ដំណាំស្វាយចន្ទី

គ្រាប់ស្វាយចន្ទីរកម្ពុជា ទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីឈ្មួញ និងក្រុមហ៊ុនបរទេស


ការប្រមូលផលគ្រាប់ស្វាយចន្ទីនៅក្នុងឆ្នាំ២០២៥ បានបិទបញ្ចប់កាលពីពេលថ្មីៗ ហើយមានកសិករមួយចំនួនបានលក់គ្រាប់ស្វាយចន្ទីស្រស់អស់ តែក៏មានមួយចំនួនទៀតបានហាលស្ងួតទុកលក់តាមក្រោយ ដ្បិតពួកគេជឿជាក់ថា គ្រាប់ស្វាយចន្ទីស្ងួតនឹងមានតម្លៃល្អនៅចុងឆ្នាំនេះ។ បើតាមការអះអាងរបស់ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅមួយរយៈចុងក្រោយនេះមានឈ្មួញ និងក្រុមហ៊ុនបរទេសជាច្រើនបានចុះមកប្រមូលទិញគ្រាប់ស្វាយចន្ទី និងសិក្សាឱកាសវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីរនៅកម្ពុជា។
ដំណាំស្វាយចន្ទី
ដោយ

លោក ងួន គួយ កសិករដាំស្វាយចន្ទីម្នាក់នៅខេត្តស្ទឹងត្រែង បានឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទី​ស្ងួតនៅក្នុងសហគមន៍អូរពងមាន់ អាចលក់បានក្នុងតម្លៃចន្លោះពី៦ពាន់៥រយរៀល ដល់៦ពាន់៨រយរៀលក្នុង១គីឡូក្រាម ខណៈនៅក្នុងស្រុកចម្ការលើ ខេត្តកំពង់ចាម អាចលក់បានក្នុងតម្លៃចន្លោះពី៧ពាន់រៀលដល់៧ពាន់២រយរៀលក្នុង១គីឡូក្រាម ពោលគឺអាស្រ័យទៅលើគុណភាពគ្រាប់ស្វាយចន្ទី។ តម្លៃនេះត្រូវបានកសិកររូបនេះអះអាងថា មិនសូវមានភាពប្រសើរនោះទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

​ដោយឡែក លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា មកទល់ពេលនេះ ទីផ្សារគ្រាប់ស្វាយចន្ទីស្ងួតដែលមានគុណភាពខ្ពស់នៅតែមានតម្លៃល្អ ខណៈកសិករអាចលក់បានក្នុងតម្លៃ៧ពាន់២រយរៀលក្នុង១គីឡូក្រាម។ ទន្ទឹមនេះ អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ មានឈ្មួញបរទេសបានចុះមករកទិញគ្រាប់ស្វាយចន្ទីជាបន្តបន្ទាប់ ដែលខុសប្លែកជាងបណ្ដាឆ្នាំមុនៗ។ ការណ៍នេះ ត្រូវបានប្រធានសមាគមរូបនេះជឿជាក់ថា តម្លៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជានឹងកាន់តែប្រសើរ ខណៈនៅប្រទេសក្នុងតំបន់អាហ្រ្វិកខាងលិច ចាប់ផ្ដើមបិទការនាំចេញគ្រាប់ឆៅសម្រាប់ទុកកែច្នៃក្នុងស្រុក។ ជាមួយគ្នានេះ លោក អួន ស៊ីឡុត សង្ឃឹមថា នៅពេលកម្ពុជា រៀបចំសួនឧស្សាហកម្មស្វាយចន្ទីរួចរាល់នោះនឹងមានក្រុមហ៊ុនបរទេសធំៗកាន់តែច្រើនមកវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។

​គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Sinomach Hainan Development បានបង្ហាញចំណាប់អារម្មណ៍សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។ ក្រុមហ៊ុននេះ មានគម្រោងវិនិយោគឧស្សាហកម្មស្វាយចន្ទីជាបីដំណាក់កាលដោយដំណាក់កាលទី១ គ្រោងនឹងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានចំនួន៣ម៉ឺនតោនក្នុង១ឆ្នាំ, ដំណាក់កាលទី២ចំនួន២០ម៉ឺនតោនក្នុង១ឆ្នាំ និងដំណាក់កាលទី៣កែច្នៃឱ្យបាន៥០ម៉ឺនតោនក្នុង១ឆ្នាំ។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាតិ ប្រចាំឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


កម្ពុជា រកចំណូលបានជាង៤៦៨លានដុល្លារពីការលក់កៅស៊ូនៅ៨ខែ ឆ្នាំនេះ កើនឡើងជាង៤០%

ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាយ៉ាងណាក្តី តែទីផ្សារលក់ជ័រកៅស៊ូរបស់កម្ពុជា នៅឆ្នាំនេះ នៅតែរក្សាបានកំណើនវិជ្…

តម្លៃស្វាយកែវរមៀតខុសរដូវនៅដើមរដូវឆ្នាំនេះអាចលក់បានចន្លោះពី៥០០ទៅ៦០០រៀលក្នុង១គីឡូក្រាម

បច្ចុប្បន្នតម្លៃស្វាយកែវរមៀតខុសរដូវនៅដើមរដូវប្រមូលផលឆ្នាំនេះអាចលក់បានចន្លោះពី៥០០រៀលទៅ៦០០រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃមួយនៅទាបនៅឡើយ បើធៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ