យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កម្ពុជា អូស្រ្តាលី ថៃ ម៉ាឡេស៊ី ជប៉ុន អង់គ្លេស វៀតណាម កាណាដា សហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី គឺជាទីផ្សារអចលនទ្រព្យកំពូលទាំង១០ ដែលពលរដ្ឋសិង្ហបុរី កំពុងសម្លឹងមើលនៅក្នុងឆ្នាំ២០២៤ នេះ។ លោក ជូវៃ អ៊ីឃ្វី (Juwai IQI) សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Kashif Ansari បានឲ្យដឹងថា ប្រទេសទាំង១០នេះគឺជាគោលដៅដ៏ចម្បងរបស់អ្នកទិញផ្ទះនៅប្រទេសសិង្ហបុរី។
លោកបានបន្តថា ចំណាត់ថ្នាក់នេះ គឺផ្អែកលើទិន្នន័យនៃការសាកសួរដែលធ្វើឡើងដោយអ្នកទិញអចលនទ្រព្យ ដែលមានទីតាំងនៅប្រទេសសិង្ហបុរីចន្លោះខែមករា ឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២៣។ ទិន្នន័យនេះផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះចំណង់ចំណូលចិត្តរបស់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់សិង្ហបុរី នៅពេលពិចារណាលើការវិនិយោគនៅក្រៅប្រទេស។
កន្លងមកម្ចាស់គម្រោងនានាច្រើនផ្តោតអារម្មណ៍ជាសាកល លើអ្នកទិញជនជាតិចិន ប៉ុន្តែអ្នកទិញពីសិង្ហបុរីបានធ្វើសកម្មភាពយូរមកហើយតែមិនសូវមានអ្នកចាប់អារម្មណ៍ ខណៈពេលដែលការវិនិយោគអចលនទ្រព្យលំនៅឋានអន្តរជាតិសរុបចេញពីប្រទេសសិង្ហបុរី មិនអាចធៀបនឹងចំនួនសរុបពីប្រទេសចិនក៏ដោយ។
សម្រាប់កម្ពុជាមូលហេតុដែលនាំឲ្យពលរដ្ឋសិង្ហបុរីចាប់អារម្មណ៍ គឺដោយសារតែក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងវិនិយោគិនសិង្ហបុរី បាននាំឱ្យពួកគេឱ្យស្គាល់គម្រោងខុនដូលំដាប់ខ្ពស់ក្នុងទីក្រុងភ្នំពេញ។ អ្នកវិនិយោគសិង្ហបុរីកំពុងតែយកចិត្តទុកដាក់ខ្ពស់គួរសមលើទីផ្សារអលចលនទ្រព្យនៅកម្ពុជា។
បើតាមការរបាយការណ៍ស្ទង់មតិខាងលើ ហេតុផលមួយចំនួនដែលថាសិង្ហបុរី គឺជាប្រទេសមួយក្នុងចំណោមអ្នកទិញអចលនទ្រព្យអន្តរជាតិលំដាប់កំពូលរបស់ពិភពលោក គឺដោយសារតែជនជាតិនេះមានវប្បធម៌វិនិយោគអចលនទ្រព្យជាយូរមកហើយ ហើយក៏ជាប្រជាជាតិដែលមានដើមទុនដ៏សម្បូរបែប បើទោះបីសិង្ហបុរីជាប្រទេសតូចក៏ដោយ៕
ដោយៈ សរ សុជាតិ