ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ប្រាប់ សារព័ត៌មានឌីជីថល ខេមបូណូមីស ថា ពាក់ព័ន្ធនឹងប្រទេសកូតឌឺវ័រ កាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់វៀតណាម និងឥណ្ឌា ដោយងាកមកនាំចេញត្រង់ទៅអាមេរិកវិញនេះ ប្រាកដណាស់វានឹងជំរុញឲ្យការនាំចេញស្វាយចន្ទីទៅកាន់ទីផ្សារវៀតណាមកាន់តែច្រើន ហើយនឹងអាចឈានទៅសម្រេចបានការនាំចេញ១លានតោនទៅតាមផែនការដែលបានគ្រោងទុក។
ជាមួយគ្នានេះដែរ លោក វ៉ា រុតសាន ម្ចាស់ចំការស្វាយចន្ទីនៅកំពង់ចាម កំពង់ធំ និង ជាអ្នកមានបទពិសោធន៍ជាង២ទសវត្សរ៍ ក្នុងការដាំដុះ និងស្រាវជ្រាវពូជស្វាយចន្ទីនៅកម្ពុជាផងនោះ បានប្រាប់ក្រុមការងារ ខេមបូណូមីស ដែរថា លោកបានតាមដានច្រើនជុំវិញព័ត៌មាននៅបណ្តាប្រទេសដែលមានការដាំដុះស្វាយចន្ទីដូចកម្ពុជា ដោយក្នុងនោះដែរ ប្រទេសកូដឌឹវ័រ ក៏មានការប្រកួតប្រជែងជាមួយកម្ពុជាដែរ ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីនេះ គ្រាន់តែគ្រាប់ស្វាយចន្ទីរបស់ប្រទេសកូតឌឺវ័រ មិនសូវល្អដូចគ្រាប់ស្វាយចន្ទីរបស់កម្ពុជានោះទេ។
លោក វ៉ា រុតសាន បន្ថែមថា ការកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីរបស់ប្រទេសកូតឌឹវ័រទៅកាន់វៀតណាម នោះវៀតណាមរឹតតែមានតម្រូវការគ្រាប់ស្វាយចន្ទី ពីកម្ពុជាកាន់តែច្រើនថែមទៀត។
ពាក់ព័ន្ធនឹងដំណឹងដែលថា ប្រទេសកូតឌឺវ័រនឹងកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាម និង ឥណ្ឌានេះដែរ ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានលើកឡើងយ៉ាងខ្លីថា គេមិនអាចវាយតម្លៃស្ថានការណ៍រួម ដោយគ្រាន់តែសំអាងទៅលើព័ត៌មានមួយនេះបានទេ។
សូមបញ្ជាក់ថា បើតាមអះអាងពីម្ចាស់ចម្ការស្វាយចន្ទី និង សមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា នៅឆ្នាំនេះ ទិន្នផលគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះ ដោយសារតែបញ្ហាអាកាសធាតុ។ ប៉ុន្តែបើក្រឡេកទៅមើលរបាយការណ៍ពីក្រសួងកសិកម្មវិញបានបង្ហាញថា ការនាំចេញគ្រាប់ស្វាយចន្ទីនៅក្នុងរយៈពេល៥ខែឆ្នាំ២០២១នេះ បែរជាមានកើនឡើងទៅវិញ ដោយសម្រេចបាន ៨០ ម៉ឺនតោន ខណៈដែលឆ្នាំ២០២០ មានចំនួនជាង៦០ម៉ឺនតោន។
ចំពោះការកើនឡើងនេះដែរ ត្រូវបានឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មពន្យល់ថា ថ្វីត្បិតតែ ទិន្នផលគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះដោយសារអាកាសធាតុមែន តែផ្ទៃដីដាំដុះមានកំណើនច្រើន។
សូមជម្រាបថា បើតាមសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្ន កម្ពុជាមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំៗចំនួនតែ៤ប៉ុណ្ណោះ ដោយរោងចក្រទាំង៤នេះមានសមត្ថភាពកៃច្នៃគ្រាប់ស្វាយចន្ទីបានត្រឹមតែប្រមាណ១០ម៉ឺនតោនប៉ុណ្ណោះក្នុងមួយឆ្នាំ ខណៈដែលទូទាំងប្រទេសអាចផលិតស្វាយចន្ទីបានលើសពី៦០ម៉ឺនតោន។ ដូចនេះ គ្រាប់ស្វាយចន្ទីប្រមាណជាង៥០ម៉ឺនតោនទៀត ត្រូវពឹងលើទីផ្សារវៀតណាមទាំងស្រុង ដែលជាហេតុធ្វើឲ្យឈ្មួញពីវៀតណាមអាចទម្លាក់តម្លៃទៅតាមចិត្តបាន៕