តម្លៃរថយន្តដំឡើងនៅកម្ពុជា

តើមានកត្តាអ្វីខ្លះធ្វើឲ្យតម្លៃរថយន្តដំឡើងនៅកម្ពុជា នៅតែថ្លៃជាងរថយន្តដំឡើងនៅប្រទេសក្បែរខាង?


យើងសង្កេតឃើញថានៅមួយឆ្នាំចុងក្រោយនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តលើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តថ្មីចំនួន៣ជាបន្តបន្ទាប់។ ជាក់ស្តែងក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្តម៉ាកហ្វតផ្តាច់មុខនៅកម្ពុជាកាលពីពេលថ្មីៗ ទើបសម្ពោធដាក់ឲ្យដំណើររោងចក្រផ្គុំនិងដំឡើងរថយន្តហ្វត ដែលមានតម្លៃជាង២០លានដុល្លារនៅខេត្តពោធិ៍សាត់។
សកម្មភាពតំឡើងរថយន្តនៅកម្ពុជា រូបភាព៖ HMN page

ប្រជាពលរដ្ឋ ពិសេស​អ្នក​និយម​ប្រើ​រថយន្ត​ម៉ាក​ហ្វ​ត​រំពឹង​ថា តាម​រយៈ​រោង​ច្រក​នេះ វា​នឹង​ជួយ​ធ្វើ​ឲ្យ​តម្លៃ​រថយន្ត​ហ្វ​ត​នៅ​កម្ពុជា​នឹង​អាច​មាន​តម្លៃ​កាន់តែ​សមរម្យ​ជាង​មុន​សម្រាប់​អ្នក​ប្រើប្រាស់​។ ពាក់ព័ន្ធ​បញ្ហា​នេះ​ថ្នាក់ដឹកនាំ RMA Cambodia បាន​គូសបញ្ជាក់​ថា តម្លៃ​រថយន្ត​ហ្វ​ត​ដែល​ដំឡើង​នៅ​កម្ពុជា​អាច​ធូរ​ថ្លៃ​ជាង ឬ​ប្រហាក់ប្រហែល​តម្លៃ​រថយន្ត​នាំ​ចូល គឺ​វា​អាស្រ័យ​លើ​យន្តការ​ពន្ធ​របស់​រាជរដ្ឋាភិបាល​។ យ៉ាងណា​ក៏​ដោយ​ចុះ បើ​តាម​អ្នកជំនាញ បាន​គូសបញ្ជាក់​ថា តម្លៃ​រថយន្ត​ដំឡើង​នៅ​កម្ពុជា ទំនងជា​មិន​អាច​ធូរ​ថ្លៃ​ជាង​រថយន្ត​ដែល​ដំឡើង​នៅ​ប្រទេស​ក្បែរ​ខាង​នោះ​ទេ​។ តើ​បញ្ហា​នេះ​បណ្តាល​មក​ពី​អ្វី?

ឯកឧត្តម​បណ្ឌិត តាន់ មុនី​វណ្ណ ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​បាន​គូសបញ្ជាក់​ថា ទីផ្សារ​រថយន្ត​ថ្មី​នៅ​កម្ពុជា​នឹង​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ប្រសិនបើ​ក្រុមហ៊ុន​ផ្គុំ និង​ដំឡើងរថយន្ត​ថ្មី​ៗ​នៅ​ក្នុងស្រុក​ទទួល​បានការ​ជួយ​ជ្រោមជ្រែង និង​បន្ធូរ​បន្ថយពន្ធ​ពី​រាជរដ្ឋាភិបាល​។ ជាមួយ​គ្នា​នេះ ឯកឧត្តម ជឿជាក់​ថា បើ​គ្មាន​ការ​ជួយ​បន្ធូរ​បន្ថយពន្ធ​ទេ​នោះ​តម្លៃ​រថយន្ត​ដែល​ដំឡើង​នៅ​កម្ពុជា នៅ​តែ​មាន​តម្លៃ​ខ្ពស់​ដដែល​បើ​ធៀប​នឹង​តម្លៃ​រថយន្ត​ដែល​ដំឡើង​នៅ​ប្រទេស​ក្បែរ​ដូច​ជា​ថៃ និង​វៀតណាម​ជាដើម​។ ខ្ពស់​ជាង​ក៏​ដោយសារ​រោងចក្រ​នៅ​កម្ពុជា​ត្រូវ​នាំ​ចូល​គ្រឿង​បង្គុំ​សំខាន់​ៗ​មួយ​ចំនួន​ពី​ប្រទេស​ដទៃ​ដោយ​ឆ្លងកាត់​របាំង​ពន្ធ ដើម្បី​យក​មក​ផ្គុំ និង​ដំឡើង ខុស​ពី​ថៃ និង​វៀតណាម ដែល​គេ​មាន​រោងចក្រ​ផលិត​គ្រឿង​បង្គុំ និង​បន្លាស់​ស្រាប់​។

ឯកឧត្តម​បណ្ឌិត តាន់ មុនី​វណ្ណ បាន​គូសបញ្ជាក់​ទៀត​ថា រាជរដ្ឋាភិបាល​ទំនងជា​មិន​ទាន់​អាច​បន្ធូរ​បន្ថយពន្ធ​ឲ្យ​ក្រុមហ៊ុន​ផ្គុំ និង​ដំឡើងរថយន្ត​ហ្វ​ត​ភ្លាម​ៗ​នោះ​ទេ ដ្បិត​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង និង​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ថ្មី​ដទៃ​ទៀត ដែល​មិន​ទាន់​មាន​លទ្ធភាព​ក្នុង​ការ​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត​ដោយ​ខ្លួនឯង​នៅ​កម្ពុជា​។ ទោះ​យ៉ាងណា ឯកឧត្តម ជឿជាក់​ថា រាជរដ្ឋាភិបាល​នឹង​មានការ​អនុគ្រោះ​ចំពោះ​ក្រុមហ៊ុន ដែល​វិនិយោគ​លើ​ការ​ផ្គុំ និង​ដំឡើងរថយន្ត​ថ្មី​នេះ​នៅ​ពេល​ណាមួយ​នា​ថ្ងៃ​អនាគត​។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត គី សិរី​វ​ឌ្ឍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​យល់​ឃើញ​ថា កត្តា​ដែល​ធ្វើ​ឲ្យ​តម្លៃ​រថយន្ត​ថ្មី​ដំឡើង​នៅ​កម្ពុជា​នៅ​តែ​មាន​ខ្ពស់​ជាង​តម្លៃ​រថយន្ត​ដំឡើង​នៅ​ថៃ និង​វៀតណាម គឺ​ដោយសារ​កម្ពុជា​ពុំ​ទាន់​មាន​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​រថយន្ត​គ្រប់គ្រាន់ ដែល​ទាមទារ​ឲ្យ​នាំ​ចូល​ពី​ប្រទេស​ដទៃ​។ មួយវិញទៀត ដោយសារ​រាជរដ្ឋាភិបាល​ពុំ​ទាន់​មាន​យន្តការ​លើកលែង​ពន្ធ ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចូល​គ្រឿង​បង្គុំ​មាន​តម្លៃ​ខ្ពស់ ហើយ​ការ​មិន​បញ្ចុះតម្លៃ​ពី​ក្រុមហ៊ុន​អ្នក​ផលិត ក៏​ជា​មូលហេតុ​មួយ​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ​លោក ង​ន សាំង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន RMA Cambodia ដែល​ជា​ក្រុមហ៊ុនមេ នាំ​ចូល​រថយន្ត​ម៉ាក Ford ផ្តាច់មុខ​មក​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​កាលពី​ពេល​ថ្មី​ៗ​ថា​តម្លៃ​រថយន្ត Ford ដែល​ដំឡើង​នៅ​កម្ពុជា​អាច​នឹង​មាន​ភាពល្អ​ប្រសើរ​ជាង​រថយន្ត​នាំ​ចូល ប្រសិនបើ​មានការ​ជួយ​សម្របសម្រួល និង​ជួយ​ជ្រោមជ្រែង​ផ្នែក​ពន្ធ​ពី​រាជរដ្ឋាភិបាល​។ នា​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត Ford នៅ​ខេត្តពោធិ៍សាត់​កាលពី​ថ្ងៃ​តី​១៦ ខែមិថុនា ឆ្នាំ​២០២២ ថ្នាក់ដឹកនាំ​រូប​នេះ​រំពឹង​ថា នៅ​ឆ្នាំ​២០២២ នេះ ក្រុមហ៊ុន​របស់​លោក​នឹង​អាច​ផលិត​រថយន្ត​បាន​ចន្លោះ​ពី​១​ពាន់​ទៅ​១​ពាន់​៥​រយ​គ្រឿង​។

សូម​បញ្ជាក់​ថា ១​ថ្ងៃក្រោយ​ការ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ដំឡើងរថយន្ដ​ហ្វ​ត ក្រុមប្រឹក្សាភិបាល​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ក្រុមហ៊ុន GTV MOTOR CO., LTD. បង្កើត​រោងចក្រ​ដំឡើងរថយន្ត​ថ្មី​មួយទៀត​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​១៥,៦​លាន​ដុល្លារ និង​អាច​បង្កើត​ឱកាស​ការងារ​បាន​ចំនួន​៧៣៨​កន្លែង​។ បន្ថែម​លើ​នេះ​កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ CDC ក៏​បាន​អនុម័ត​លើ​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត​អ៊ី​ស៊ូ​ហ្ស៊ុ​របស់​ក្រុមហ៊ុន K (CAMBODIA) CO., LTD ជាមួយ​ទុន​វិនិយោគ​ជាង​៧​លាន​ដុល្លារ និង​ផ្តល់​ការងារ​១១៦​កន្លែង​នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជា និងយកដីជាង១ពាន់ហិកតានៅព្រំដែនកម្ពុជា-វៀតណាម ទុកធ្វើជាតំបន់សេដ្ឋកិច្ចពិសេស និងជាកន្លែងដោះដូរទំនិញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញគោលបំណងចង់កែប្រែតំបន់ព្រំប្រទល់រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ឲ្យក្លាយជាតំបន់សេដ្ឋ…

អាល្លឺម៉ង់បង្ខំចិត្តប្រាសចាកកិច្ចព្រមព្រៀងអាកាសធាតុសកល ដោយបង្កើនការប្រើប្រាស់ធ្យូងថ្មដើម្បីជំនួសការបញ្ជាទិញថាមពលរបស់រុស្ស៊ី

នៅចំពោះមុខការតម្រូវឱ្យកាត់បន្ថយការនាំចូលឧស្ម័នពីរុស្ស៊ី រដ្ឋាភិបាលអាល្លឺម៉ង់បានជ្រើសយកដំណោះស្រាយ ប្រើប្រាស់ឧស្ម័នសម្រាប់ផលិតជាអគ្គិសនីក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ