របាយការណ៍នាំចេញអង្កររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញផ្សាយថ្មីនេះ បានឲ្យដឹងថា នៅខែមករាឆ្នាំ២០២១ កម្ពុជានាំចេញអង្ករបានជាង ៣ម៉ឺន៤ពាន់តោន មានការថយចុះជាង១ម៉ឺន៦ពាន់តោន ធ្លាក់ចុះដល់ទៅជាង ៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើតាមលោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា មូលហេតុដែលធ្វើឲ្យការនាំចេញអង្កររបស់កម្ពុជាមានការធ្លាក់ចុះ ដោយសារតម្លៃដឹកជញ្ជូនទៅកាន់ប្រទេសនៅប៉ែកអឺរ៉ុបមួយចំនួនឡើងថ្លៃខ្លាំង។ កត្តានេះ នាំឲ្យប្រទេសទាំងនោះ ត្រូវពន្យារពេលក្នុងការបញ្ជាទិញអង្ករពីកម្ពុជាសិន ដោយរង់ចាំឲ្យតម្លៃដឹកជញ្ជូនធ្លាក់ចុះវិញ។
«សំខាន់ជាងគេអត់មានអីដឹក ហើយអ្នកដឹកជញ្ជូនគេទាឡើងថ្លៃ១ជា៥។ បើទៅចិនអត់ធ្លាក់ប៉ុន្មានទេ ធ្លាក់ខ្លាំងទៅអឹរ៉ុប។ ពេលវាឡើងថ្លៃទៅ អ្នកទិញត្រូវពន្យារសិន ព្រោះធម្មតាយើងលក់ឲ្យគាត់ យើងដឹកជញ្ជូនត្រឹមកំពង់សោម តពីកំពង់សោមទៅដល់អ្នកទិញវាឡើងថ្លៃ»។ នេះជាការបង្ហាញហេតុផលរបស់លោក លន់ យ៉េង ដែលអះអាងថា ការឡើងថ្លៃនេះបានកើតឡើងតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។
កង្វះទូកុងតឺន័រមានគុណភាព ដែលអាចច្រកអង្ករសម្រាប់ដឹកពីកម្ពុជាទៅទីផ្សារអឺរ៉ុប ក៏ជាហេតុផលមួយធ្វើឲ្យការនាំចេញអង្កររបស់កម្ពុជាធ្លាក់ចុះផងដែរ។ បើតាមលោក លន់ យ៉េង កត្តាដែលធ្វើឲ្យកម្ពុជាខ្វះខាតទូកុងតឺន័រសម្រាប់ច្រកអង្ករនេះ ដោយសារទូទាំងនោះបានកកស្ទះនៅតាមប្រទេស ដែលបញ្ជាទិញអង្ករពីកម្ពុជា។
លោកសង្កត់ធ្ងន់ថា៖«ចំពោះទីផ្សារបញ្ជាទិញមាន ប៉ុន្តែវាយ៉ាប់តែទៅទីផ្សារអឺរ៉ុបថ្លៃដឹកជញ្ជូនវាឡើងថ្លៃខុសប្រក្រតី វាឡើងរហូតដល់៥ដង។ វាធ្លាប់តែមួយទូត្រឹម១ពាន់ដុល្លារ ទៅ១,២០០ដុល្លារ វាឡើងរហូតដល់ ៦ ទៅ៧ពាន់ដុល្លារ។ ដូច្នេះអ្នកទិញត្រូវតែពន្យារសិន រង់ចាំធ្លាក់ថ្លៃ»។
អគ្គលេខាធិការរូបនេះបានបន្ថែមថា ការឡើងថ្លៃលើសេវាដឹកជញ្ជូននេះ វាកើតឡើងជាសកល មិនមែនកើតមានចំពោះតែកម្ពុជានោះទេ ពោលគឺប្រទេសផ្សេងៗដូចជាថៃ និងឥណ្ឌាជាដើម ដែលប្រព័ន្ធដឹកជញ្ជូនអង្ករតាមទូកុងតឺន័រដូចកម្ពុជា ក៏ជួបបញ្ហានេះដែរ។ បញ្ហានេះអាចកើតឡើងដោយសារចរន្តទីផ្សារទៅប្រទេសប៉ែកអឺរ៉ុប នាំចូលច្រើនជាងនាំចេញ ដែលជាហេតុធ្វើឲ្យមានការកកស្ទះទូកុងតឺន័រនៅតាមកំពុងផែរបស់ពួកគេ។
អ្នកជំនាញរូបនេះវាយតម្លៃថា ការនាំចេញអង្កររបស់កម្ពុជាទៅប្រទេសនៅអឺរ៉ុប និងចិនអាចបន្តធ្លាក់ចុះទៀតនៅខែកុម្ភៈ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ធូរស្បើយ។ ម្យ៉ាងទៀត ប្រទេសចិននឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួននៅខែនេះ។ លោកជឿជាក់ថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិន នឹងមានស្ថានភាពល្អប្រសើរឡើងវិញនៅខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខែមករា អង្ករកម្ពុជាបាននាំចេញទៅកាន់២៨ប្រទេសទូទាំងពិភពលោក។ ក្នុងនោះចិនឈរលំដាប់លេខ១ ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេមានចំនួន ១៦.១៦៣តោន, បារាំងឈរលំដាប់ទីពីរមានចំនួន ៣.៧២៣តោន និងប្រទេសហ្គាបុងឈរលំដាប់ទីបីមានចំនួន ៣.៥៧០តោន។ ក្រៅពីទីផ្សារនៅអឺរ៉ុប និងអាស៊ី អង្ករកម្ពុជាក៏បាននាំចេញទៅកាន់ប្រទេសក្នុងតំបន់អាស៊ានផងដែរ៕