នៅក្នុងកិច្ចសម្ភាសពិសេសជាមួយខេមបូណូមីស ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា បំណុលសាធារណៈរបស់កម្ពុជា ជាង១១ពាន់លានដុល្លារ ពុំអាចក្លាយជាអន្ទាក់វ័ណ្ឌក នោះទេ ខណៈការខ្ចីបំណុលពីបរទេសត្រូវបានវាយតម្លៃត្រឹមត្រូវតាមបច្ចេកទេសដោយស្ថាប័នអន្តរជាតិ ដោយយោងតាមអនុបាតគោលនៅក្នុងរង្វង់៤០%នៃផលិតផលសរុបក្នុងស្រុក (GDP) របស់កម្ពុជា។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ បំណុលសាធារណៈរបស់កម្ពុជា ត្រូវបានយកមកប្រើប្រាស់ដើម្បីវិនិយោគក្នុងបំណងបម្រើឱ្យការអភិវឌ្ឍសង្គម និងធ្វើឱ្យសេដ្ឋកិច្ចជាតិ មានភាពរីកចម្រើន ហើយវាពុំមែនជារឿងគួរឱ្យបារម្ភនោះទេ។
បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ កម្ពុជាខ្ចីបំណុលពីបរទេសមិនមែនយកមកបើកប្រាក់ខែជូនមន្រ្តីរាជការនោះទេ ពោលគឺសម្រាប់បម្រើឱ្យការអភិវឌ្ឍក្នុងវិស័យសំខាន់ៗ ដែលជួយគាំទ្រដល់សេដ្ឋកិច្ច។ យ៉ាងណាមិញ រាជរដ្ឋាភិបាល កំពុងគិតគូរលើការកាត់បន្ថយការពឹងផ្អែកលើបំណុលបរទេស តាមរយៈការកៀរគរបំណុលនៅក្នុងស្រុកតាមរយៈការបោះផ្សាយលក់មូលបត្របំណុលរដ្ឋ។
តែយ៉ាងណាឯកឧត្តម មាស សុខសេនសាន អះអាងថា កម្ពុជាទំនងជាមិនទាន់អាចកាត់ផ្ដាច់ការខ្ចីបំណុលពីបរទេសនោះទេ។
យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបជាង១១ពាន់លានដុល្លារអាម៉េរិក ដោយក្នុងនោះស្ទើរ១០០% ជាបំណុលសាធារណៈក្រៅប្រទេស។ ក្នុងចំណោមបំណុលទាំងនេះកម្ពុជាបានខ្ចីក្នុងក្របខណ្ឌទ្វេភាគីប្រមាណ៦៤% និងក្របខណ្ឌពហុភាគីមាន៣៦% ហើយសម្រាប់ក្របខណ្ឌបំណុលទ្វេភាគី កម្ពុជាបានជំពាក់ប្រទេសចិន ច្រើនជាងគេ បន្ទាប់មកគឺជប៉ុន កូរ៉េខាងត្បូង និងបារាំង៕
អត្ថបទ៖ បូ ដូឡា, ឯកសារ