លោក គុជ សេដ្ឋា នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ហាងបញ្ចាំ ឃែស យូ អាប់ បានលើកឡើងថា ព្រោះតែភាពរីកចម្រើនឥតឈប់ឈរ នៃអាជីវកម្មបញ្ចាំនៅកម្ពុជារបស់ឃែស យូ អាប់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ទើបក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន សម្រេចប្រកាសពីការលក់សិទ្ធិអាជីវកម្មលើសេវាបញ្ចាំនេះ ដល់អតិថិជនរូបណា ដែលមានបំណងបើកអាជីវកម្មផ្នែកបញ្ចាំដោយភាពស្របច្បាប់ និងទំនុកចិត្ត។
លោកបានបន្ថែមថា ដោយឈរលើបទពិសោធន៍ជាង ៤០ឆ្នាំ មកពី ប្រទេសសិង្ហបុរី ឃែស យូ អាប់ គ្រោងនឹងពង្រីកសាខាបន្ថែមឲ្យបានដល់ ៣០សាខា ត្រឹមរយៈពេល ២ឆ្នាំខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹង កំណើននៃតម្រូវការប្រើប្រាស់សេវាកម្មបញ្ចាំរបស់ប្រជាពលរដ្ឋកម្ពុជា។
ម្យ៉ាងវិញទៀត គ្រាន់តែមិនបានប្រកាសជាផ្លូវការនៃការលក់សិទ្ធិអាជីវកម្មផង មានក្រុមហ៊ុនប្រមាណជា ១០ក្រុមហ៊ុន ទៅហើយ ដែលទាក់ទងមកដើម្បីសុំទិញ Franchise ហាងបញ្ចាំ ឃែស យូ អាប់ ខណៈដែលក្រុមហ៊ុនកំពុងតែពិនិត្យមើលយ៉ាងល្អិតល្អន់ មុននឹងសម្រេចចិត្តលក់សិទ្ធអាជិវកម្មឲ្យ។
ជាមួយគ្នានេះដែរ លោក កែវ និមិត្ត ទីប្រឹក្សាយុទ្ធសាស្រ្តនៃ ក្រុមហ៊ុន ឃែស យូ អាប់ បានបង្ហាញពីគំនិតសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះការពង្រីកទីផ្សារអាជីវកម្មបញ្ចាំនៅកម្ពុជានេះ ដោយលោកបានបញ្ជាក់ថា នេះគឺជាឱកាសល្អសម្រាប់ ឃែស យូ អាប់ ក្នុងការពង្រីកខ្លួននៅក្នុងប្រតិបត្តិការបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ក្នុងនាមជាក្រុមហ៊ុនបើកបញ្ចាំដែលស្របច្បាប់មួយនៅក្នុងស្រុក។ លោកបានបន្តថា កន្លងមក ក្រុមហ៊ុន ឃែស យូ អាប់ បានជួយយ៉ាងច្រើន ក្នុងការដោះស្រាយបញ្ហាត្រូវការសាច់ប្រាក់បន្ទាន់ដោយបានផ្តល់ភាពងាយស្រួលយ៉ាងច្រើនដល់អតិថិជនរបស់ខ្លួន។
បើតាមថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនឃែស យូ អាប់ទាំង២នេះបានបញ្ជាក់ថា ដើម្បីទទួលបានសិទ្ធិអាជីវកម្មពីក្រុមហ៊ុន ក្រុមហ៊ុន ឬអតិថិជនត្រូវ មានទស្សនវិស័យសម្រាប់ការរីកចម្រើនយូរអង្វែង ត្រូវមានដើមទុនផ្ទាល់ខ្លួនពី ២៥ម៉ឺនដុល្លារឡើងទៅ ត្រូវគោរព និងអនុលោមតាមច្បាប់ជាធរមានរបស់ប្រទេសកម្ពុជា ព្រមទាំងអនុវត្តតាមស្តង់ដាប្រតិបត្តិការរបស់ក្រុមហ៊ុនជាដើម។
គូរបញ្ជាក់ថា គិតមកទល់ពេលបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អាជ្ញាប័ណ្ណដល់ ក្រុមហ៊ុន និងហាងបញ្ចាំ នៅទូទាំងប្រទេសប្រមាណជាង ៥០០ស្ថាប័នហើយ៕