ព្យាករណ៍សេដ្ឋកិច្ច​សិង្ហបុរី

រដ្ឋាភិបាលសិង្ហបុរី ព្យាករសេដ្ឋកិច្ចជាថ្មីថាអាចនឹងធ្លាក់ចន្លោះ ៦% ទៅ ៦,៥% ក្នុងឆ្នាំ ២០២០


រដ្ឋាភិបាលប្រទេសសិង្ហបុរី តាមរយៈក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម បានធ្វើការព្យាករថា សេដ្ឋកិច្ចជាតិ អាចនឹងធ្លាក់ចុះចន្លោះពី ៦% ទៅ ៦,៥% ក្នុងឆ្នាំ ២០២០នេះ ដែលតួលេខនេះ ហាក់ប្រសើរជាងការព្យាករធ្លាក់ចុះលើសពី ៧% កាលពីខែសីហា ឆ្នាំ ២០២០កន្លងទៅ ហើយការពិនិត្យឡើងវិញនេះ ធ្វើឡើងបន្ទាប់ពី សេដ្ឋកិច្ចប្រទេសសិង្ហបុរី ធ្វើបានល្អនៅក្នុងត្រីមាសទី ៣ កន្លងទៅថ្មីៗនេ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានអន្តរជាតិៗជាច្រើន នៅថ្ងៃនេះ។
ហេតុផលធំៗ ២ ធ្វើឲ្យសិង្ហបុរី ទទួលបានទេសចរ ១៨,៥លាន និង ចំណូល ២០ពាន់លានដុល្លារ នៅឆ្នាំ២០១៨
ដោយ

នៅក្នុង​ត្រីមាស​ទី ៣ ឆ្នាំនេះ ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​សិង្ហបុរី ធ្លាក់ចុះ ៥,៨% ធៀប​នឹងពេលដូចគ្នា​កាលពី​ឆ្នាំមុន ហើយវាធ្វើ​បានល្អ​ប្រសើរជាង​ត្រីមាសទី ២ ដែល​ធ្លាក់ចុះ​ដល់ទៅ ១៣% ដោយសារតែ​វិបត្តិ​មេរោគ​កូវីដ-១៩។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម​សិង្ហបុរី អះអាងថា គ្រប់វិស័យ​ទាំងអស់​នៅតែ​មាន​សញ្ញា​អវិជ្ជមាន លើកលែងតែ​វិស័យ​ឧស្សាហកម្ម​ផលិត ដែលលេចធ្លោ​ជាងគេ មាន​កំណើន​ដល់ទៅ ១០% នៅក្នុង​ត្រីមាសទី ៣នេះ ហើយវិស័យនេះ មាន​កំណើន​ខ្ពស់​ដោយសារ​ការនាំចេញ​គ្រឿងអេឡិចត្រូនិក និងការបង្កើត​ឧស្សាហកម្ម​ផលិត​ជីវសាស្រ្ត។ ក្រៅពីនោះ វិស័យ​ដែលមាន​កំណើន រាប់បញ្ចូល​ទាំង វិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង និងវិស័យ​បច្ចេកវិទ្យា​ព័ត៌មាន។

អ្នកបង្កើតគោល​នយោបាយ​ជាតិ​របស់​ប្រទេស​សិង្ហបុរី ក៏បានបង្ហាញ​ពីការព្យាករ​ជាលើកដំបូង​ដែរថា នៅក្នុងឆ្នាំ ២០២១ខាងមុខ សេដ្ឋកិច្ច​សិង្ហបុរី​នឹងកើន​ឡើងចន្លោះ ៤%ទៅ ៦% ប៉ុន្តែ វាពុំទាន់​ច្បាស់លាស់​នៅឡើយទេ ដោយសារតែ​កត្តា​សេដ្ឋកិច្ច​សកល និងមេរោគ​កូវីដ-១៩ កំពុង​មាន​បម្រែបម្រួល ដូចជា​នៅប្រទេសចិន ស្ថានការណ៍​មេរោគ​កូវីដ-១៩ ត្រូវបាន​គ្រប់គ្រង​បានល្អ ខណៈ​កូវីដ-១៩ នៅ​អាមេរិក និងប៉ែកអឺរ៉ុប​កំពុង​សាយភាយ​កាន់តែខ្លាំង​។

គួរជម្រាបដែរថា មន្រ្តីជាន់ខ្ពស់​មកពី​ក្រសួង​ពាណិជ្ជកម្ម និងឧស្សាហកម្ម​សិង្ហបុរី បាន​ព្រមាន​ដែរថា ទោះបីជា សេដ្ឋកិច្ច​ជាតិ​ចាប់ផ្តើម​ងើបឡើងវិញ​ក៏ដោយ តែវា​អាចនឹង​ងើប​ឡើង ក្នុង​កម្រិត​មួយទាប និងប្រើ​រយៈពេល​យូរ ហើយ​ទំនង​ជាមិនអាច​ត្រលប់​មករក​សភាព​ដើម មុន​ដំណាច់​ឆ្នាំ ២០២១​នោះឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យមូលបត្រកម្ពុជានៅតែរក្សាបានជំហររឹងមាំ អំឡុងពេលនៃវិបត្តិកូវីដ-១៩

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យមូលបត្រកម្ពុជា នៅតែបន្ដអះអាងថា បើទោះបីជា វិបត្តិមេរោគ​កូវីដ-១៩ បានធ្វើឲ្យទំនោរសេដ្ឋកិច្ចសកលមានការថមថយចុះ ហើយសកម្មភ…

កម្ពុជា សាងសង់វិមានមិត្តភាពកម្ពុជា-វៀតណាម លើផ្ទៃដី ៤ហិកតា នៅខេត្តត្បូងឃ្មុំ

ព័ត៌មាន
សំណង់វិមានមិត្តភាព កម្ពុជា-វៀតណាម ថ្មីមួយបន្ថែមទៀត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមសាងសង់ឡើង កាលពីថ្ងៃទី ២០ ខែវិច្ឆិកាកន្លងទៅនេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ