ក្នុងឱកាសនៃជំនួប លោក Justin Trudeau បានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីកាណាដា បានគូសបញ្ជាក់ប្រាប់សម្ដេច ហ៊ុន ម៉ាណែត ពីគម្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យការទូត នាពេលឆាប់ៗខាងមុខ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្ដែងក្ដីរីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ នៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា និងចាត់ទុកប្រទេសកាណាដា គឺជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧ របស់កម្ពុជា ដែលការណ៍នេះបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាការបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា៕
អត្ថបទ៖ បូ ដូឡា ,រូបភាព ឯកសារ