បញ្ហាស្បៀងអាហារ

សិង្ហបុរីត្រូវតែប្រឹងប្រែងថែមទៀត ដើម្បីធ្វើពិពិធកម្មប្រភពស្បៀងអាហារ ខណៈដែលការផ្គត់ផ្គង់អាហារនៅតែបន្តមានការរំខាន


ចំពេលដែលពិភពលោកកំពុងច្របូកច្របល់ជាមួយនឹងបញ្ហាចាក់ស្រេះជាច្រើននោះ ប្រទេសសិង្ហបុរី ដែលជាខ្លាសេដ្ឋកិច្ចធំមួយនៅតំបន់អាស៊ីអាគ្នេយ៍នោះ កំពុងបារម្ភអំពីបញ្ហាផ្គត់ផ្គង់ស្បៀងអាហារកាន់តែខ្លាំងដែរ។ តួយ៉ាង នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀន ឡុង (Lee Hsien Loong) បានអះអាងថា ប្រទេសសិង្ហបុរីត្រូវតែខិតប្រឹងប្រែងថែមទៀត ដើម្បីធ្វើពិពិធកម្មប្រភពស្បៀងអាហាររបស់ខ្លួន ខណៈដែលប្រទេសជុំវិញពិភពលោកទំនងជាបន្តផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ក្នុងស្រុកជាជាងនាំចេញដោយសារតែតម្លៃស្បៀងអាហារកើនឡើង។ នេះបើតាមការររាយការណ៍ដោយសារព័ត៌មាន CNA។
នាយករដ្ឋមន្ត្រីសិង្ហបុរីថា ប្រទេសសិង្ហបុរីត្រូវតែខិតប្រឹងប្រែងថែមទៀត ដើម្បីធ្វើពិពិធកម្មប្រភពស្បៀងអាហាររបស់ខ្លួន
ដោយ

លោក Lee បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សិង្ហ​បុរី Channel News Asia ក្នុង​ការ​បិទ​បញ្ចប់​ការ​ចូលរួម​របស់​លោក​នៅ​ក្នុង​កិច្ចប្រជុំ​ប្រមុខ​រដ្ឋាភិបាល Commonwealth នៅ​រដ្ឋធានី​គី​ហ្កា​លី (Kigali) ប្រទេសរ​វ៉ា​ន់​ដា (Rwanda) ជា​កន្លែង​ដែល​លោក​ក៏​បាន​ជំរុញ​ប្រទេស​នានា​កុំឱ្យ​ក្លាយជា​អ្នក​ការពារ​និយម​ប្រឆាំង​នឹង​វិបត្តិ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ ដែល​បណ្តាល​មក​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​។

លោកនាយក​រដ្ឋមន្ត្រី​រូប​នេះ កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ​បាន​ហៅ​ស្ថានភាព​នេះ​ថា គួរ​ឱ្យ​ព្រួយបារម្ភ ប៉ុន្តែ​បាន​បន្ថែម​ថា វា​មិនមែន​ជា​រឿង​គួរ​ណា​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​ថា​ប្រទេស​នានា​កំពុង​បិទ​ទីផ្សារ​នាំ​ចេញ​របស់​ពួក​គេ ខណៈ​ដែល​ការ​ផ្គត់ផ្គង់​ធ្លាក់​ចុះ ហើយ​តម្លៃ​កើនឡើង​នោះ​។

លោក លី សៀន​ឡុ​ង បាន​លើក​និង​បង្ហាញ​ឧទាហរណ៍​ជាក់ស្ដែង​ពី​របៀប​ដែល​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​រំខាន​ដល់​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​រាប់​លាន​តោន​បណ្តាល​ឱ្យ​មានការ​ខ្វះខាត​ចំណីអាហារ​ដូច្នេះ​ហើយ បានជា​ធ្វើ​ឱ្យ​តម្លៃ​សាច់​មាន់​ទារ​នៅ​សិង្ហ​បុរី​មានការ​កើនឡើង​ខ្លាំង​បែប​នេះ​។

តម្លៃ​សាច់​មាន់នៅ​សិង្ហ​បុរី​កើនឡើង​នេះ គឺ​នៅ​ក្រោយ​ពេល​ដែល​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ជាទី​ផ្សារ​ផ្គត់ផ្គង់​សាច់​មាន់​ឲ្យ​សិង្ហ​បុរី​នោះ បាន​ហាមឃាត់​ការ​នាំ​ចេញ​សាច់​មាន់​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​។ ប៉ុន្ដែ ថ្មី​ៗ​នេះ សិង្ហ​បុរី ក៏​កំពុង​ស្វែងរក​ទីផ្សារ​ឥណ្ឌូ​នេ​ស៊ី មក​ជំនួស​ម៉ា​ឡេ​ស៊ី ក្នុង​ការ​ផ្គត់ផ្គង់​សាច់​មាន់​ផង​ដែរ​។

លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី បាន​បន្ថែម​ថា ប្រទេស​នានា​កំពុង​រង​សម្ពាធ ហើយ​ពួក​គេ​នឹង​ធ្វើ​អ្វីមួយ ដែល​មិន​ស្រប​តាម​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ។ ទោះ​យ៉ាងណា លោក​លី សៀន ឡុ​ង គូសបញ្ជាក់​ថា ប្រទេស​នានា​មិន​គួរ​បិទ​ទីផ្សារ​នាំ​ចេញ​របស់​ខ្លួន​នោះ​ទេ ខណៈ​ដែល​ការ​ផ្គត់ផ្គង់​ខ្វះខាត ក៏​ប៉ុន្តែ​ស្ថិត​ក្រោម​សម្ពាធ​នេះ ការ​បិទ​បណ្ដោះអាសន្ន​នេះ ជា​អ្វីមួយ​ដែល​រដ្ឋាភិបាល​នានា​ត្រូវធ្វើ​ដោយ​ខានមិនបាន​។

លោក លី សៀន​ឡុ​ង បាន​បញ្ជាក់​ថា តាំងពី​មាន​ផ្ទុះ​រាលដាល​កូ​វី​ដ​១៩​មក ប្រទេស​សិង្ហ​បុរី​ព្រួយបារម្ភ​ពី​ការ​ផ្គត់ផ្គង់​សាច់ បន្លែ និង​កាបូ​អ៊ី​ដ្រា​ត ហើយ​អាជ្ញាធរ​បាន​ចាប់ផ្តើម​ពង្រីក​កន្លែង​ស្ដុក​ចំណីអាហារ និង​ធ្វើ​ពិពិធ​កម្ម​ការ​នាំ​ចូល​ពី​កន្លែង​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​។

លោក​បាន​បន្ថែម​ទៀត​ថា នេះ​ជា​រឿង​ដែល​សិង្ហ​បុរី​ត្រូវធ្វើ និង​បាន​និង​កំពុង​ធ្វើ​អស់​មួយ​រយៈពេល​មក​ហើយ​។ ដូច្នេះ​ហើយ​នៅ​ពេល​ការ​ផ្គត់ផ្គង់​សាច់​មាន់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ត្រូវ​បាន​កាត់​ផ្ដាច់​កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​នោះ សិង្ហ​បុរី​អាច​រក​វិធី​ដោះស្រាយ​បាន​។ ប៉ុន្តែ នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​រូប​នេះ បាន​គិត​ថា បញ្ហា​នេះ​នឹង​បន្ត​មាន​ទៀត ហើយ​សិង្ហ​បុរី​ត្រូវធ្វើ​អ្វីមួយ​ថែម​ទៀត​ខណៈ​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម (MTI)​របស់​ប្រទេស​នេះ កំពុង​តែ​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្បៀងអាហារ​នេះ​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​បញ្ឈប់​ការ​នាំ​ចេញ​សាច់​មាន់​ចាប់ពី​ថ្ងៃ​ទី​០១ ខែមិថុនា​ដើម្បី​ផ្តល់​អាទិភាព​ដល់​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​មក​នោះ សិង្ហ​បុរី​បាន​ផ្លាស់​ប្តូរ​ការ​នាំ​ចូល​ផលិតផល​សាច់​មាន់ និង​សាច់​ក្លា​សេ​បន្ថែម​ទៀត​ពី​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​អូស្ត្រាលី និង​ថៃ​ជាដើម​។ ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​លុប​ចោល​បម្រាម​របស់​ខ្លួន​មួយ​ផ្នែក ដោយ​អនុញ្ញាត​ឱ្យ​បន្ត​នាំ​ចេញ​សត្វ​រស់​ទៅ​ឱ្យ​សិង្ហ​បុរី​និង​មាន់​ខ្មៅ​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​១៤ ខែមិថុនា​ដែរ​។

លោក Lee កាលពី​ថ្ងៃ​ចុង​ស​ប្ដា​ហ៍​មកនេះ​បាន​លើកទឹកចិត្ត​ប្រជាជន​សិង្ហ​បុរី​ឱ្យ​យល់​កាន់តែ​ច្បាស់​អំពី​ស្ថានភាព​បច្ចុប្បន្ន និង​អាច​បត់បែន​បានជា​មួយ​ចំណូលចិត្ត​អាហារ​របស់​ពួក​គេ ដោយ​និយាយ​ថា នេះ​នឹង​មាន​ប្រយោជន៍​ជាង​ការ​គ្មាន​អ្វី​បរិភោគ​។

លោក​បាន​បញ្ជាក់​ថា ប្រសិនបើ​ពលរដ្ឋ​សិង្ហ​បុរី​អាច​សម្រប​ខ្លួន​ក្នុង​ទម្លាប់​របស់​ពួក​គេ​កាន់តែ​ច្រើន​បន្តិច នោះ​វា​នឹង​កាន់តែ​ងាយស្រួល​ច្រើន​ក្នុង​ការ​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​ទាំងនេះ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសចិនកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កមកនៅត្រឹម ៧ ថ្ងៃសម្រាប់អ្នកដំណើរក្រៅប្រទេស

ព័ត៌មាន
ប្រទេសចិនកាលពីថ្ងៃអង្គារ ទី ២៨ មិថុនា បានប្រកាសជាលើកដំបូងពីការកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរពីក្រៅប្រទេសចូលក្នុងប្រទេសរបស…

ផ្ញើប្រាក់ពីក្រៅប្រទេសតាមប្រព័ន្ធ SWIFT ជាមួយអេស៊ីលីដា មិនអស់ថ្លៃសេវាឡើយ រហូតដល់ដំណាច់ឆ្នាំ២០២២

ព័ត៌មាន
ធនាគារ អេស៊ីលីដា ថ្មីៗបានប្រកាសឲ្យដឹងពីការបម្រើសេវាកម្មសម្រាប់អតិថិជនរបស់ខ្លួន ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើន នៅក្នុងនោះការទទួលប្រាក់ពីបង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ