ថ្លែងក្នុងកម្មវិធី «មហាសន្និបាតសមាជិកប្រចាំឆ្នាំ២០២២» នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សោភាន់ ចែត្រា ប្រធានក្លឹបគណនេយ្យកម្ពុជា (CAC) បានគូសបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ជួបជុំសមាជិកក្លឹបគណនេយ្យកម្ពុជា ដែលនៅតាមសហគ្រាសធុនតូច និងមធ្យមជាច្រើន សម្រាប់ឱ្យគណនេយ្យករទាំងអស់ជួបជុំគ្នា ដើម្បីចែករំលែក និងដោះដូរបទពិសោធន៍នានា ដែលបានជួបប្រទះ ក៏ដូចជាភ្ជាប់ទំនាក់ទំនងគ្នាកាន់តែល្អបន្ថែមទៀត។ លោក សោភាន់ ចែត្រា បញ្ជាក់ ឱ្យដឹងដែរថា គោលបំណង់របស់ក្លឹបគណនេយ្យកម្ពុជា គឺដើម្បីបណ្តុះបណ្តាលឱ្យសមាជិកគណនេយ្យករទាំងអស់ក្លាយទៅជា អ្នកគ្រប់គ្រោងគណនេយ្យនៅតាមសហគ្រាសធុនតូច និងមធ្យម ដែលវិស័យសហគ្រាសធុនតូច និងមធ្យមនេះ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
លោក សោភាន់ ចែត្រា អះអាងថា យោងតាមស្ថិតិចុងក្រោយ សហគ្រាសធុនតូច និងមធ្យមបច្ចុប្បន្នមានចំនួន ប្រមាណជាង ៥០ម៉ឺនសហគ្រាស ហើយក្នុងនោះដែរ ក្លឹបគណនេយ្យកម្ពុជាមានសមាជិកប្រមាណជិត ១ពាន់នាក់ហើយ ដែលបានចុះបញ្ជី ហើយ លោក ជឿជាក់ថា ក្លឹបគណនេយ្យកម្ពុជា នឹងប្រឹងប្រែងក្នុងការបណ្តុះបណ្តាលសមាជិកបន្ថែមទៀត ដើម្បីបម្រើការងារក្នុងវិស័យឆ្អឹងខ្នងសេដ្ឋកិច្ចជាតិមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
បើតាមប្រធានក្លឹបគណនេយ្យកម្ពុជារូបនេះ អះអាងថា ការអភិវឌ្ឍក្នុងវិស័យគណនេយ្យកម្ពុជា នាពេលបច្ចុប្បន្នមានការរីកលូតលាស់ខ្លាំង ដែលអាចនិយាយបានថា វិស័យគណនេយ្យកម្ពុជា បានដើរទាន់ទាំងក្នុងថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។ ជាក់ស្តែងកម្ពុជា មាននិយ័តករ គណនេយ្យករ និង សវនករ ដែលបានអនុវត្តទៅតាមស្តង់ដារគណនេយ្យរបស់អន្តរជាតិទាំងស្រុងតែម្តង។
ទោះយ៉ាងណា បើតាម លោក សោភាន់ ចែត្រា និស្សិតគណនេយ្យដែលបានរៀនចប់ថ្នាក់មហាវិទ្យាល័យភ្លាម ហាក់មិនទាន់មានសមត្ថភាពគ្រប់គ្រាន់នៅឡើយទេ សម្រាប់ធ្វើការក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ។ ជាក់ស្តែង វិស័យ SME គណនេយ្យករត្រូវធ្វើការងារផ្ទាល់ជាមួយម្ចាស់អាជីវកម្មតែម្តង ដែលមែនទែនទៅ ម្ចាស់អាជីវកម្មភាគច្រើនពួកគាត់មិនសូវយល់ច្បាស់អំពីកិច្ចការគណនេយ្យនោះទេ ដូចនេះហើយ ប្រសិនបើគណនេយ្យករទាំងនោះបានមកបណ្តោះបណ្តាលបន្ថែមនៅក្លឹបគណនេយ្យកម្ពុជានោះ ពួកគាត់នឹងកាន់តែយល់ដឹងច្បាស់អំពីការបទពិសោធន៍ជាច្រើនបន្ថែមទៀត ដោយបានប្រឹក្សាផ្ទាល់ជាមួយអ្នកជំនាញ ដែលអាចជួយដោះស្រាយបញ្ហាដែលអាចកើតមានឡើងអំឡុងពេលធ្វើការងារក្នុងសហគ្រាសធុនតូច និងមធ្យម ដែលពួកគាត់មិនអាចដោះស្រាយបានតែម្នាក់ឯងបាន។
យ៉ាងណាក៏ដោយចុះ លោក សោភាន់ ចែត្រា មើលឃើញថា បច្ចុប្បន្នចំនួនគណនេយ្យករដែលបម្រើការងារក្នុងវិស័យ សហគ្រាសធុនតូច និងមធ្យម ហាក់នៅមានការខ្វះខាតនៅឡើយ ដូច្នោះហើយ លោក លើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ និងម្ចាស់អាជីវកម្មធុនតូច និងមធ្យម ចូលរួមជួយគ្នាក្នុងការជំរុញបណ្តោះបណ្តាលដល់វិស័យវិជ្ជាជីវៈគណនេយ្យនេះឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីអាចជួយអភិវឌ្ឍក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលជាវិស័យឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ក៏ដូចជាវិស័យមួយដែលបានផ្តល់នូវការងារធំបំផុតសម្រាប់សេដ្ឋកិច្ចផងដែរ៕