ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងប្រាប់ខេមបូណូមីសថា ក្រសួងសាធារណការនឹងពិភាក្សាជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដើម្បីពន្យល់លម្អិតជុំវិញស្ថានភាព និងនីតិវិធីក្នុងការដាក់ឱ្យដំណើរកំពង់ផែទេសចរណ៍ខេត្តកំពត នាពេលឆាប់ៗខាងមុខនេះ។ ការគ្រោងចេញមកពន្យល់លម្អិតជុំវិញគម្រោងនេះ ធ្វើឡើងក្រោយមានការបញ្ជាពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីមានការរិះគន់ និងបកស្រាយផ្សេងៗជុំវិញគម្រោងកំពង់ដែលសាងសង់រួចមិនទាន់ដាក់ឱ្យដំណើរការនេះ។
ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករនិយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីពេលថ្មីៗ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធចេញមកពន្យល់ជាសាធារណៈជុំវិញគម្រោងកំពង់ផែទេសចរណ៍ ខេត្តកំពត ដើម្បីស្រាយចម្ងល់ និងបញ្ចប់ការលើកឡើងបែបនេះបែបនោះជុំវិញគម្រោងនេះ។ ការបញ្ជានេះធ្វើឡើងក្រោយ សម្តេចធិបតី សង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនឆ្ងល់ថា កំពង់ផែទេសចរណ៍ ខេត្តកំពត បានចំណាយថវិកាជាច្រើនលើសាងសង់ ហេតុអ្វីនៅតែមិនទាន់អាចដាក់ឱ្យដំណើរការបាន។
បើតាមការបញ្ជាក់ឯឧត្តម ផន រឹម កាលពីពេលថ្មីៗ កំពង់ផែទេសចរណ៍ ខេត្តកំពត ត្រូវបានដាក់ឱ្យដេញថ្លៃ និងជ្រើសរើសបានក្រុមហ៊ុនមួយសម្រាប់ចូលធ្វើប្រតិបត្តិការ និងថែទាំរួចហើយ ខណៈក្រុមការងារអន្តរក្រសួងកំពុងស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា តាមផែនការគម្រោងកំពង់ផែទេសចរណ៍នេះអាចនឹងដាក់ឱ្យដំណើរការនៅចុងឆមាសទី១ ឬដើមឆមាសទី២ឆ្នាំនេះ។ ហើយក្រោយកំពង់ផែទេសចរណ៍អន្តរជាតិនេះ ដាក់ឱ្យដំណើរការ វានឹងក្លាយជាច្រកទ្វារដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការធ្វើដំណើរកម្សាន្តតាមផ្លូវទឹកពីកន្លែងមួយទៅកន្លែងមួយ ពីប្រទេសមួយទៅប្រទេសមួយ ដ្បិតថា ការតភ្ជាប់ទេសចរណ៍តាមផ្លូវទឹកបានជួយសម្រួលដល់ការធ្វើទេសចរណ៍ទាំងពេលវេលា និងថវិកា។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ដោយលាតសន្ធឹងលើផ្ទៃដីទំហំជាង៤ហិកតា ដែលបានបើកការដ្ឋានសាងសង់កាលពីខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរ កាលកាលពីខែមិថុនា ឆ្នាំ២០២២ ជាមួយទុនវិនិយោគជាង៩,២លានដុល្លា ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា៕