នៅក្នុងឧស្សាហកម្មរថយន្ត ជាវិស័យមួយដែលនៅតែស្ថិតក្រោមគ្រប់គ្រងរបស់ក្រុមហ៊ុនផលិតរថយន្តល្បីៗដូចជាក្រុមហ៊ុន Toyota ក្រុមហ៊ុន Volkswagen និងក្រុមហ៊ុន General Motors ជាដើមនោះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន រួមមានទាំងក្រុមហ៊ុន BYD និងក្រុមហ៊ុន សៃ ម៉ូទ័រ (SAIC Motor) ផងបានបង្កើនសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស។
បន្ទាប់ពីវ៉ាឈ្នះសហរដ្ឋអាម៉េរិក ប្រទេសកូរ៉េខាងត្បួង និងប្រទេសអាល្លឺម៉ង់ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ប្រទេសចិន ពេលនេះកំពុងប្រកួតប្រជែងជាមួយប្រទេសជប៉ុន ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ១ ក្លាយជាប្រទេសនាំចេញរថយន្តលក្ខណៈគ្រួសារធំបំផុតរបស់ពិភពលោក។ ហើយក្នុងចំណោមរថយន្តទាំង៣,៦លានគ្រឿងដែលត្រូវបាននាំចេញពីចិនដីគោក គិតត្រឹមខែតុលា ឆ្នាំ២០២៣ នេះ មានប្រមាណ១,៣លានគ្រឿងជារថយន្តអគ្គិសនី (EV)។
ការវ៉ាដាច់គេផ្នែកលក់រថយន្តអគ្គិសនី (EV) នេះក៏ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រប្រកួតប្រជែងរវាងនាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺមហាសេដ្ឋី Elon Musk ដែលជានាយកប្រតិបត្តិមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោក និងមហាសដ្ឋី វ៉ាង ឈាន់ហ្វូ (Wang Chuanfu) ស្ថាបនិកក្រុមហ៊ុន BYD ផងដែរ។
ខណៈលោក Elon Musk ព្រមានថា គ្មានអ្នកប្រើប្រាស់គ្រប់គ្រាន់ដែលមានលទ្ធភាពទិញរថយន្តអគ្គិសនី (EV) របស់លោកដោយសារអត្រាការប្រាក់ខ្ពស់នោះ លោក វ៉ាង ឈាន់ហ្វូ (Wang Chuanfu) បានធ្វើការវាយលុកទីផ្សារយ៉ាងគំហុក ដោយក្រុមហ៊ុនរបស់លោកបានផ្គត់ផ្គង់រថយន្តស៊េរីខ្ពស់ចំនួន៦ម៉ូឌែលដែលមានតម្លៃទាបជាងឆ្ងាយ បើធៀបនឹងរថយន្ត Model 3 ជាម៉ូឌែលធូរថ្លៃបំផុតរបស់ក្រុមហ៊ុន Tesla ដែលលក់នៅក្នុងប្រទេសចិន។
ការផ្លាស់ប្ដូរនៅក្នុងការបញ្ជាទិញរថយន្តអគ្គិសនី (EV) ទូទាំងពិភពលោកនេះបង្ហាញពីការសម្រេចគោលដៅដែលមហាសេដ្ឋីចិន វ៉ាង ឈាន់ហ្វូ (Wang Chuanfu) វ័យ៥៧ឆ្នាំបានកំណត់ចាប់តាំងពីប្រទេសចិន ទើបតែចាប់ផ្តើមជំរុញឧស្សាហកម្មរថយន្តអគ្គិសនី (EV) របស់ខ្លួនដែលពេលនេះកំពុងវាយលុកទីផ្សារពិភពលោកយ៉ាងគំហុក៕
ដោយ៖ សុវិទ្យា ហោ