យោងតាមការប៉ា់ន់ប្រមាណរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ២០២៤ បង្ហាញថា ដោយសាររងគ្រោះពីអស្ថិរភាពនយោបាយ និងជម្លោះរ៉ាំរ៉ៃដែលរារាំងដល់កំណើនសេដ្ឋកិច្ច បានធ្វើឱ្យប្រទេសមួយចំនួនជាប់ឈ្មោះជាប្រទេសក្រីក្របំផុតទាំង១០ក្នុងពិភពលោកបើគិតពីប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ ឬ GDP per capita។
ក្នុងនោះ ចំណាត់ថ្នាក់លេខ១០ បានទៅលើប្រទេសម៉ាដាហ្គាស្កា ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១,៩៩០ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ រីឯកចំណាត់ថ្នាក់លេខ៩ បានទៅលើប្រទេសលីបេរីយ៉ា ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១,៨៨០ដុល្លារក្នុងមួយឆ្នាំ ហើយចំណាត់ថ្នាក់លេខ៨ បានទៅលើប្រទេសឆាដ (Chad) ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១,៨៦០ដុល្លារក្នុងមួយឆ្នាំ។
បន្ទាប់មកទៀតចំណាត់ថ្នាក់លេខ៧ បានទៅលើប្រទេសនីហ្សេ ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១,៧៣០ដុល្លារ ហើយចំណាត់ថ្នាក់លេខ៦បានទៅលើប្រទេសម៉ាឡេវី ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១,៧១០ដុល្លារ។
ចំណែកឯចំណាត់ថ្នាក់លេខ៥ បានទៅលើប្រទេសម៉ូសំប៊ិក ដែលស្ថិតនៅអាហ្វ្រិកភាគអាគ្នេយ៍ ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១,៦៥០ដុល្លារ ហើយចំណាត់ថ្នាក់លេខ៤ បានទៅលើសាធារណរដ្ឋកុងហ្គោ ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១,៥៧០ដុល្លារ។
រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១,១៤០ដុល្លារ ហើយចំណាត់ថ្នាក់លេខ២ បានទៅលើប្រទេសប៊ូរុនឌី ស្ថិតនៅអាហ្វ្រិកខាងកើត ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន៩៣៧ដុល្លា ហើយចុងក្រោយចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសស៊ូដង់ខាងត្បូង ស្ថិតនៅអាហ្វ្រិកខាងកើត ដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានចំនួនត្រឹមតែ៤៩៣ដុល្លារអាម៉េរិកប៉ុណ្ណោះក្នុងមួយឆ្នាំ៕
ដោយ: តែម សុខុម