយជំរុញការអភិវឌ្ឍអាជីវកម្ម ដែលគ្រប់គ្រងដោយសហគ្រិនជាស្ត្រីឲ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ លោក បានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមអតិថិជនជិត២លាននាក់របស់វិស័យមីក្រូហិរញ្ញវត្ថុអតិថិជនភាគច្រើនលើសលុបជាស្ត្រី។ កត្តានេះបានបង្ហាញឲ្យឃើញថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចទាំងនៅទីក្រុង និងជនបទ៕