លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយសហរដ្ឋអាម៉េរិក មានការកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកំណើននេះបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងភាពអាចឆ្លើយតបរបស់គុណភាពផលិតផលកម្ពុជា ជាមួយតម្រូវការបញ្ជាទិញរបស់ទីផ្សារសហរដ្ឋអាម៉េរិក។ សហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ហើយក៏ជាទីផ្សារដែលកម្ពុជាសម្រេចបានអតិរេកពាណិជ្ជកម្មធំជាងគេផងដែរ។ អ្នកជំនាញរូបនេះជឿជាក់ថា សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងបន្តបញ្ជាទិញទំនិញពីកម្ពុជា បន្ថែមទៀត ហើយក៏នឹងមិនដាក់គំនាបពន្ធមកលើទំនិញកម្ពុជា បន្ថែមនោះដែរ បើទោះបីប្រទេសនេះមានឱនភាពពាណិជ្ជកម្មជាមួយកម្ពុជាខ្លាំងយ៉ាងណាក៏ដោយ។
ស្រដៀងគ្នានេះដែរ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពមានជំនឿជឿជាក់ថា សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ទំនងជាមិនដាក់គំនាបពន្ធលើប្រទេសតូចដូចកម្ពុជា នោះឡើយ បើទោះបីកម្ពុជា មានអតិរេកពាណិជ្ជកម្មជាមួយអាម៉េរិកខ្ពស់ក៏ដោយ។ យ៉ាងណាក៏ដោយដើម្បីការពារ និងបញ្ជៀសការដាក់គំនាបពន្ធពីសហរដ្ឋអាម៉េរិក និងជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ លោក យង់ គិមអេង យល់ឃើញថា កម្ពុជាគួរកសាងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។
ជាមួយគ្នានេះឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មជឿជាក់ថា ប្រសិនបើសហរដ្ឋអាម៉េរិកដំឡើងពន្ធលើទំនិញកម្ពុជាបន្ថែមមែននោះ វានឹងធ្វើពលរដ្ឋអាម៉េរិក ដែលជាអ្នកប្រើប្រាស់ក្លាយជាអ្នករងគ្រោះ ព្រោះការដំឡើងពន្ធនេះ វានឹងធ្វើឱ្យអ្នកទិញត្រូវបង់ថវិកាបន្ថែម ហើយកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀត ដែលជាប្រទេសផលិតនាំចេញក៏រងគ្រោះដូចគ្នាដែរ។ ទោះជាយ៉ាងណាមន្រ្តីជាន់ខ្ពស់រូបនេះបានលើកឡើងថា លក្ខខណ្ឌផលិតកម្មរបស់កម្ពុជានៅមានលទ្ធភាពប្រសើរច្រើន បើធៀបនឹងបណ្ដាប្រទេសមួយចំនួនដែលជាដៃគូប្រកួតប្រជែង។
បើតាមការអះអាងរបស់ឯកឧត្តម ប៉ែន សុវិជាតិ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាម៉េរិកដូចជាសម្លៀកបំពាក់ និងស្បែកជើងជាដើម ត្រូវបានបង់ពន្ធ MFN ដូចបណ្ដាប្រទេសនាំចេញផ្សេងៗដែរ នៅក្នុងអត្រាចាប់ពី០% ដល់២៨% ដោយក្នុងនោះនៅក្នុងចំណោមមុខទំនិញខ្លះត្រូវបានបង់ពន្ធចន្លោះពី១៣% ទៅ១៩% ខណៈផលិតផលសូឡា និងសម្ភារធ្វើដំណើរពុំមានបង់ពន្ធនោះទេ។ ប្រព័ន្ធពន្ធ MFN គឺជាពន្ធទាបបំផុតដែលប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) អាចគិតថ្លៃលើការនាំចូលពីសមាជិក WTO ផ្សេងទៀត។
សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៤កន្លងទៅ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាជាមួយសហរដ្ឋអាម៉េរិកសម្រេចបានទំហំជាង១០ពាន់លានដុល្លារកើនឡើង១១% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះការនាំចេញមានទំហំជាង៩,៩០០លានដុល្លារ រីឯការនាំចូលពីអាម៉េរិកមកវិញមានទំហំជាង២៦០លានដុល្លារ។ នេះបើយោងតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ បូ ដូឡា