ទន្ទឹមនឹងដាក់ចេញវិធានការជាកញ្ចប់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ ក៏បានសម្រេចកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការជំរុញការវិនិយោគនៅខេត្តព្រះសីហនុ សំដៅជួយទាក់ទាញការវិនិយោគ និងដោះស្រាយបញ្ហាជាប់គាំងមួយចំនួន ពិសេសបញ្ហាសំណង់អគារនៅក្នុងខេត្តនេះតែម្តង។ តើបញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុអាចនឹងដោះស្រាយបញ្ចប់នៅក្នុងឆ្នាំ២០២៤ នេះឬទេ?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងដាក់ចេញនូវកម្មវិធីពិសេសមួយសម្រាប់ខេត្តព្រះសីហនុ ពោលគឺប្រមុខរាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ២០២៤នេះ គឺជាឆ្នាំដែលត្រូវជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាមួយចំនួន ជាពិសេសបញ្ហាអគារជាប់គាំងនៅខេត្តនេះតែម្តង។ បើតាមការបញ្ជាក់របស់សម្តេចធិបតី ការកំណត់យកឆ្នាំ២០២៤ សម្រាប់ដោះស្រាយបញ្ហានានាក្នុងខេត្តព្រះសីហនុនេះ គឺបន្ទាប់ពីកាលពីពេលកន្លងទៅថ្មីៗនេះ សម្តេចក៏បានប្រកាសដាក់ចេញកម្មវិធីទស្សនាសៀមរាបឆ្នាំ២០២៤ ដែលជាឆ្នាំសម្រាប់ការស្តារ និងជំរុញការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀម។
ជុំវិញបញ្ហានេះដែរ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការសម្រេចកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការជំរុញការវិនិយោគនៅខេត្តព្រះសីហនុ គឺជាការបោះជំហ៊ានថ្មីមួយទៀតសម្រាប់សេដ្ឋកិច្ចខេត្តព្រះសីហនុ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។ សម្រាប់ថ្នាក់ដឹកនាំខេត្តរូបនេះ ការជំរុញការដោះស្រាយបញ្ហានានានៅក្នុងខេត្តព្រះសីហនុ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការជំរុញការវិនិយោគនៅខេត្តព្រះសីហនុ គឺជាការបើកឱកាសបន្ថែមសម្រាប់ខេត្តក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគនៅខេត្តនេះ។ ឯកឧត្តមរំពឹងថា តាមរយៈការរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ នឹងមិនត្រឹមតែតែជួយជំរុញឲ្យខេត្តនេះអាចទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមក្រៅពីវិនិយោគិនចិនប៉ុណ្ណោះទេ ថែមទាំងជាការផ្ដល់ក្ដីសង្ឃឹមថ្មីសម្រាប់ដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។
បើតាមឯកឧត្តម ឡុង ឌីម៉ង់ ខេត្តព្រះសីហនុ គឺជាខេត្តដែលមានសក្ដានុពលសម្រាប់សេដ្ឋកិច្ចទាំងមូល ដោយសារតែខេត្តនេះមិនត្រឹមតែជាច្រកដឹកជញ្ជូនទំនិញយ៉ាងសំខាន់ក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយអន្តរជាតិ ប៉ុណ្ណោះទេ តែក៏ជាខេត្តដែលមានសក្ដានុពលក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ ជាក់ស្ដែង ដោយមើលឃើញនូវសក្ដានុពលរបស់ខេត្តជាប់មាត់សមុទ្រមួយនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការមេរៀបចំខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងប្រែក្លាយខេត្តនេះទៅជាតំបន់ឧស្សាហកម្មដ៏មានសក្ដានុពល។ សម្រាប់ឯកឧត្តម ឡុង ឌីម៉ង់ ការអភិវឌ្ឍខេត្តព្រះសីហនុ នឹងកាន់តែជួយឲ្យវិនិយោគិនចាប់អារម្មណ៍កាន់តែខ្លាំងមកលើប្រទេសកម្ពុជា និងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។
សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុមានអាគារខ្ពស់ៗសរុបប្រមាណ១ពាន់អាគារ ក្នុងនោះអាគារប្រមាណជិត៥០% បានបញ្ចប់ការសាងសង់ និងមានប្រតិបត្តិការ។ ចំណែកមួយចំនួនបានបញ្ចប់ការសាងសសង់ តែមិនមានប្រតិបត្តិការ និងអគារប្រមាណ ៣៧០កំពុងជាប់គាំង ដែលរដ្ឋបាលខេត្តកំពុងស្វែងរកដំណោះស្រាយ និងចាត់វិធានការនានា ដើម្បីដោះស្រាយលើបញ្ហានេះ។ យ៉ាងណាក៏ដោយ កាលពីពេលថ្មីៗ គណៈកម្មការអន្តរក្រសួងបានជួបពិភាក្សាគ្នាជាថ្មីម្ដងទៀត ដោយមានការចូលរួមដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស្វែងរកវិធីសាស្រ្តសម្រាប់ដោះស្រាយ និងជំរុញការអនុវត្ត «វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ។ ជាក់ស្ដែង កន្លងមកគណៈកម្មការអន្តរក្រសួងបានកំណត់គោលនយោបាយ និងយន្តការដោះស្រាយ ក៏ដូចជា ផែនទីតម្រង់ទិសនៃកញ្ចប់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលរួចហើយ ដោយមានការដោះស្រាយដោយការលើកទឹកចិត្តផ្នែកពន្ធ និងមិនមែនពន្ធទៅដល់ម្ចាស់ទីតាំង និងក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីឈានទៅរកការដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាដើម៕