ការផ្ទេរទណ្ឌិតជាក្មេងទំនើង​

តើការបញ្ជូនទណ្ឌិតជាក្មេងទំនើងឱ្យទៅជួយកិច្ចការងារនៅសមរភូមិជួរមុខ​អាចផ្តល់បញ្ហា និងផលប្រយោជន៍យ៉ាងណាដែរ?


ទណ្ឌិតដែលជាក្រុមក្មេងទំនើងជិត៨០០នាក់ ដែលធ្លាប់បង្កអសន្តិសុខនៅក្នុងសង្គម ត្រូវបានផ្ទេរឱ្យទៅបម្រើការងារសាងសង់លេណដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធការពារជាតិនៅតាមបណ្តាខេត្តជាប់ព្រំដែន។ ការចាត់បញ្ជូនក្រុមក្មេងទំនើងទាំងនេះត្រូវបានអនុវត្តឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងគោលបំណងពង្រឹងការអប់រំកែប្រែ ព្រមទាំងបញ្ចូលពួកគេទៅក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីកសាងសមត្ថភាពឡើងវិញ។
ការផ្ទេរទណ្ឌិតជាក្មេងទំនើង​
ដោយ

តើចំណាត់ការផ្លាស់ប្តូរទីតាំងឃុំឃាំង និងការឱ្យជួយការងារសមរភូមិជួរមុខនេះ អាចផ្ដល់ផលប្រយោជន៍ដល់សង្គម និងសាមីខ្លួនកម្រិតណា?
លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងជាទីប្រឹក្សាអមរិន្ទយល់ឃើញថា ការមានវិធានការអប់រំច្បាស់លាស់លើក្មេងទំនើងអាចផ្ដល់ផលប្រយោជន៍ដល់សង្គម ប៉ុន្តែលោកហាក់មានការបារម្ភខ្លះចំពោះការគ្រប់គ្រងលើពួកគេ។ បើតាមអ្នកជំនាញច្បាប់រូបនេះ ប្រសិនបើពុំមានកន្លែងស្នាក់នៅឱ្យសមរម្យសម្រាប់ក្រុមក្មេងទំនើងទេ នោះវានឹងក្លាយជាការធ្វើទារុណកម្មដោយបង្ខំ ហើយប្រសិនបើប្រើពួកគេហួសកម្លាំងពេក នោះវានឹងក្លាយជាការប្រើប្រាស់ពលកម្មខុសច្បាប់ និងអាចបណ្តុះកំហឹងដល់ពួកគេទៅវិញ។ លោកមេធាវី សុខ សំអឿន ផ្ដល់ជាយោបល់ថា ប្រសិនបើមានមណ្ឌលអប់រំកែប្រែ អប់រំក្មេងទាំងនោះឱ្យដូចជាកងទ័ព និងហ្វឹកហ្វឺនឱ្យចេះធ្វើការជាក្រុម លះបង់ដើម្បីក្រុម នោះប្រហែលជាមានប្រយោជន៍ដល់សង្គមច្រើនជាង។
ជាមួយគ្នានេះលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ស្ថាប័នពាក់ព័ន្ធគួរតែមានការសិក្សាស្រាវជ្រាវឱ្យបានលម្អិត និងច្បាស់លាស់ចំពោះការបញ្ជូនក្រុមក្មេងទំនើងឱ្យទៅជួយការងារយោធានៅសមរភូមិជួរមុខតាមព្រំដែន។ លោកបានសង្កត់ធ្ងន់លើសារប្រយោជន៍ នៃការស្វែងរកការយល់ព្រម ឬការសហការពីសំណាក់អាណាព្យាបាលរបស់ពួកគេ ដើម្បីធានាថា ចំណាត់ការរបស់រាជរដ្ឋាភិបាលទទួលបានការគាំទ្រពេញលេញពីសហគមន៍ និងជៀសវាងនូវរាល់ការរិះគន់ជាយថាហេតុ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែឧសភា អគ្គនាយកដ្ឋានពន្ធនាគារ បានផ្ទេរទណ្ឌិតដែលជាក្រុមក្មេងទំនើងជិត៨០០នាក់ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ឱ្យទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅនៅខេត្តជាប់ព្រំដែនចំនួនពីរ។ ចំណាត់ការនេះ គឺដើម្បីឱ្យពួកគេចូលរួមធ្វើសកម្មភាព ដែលមានប្រយោជន៍ជួយដល់សមរភូមិជួរមុខ ស្របតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការតម្រង់ទិស និងកែប្រែឥរិយាបថក្រុមក្មេងទំនើងទាំងនោះឱ្យក្លាយជាពលរដ្ឋល្អឡើងវិញនាពេលអនាគត៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


មេបក្សប្រឆាំងជំរុញឱ្យលោក អានុទីន ស្វែងរកជំនួយពីបារាំងក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា

ស្របពេលដែលនាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល ត្រៀមធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង នៅសប្តាហ៍នេះ មេដឹកនាំគណបក្សប្រឆាំងថៃស្នើឱ្យនាយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ