ADB ផ្ដល់កម្ចី ៤០លានដុល្លារដល់កម្ពុជា

ADB ផ្ដល់កម្ចី ៤០លានដុល្លារដល់កម្ពុជាសម្រាប់អភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជា


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ១៨ ខែតុលានេះ បានអនុម័តប្រាក់កម្ចីចំនួន ៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (SMEs) និងអនុវត្តកំណែទម្រង់ ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។
ធនាគារអភិវឌ្ឍន៍អាស៊ី

ធនាគារអភិវឌ្ឍន៍អាស៊ី បានគូសបញ្ជាក់ថា នេះគឺជាកម្មវិធីរងទី៣ នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីកម្មវិធីរងចំនួន២ ពីមុនដែលត្រូវបានអនុវត្តកាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ដើម្បីជួយកម្ពុជា អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងស្ថិរភាព តាមរយៈការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។

លោកស្រីបិននីតា អៃណាបេ (Benita Ainabe) អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបោះជំហានយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឲ្យការគ្រប់គ្រងវិបត្តិមានភាពប្រសើរឡើង ក្នុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ លោកស្រីបានបន្ថែមទៀតថា តាមរយៈកម្មវិធីរងថ្មីនេះ រាជរដ្ឋាភិបាល បានអនុម័តច្បាប់សំខាន់ៗ ដែលគាំទ្រដល់យុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុជាតិ និងបានផ្តួចផ្តើមគំនិតជាច្រើន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ រួមទាំងគម្រោងធានាឥណទានសាធារណៈ សម្រាប់សហគ្រាសធុនតូច និងមធ្យមដំបូងគេនៅកម្ពុជាផងដែរ។

ជំងឺរាតត្បាត ការផ្តល់ប្រាក់កម្ចីអចលនទ្រព្យ និងកំណើនឥណទានលឿន បានបង្កើនហានិភ័យ ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។ ទន្ទឹមនឹង ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ប្រទេស មិនទាន់បានអភិវឌ្ឍពេញលេញ ដែលជាកត្តាប្រឈមដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការអភិវឌ្ឍទីផ្សារ។ កម្មវិធីរងថ្មីនេះ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម ឲ្យងើបឡើងពីជំងឺរាតត្បាត តាមរយៈការពង្រីកលទ្ធភាពទទួលបានឥណទាន។ វាក៏ជួយដល់កំណែទម្រង់ហិរញ្ញវត្ថុ ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ រួមទាំងការត្រួតពិនិត្យស្ថាប័នអន្តរវិស័យ ឱ្យកាន់តែប្រសើរឡើង ពង្រឹងការគ្រប់គ្រងហានិភ័យឥណទាន និង គាំទ្រប្រព័ន្ធទូទាត់ប្រកបដោយភាពច្នៃប្រឌិត។

សូមបញ្ជាក់ថា ធនាគារADB កាលពីខែកញ្ញាកន្លងទៅ ក៏បានចេញរបាយការណ៍ថ្មីមួយរបស់ខ្លួន ដោយបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះមកនៅត្រឹម១,៩% ប៉ុណ្ណោះខណៈដែលការព្យាករពីមុនមានដល់ ៤%។ ទោះយ៉ាងណា តាមការព្យាករពីធនាគារ ADB ដដែលនេះ សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជានឹងមានការងើបឡើងវិញនៅកម្រិត ៥,៥%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចុះហត្ថលេខានៅថ្ងៃទី២៦ តុលា ខាងមុខនេះហើយ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធ…

តើស្ថានភាពគ្រោះទឹកជំនន់នៅតាមខេត្តជាប់ព្រំដែនកម្ពុជា និងថៃ បង្កឲ្យមានផលប៉ះពាល់ដល់សកម្មភាពដឹកជញ្ជូនទំនិញដែរ ឬយ៉ាងណា?

ព័ត៌មាន
គ្រោះធម្មជាតិទឹកជំនន់ បាននិងកំពុងបន្តអូសបន្លាយ នៅតាមប្រទេសមួយចំនួន ពិសេសប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះក៏រួមមាន ប្រទេសកម្ពុជា និងប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ