យ៉ាងណាក៏ដោយធនាគារជាតិនៃកម្ពុជាប្តេជ្ញានឹងបន្តអនុវត្តគោលនយោបាយរូបិយវត្ថុដោយប្រុងប្រយ័ត្ន និងត្រៀមដាក់ចេញនូវនយោបាយ និងវិធានការគាំទ្រចាំបាច់នានា ដើម្បីជួយគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជួយជំរុញកំណើន និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជាកាលពីពេលថ្មីៗនេះ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាអះអាងថា ទោះបីការដួលរំលំធនាគារធំៗមួយចំនួននៅសហរដ្ឋអាម៉េរិក និងអឺរ៉ុបបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានភាពមិនច្បាស់លាស់ក្តី តែប្រព័ន្ធធនាគារនៅកម្ពុជា នៅតែមានស្ថិរភាព និងរឹងមាំ។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះវាយតម្លៃថា ប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាក្នុងឆ្នាំ២០២៤ អាចនឹងបន្តប្រឈមនឹងហានិភ័យមួយចំនួនដូចជាភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងហានិភ័យខាងក្នុងមួយចំនួនដូចជា លំហូរទាបនៃការវិនិយោគបរទេសទៅកាន់វិស័យអចលនទ្រព្យ, ការចំណាយពីភ្ញៀវទេសចរនៅមានកម្រិត ការកើនឡើងនៃអត្រាឥណទានមិនដំណើរការ និងការកើនឡើងបំណុលនៃវិស័យឯកជនជាដើម អាចនឹងបន្តជះឥទ្ធិពលដល់វិស័យធនាគារនៅកម្ពុជា។
លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា កត់សម្គាល់ឃើញថា នាពេលថ្មីៗនេះ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាទទួលការចាប់អារម្មណ៍ និងបង្ហាញខ្លួនកាន់តែច្រើនឡើងនៅលើឆាកអន្តរជាតិ ដែលនេះឆ្លុះបញ្ចាំងពីវឌ្ឍនភាពជាវិជ្ជមានក្នុងវិស័យសំខាន់ផ្សេងៗ។ បើតាមលោកស្រី ម៉ារ អមរា កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា បានជួយទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិ និងការវិនិយោគដែលមានសក្តានុពល ព្រមទាំងក្របខ័ណ្ឌបទប្បញ្ញត្តិប្រកបដោយប្រសិទ្ធភាព ដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្តក្នុងចំណោមភាគីពាក់ព័ន្ធអន្តរជាតិ។
លើសពីនេះការទទួលយកការច្នៃប្រឌិតបែបឌីជីថលរបស់កម្ពុជា ដូចជាធនាគារឌីជីថល និងបច្ចេកវិទ្យា fintech បានដើរតួនាទីយ៉ាងសំខាន់ក្នុងទិដ្ឋភាពហិរញ្ញវត្ថុពិភពលោក ដែលវឌ្ឍនភាពរបស់វិស័យនេះ អាចនឹងដើរស្របតាមនិន្នាការ នៃការបង្កើនការរួមបញ្ចូលបច្ចេកវិទ្យា ការផ្តោតលើលទ្ធផលហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងការចូលរួមយ៉ាងសកម្ម នៅក្នុងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចក្នុងតំបន់ ភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហការជាសកលជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ នឹងរួមចំណែកបន្ថែមទៀតដល់ការរីកលូតលាស់ និងការអភិវឌ្ឍរបស់វិស័យនេះ។ សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់រូបនេះ វិស័យធនាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលមានបញ្ហាប្រឈមជាសកល និងវិបត្តិផ្សេងៗ។
ទោះបីកម្ពុជាអាចនឹងបន្តប្រឈមនឹងបញ្ហាមួយចំនួនក៏ពិតមែន តែសេដ្ឋកិច្ចកម្ពុជាត្រូវបានធនាគារជាតិនៃកម្ពុជាព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់៦,៤%នៅឆ្នាំ២០២៤ ដែលរួមចំណែកជាចម្បងដោយការបន្តកើនឡើងនៃវិស័យសេវាកម្ម វិស័យទេសចរណ៍ និងការងើបឡើងនៃវិស័យកម្មន្តសាល ស្របពេលដែលវិស័យកសិកម្ម សំណង់ និងអចលនទ្រព្យបន្តទទួលបានកំណើនទាប។ ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវការងារចម្បងៗមួយចំនួនរួមមាន លើកកម្ពស់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុ និងអត្រាប្ដូរប្រាក់, ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ, ការពង្រឹងការត្រួតពិនិត្យប្រព័ន្ធធនាគារ, ការអភិវឌ្ឍន៍ប្រព័ន្ធទូទាត់, ការគ្រប់គ្រងចរាចរណ៍សាច់ប្រាក់, ការពង្រឹងប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម, ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន, ការលើកកម្ពស់ហិរញ្ញប្បទានប្រកបដោយចីរភាព, ការលើកកម្ពស់ប្រតិបត្តិការសាខាធានាគារជាតិនៃកម្ពុជា, ការគ្រប់គ្រង និងបណ្ដុះបណ្ដាលធនធានមនុស្ស, ការលើកកម្ពស់មណ្ឌលសិក្សាបច្ចេកទេសធនាគារ និងកិច្ចការសំខាន់ៗមួយចំនួនទៀត៕