លោក ជូ មីន (Zhu Min) អតីតអនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ប្រទេសចិនត្រូវបានគេរំពឹងថានឹងប្រជែងឈ្នះសហរដ្ឋអាមេរិកនៅឆ្នាំ ២០៣៥ ដើម្បីក្លាយជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ដោយផ្អែកលើគន្លងកំណើននាពេលបច្ចុប្បន្នរបស់ប្រទេសទាំងពីរ។
លោក ជូន បានបញ្ជាក់ថា វាមិនមែនជាបញ្ហាត្រឹមតួលេខ ឬការកំណត់ពេលវេលានោះទេ អ្វីដែលសំខាន់ជាងនេះទៀតនោះគឺគុណភាពនៃកំណើនសេដ្ឋកិច្ចនាពេលអនាគតរបស់ប្រទេសចិន។ វាជាអ្វីដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចិនធម្មតាជាងពលរដ្ឋនៅសហរដ្ឋអាមេរិក។
លោកបាននិយាយថា វិធីដើម្បីធ្វើដូច្នេះបានគឺជំរុញឆ្ពោះទៅមុខនូវគំរូថ្មីនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ពោលគឺការបង្កើនចំណាយក្នុងស្រុកជាជាងការនាំចេញ, ការផលិតដែលមានតម្លៃបន្ថែមតាមរយៈការប្រើបច្ចេកវិទ្យាឌីជីថល, និងការការធ្វើដំណើរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតងដើម្បីឱ្យវាអាចសម្រេចបាននូវអព្យាក្រឹតភាពកាបូន។
នៅក្នុងពេលចូលរួមសន្និសីទមួយស្តីអំពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ កាលពីពេលថ្មីៗកន្លងទៅនេះ លោក ជូ បានអះអាងថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកើនឡើងពី ២ ភាគរយទៅ ២,៥ ភាគរយក្នុងមួយឆ្នាំ តែប្រទេសចិនកើនឡើងពី ៤ ភាគរយទៅ ៤,៥ ភាគរយ ដូច្នេះ ក្នុងរយៈពេល ១២ ឆ្នាំទៀត សេដ្ឋកិច្ចចិននឹងរីកធំជាងសេដ្ឋកិច្ចអាមេរិក។
ការព្យាកររបស់លោក ជូ ហាក់ដូចជាយឺតជាងការព្យាករមួយចំនួនពីមុនដែលថាចិនអាចជែងអាមេរិកនៅក្នុងរង្វង់ត្រឹមឆ្នាំ២០៣០ ឬឆ្នាំ ២០៣៣។ មូលហេតុគឺដោយសារតែការរីករាលដាលនៃមេរោគកូវីដ ១៩ ដែលបានធ្វើលឱ្យចិនបិទប្រទេសប្រមាណជា ៣ ឆ្នាំ។
លោក ជូ ដែលឥឡូវនេះជាអនុប្រធាននៃមជ្ឈមណ្ឌលចិនសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុងប៉េកាំង បានបញ្ជាក់ក្នុងសំដីដើមថា “នៅក្នុងប្រទេសចិន យើងមិនយកការជែងសហរដ្ឋអាមេរិកជាគោលដៅទេ។ យើងចង់ធ្វើឱ្យប្រាកដថាគុណភាពនៃការរីកចម្រើនស្ថិតនៅទីនេះ មិនមែនផ្អែកលើតួលេខឬល្បឿនលឿនប៉ុណ្ណាដែលយើងអាចជែងអាមេរិកបានទេ”។
លោកបានលើកឡើងថា គំរូសេដ្ឋកិច្ចចិនបច្ចុប្បន្នគឺផ្តោតជាសំខាន់លើការវិនិយោគ ទីផ្សារអចលនទ្រព្យ និងការនាំចេញ ដែលមិនមានដំណើរការល្អទេ។ មិនមានដំណើរការល្អ ម្យ៉ាងគឺដោយសារចិនលែងជាកន្លែងផ្តល់កម្លាំងពលកម្មថោកគ្មានដែនកំណត់ទៀតហើយ ត្បិតអត្រាកំណើតធ្លាក់ចុះ ហើយម្យ៉ាងទៀតគឺតម្រូវការទំនិញពីចិននៅលើពិភពលោកធ្លាក់ចុះ។
ចាប់តាំងពីការដកវិធានការប្រឆាំង Covid-19 មក រដ្ឋាភិបាលចិនបានងាកមកជំរុញសេចក្ដីតម្រូវការក្នុងស្រុកវិញ ដើម្បីធ្វើឱ្យវាដើរតួនាទីកាន់តែសំខាន់ឡើងនៅក្នុងសេដ្ឋកិច្ច។ ប៉ុន្តែរឿងនេះបានបង្ហាញឱ្យឃើញថាជាការងារដ៏ពិបាកមួយ ដោយហេតុថាគ្រួសារចិនភាគច្រើននៅតែចូលចិត្តការសន្សំប្រាក់ជាងការចំណាយ ព្រោះមានក្ដីបារម្ភអំពីការងារ និងប្រាក់ចំណូល។
លោក ជូ បាននិយាយថា ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសចិននឹងត្រូវបង្កើនការធានាលើការថែទាំសុខភាព និងសន្តិសុខសង្គម "ដើម្បីឱ្យប្រជាជនមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការចំណាយលើរបស់របរប្រើប្រាស់នៅពេលនេះ"។
កិច្ចខិតខំប្រឹងប្រែងផ្សេងទៀតរបស់ប្រទេសចិន ដូចជាការសម្រេចឱ្យបាននូវអព្យាក្រឹតភាពកាបូន កំពុងមានដំណើរការ។ ជាឧទាហរណ៍ ថាមពលពន្លឺព្រះអាទិត្យដែលផលិតនៅខេត្តស៊ីឈួនឥឡូវនេះត្រូវបានបញ្ជូនទៅកាន់ខេត្ត ហឺណាន ដោយតម្លៃរបស់វាទាបជាងថាមពលធ្យូងថ្ម។ ខេត្ត ហឺណាន ជាខេត្តផលិតធ្យូងថ្ម។ លោក ជូ បាននិយាយក្នុងសម្ដីដើមថា "រឿងនេះប្រាប់យើងថា អាចមានមធ្យោបាយដ៏មានប្រសិទ្ធភាពមួយឆ្ពោះទៅមុខ - ធ្យូងថ្មអាចប្ដូរចេញបាន វានឹងត្រូវប្ដូរចេញ"៕
ដោយៈ សរ សុជាតិ