កន្លងមក នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ត្រូវបិទទ្វារចាប់ពីថ្ងៃទី០១ ខែមសា ឆ្នាំ២០២០ តទៅ ដើម្បីបញ្ជៀសការឆ្លងរាតត្បាតនៃកូវីដ១៩។
ក្នុងការបិទទ្វាររយៈ២ខែ គឺខែមេសា និងខែឧសភា ណាហ្គាវើលដ៍ បានជួយឧបត្ថម្ភដល់បុគ្គលិកជាប្រាក់ខែ៥០ភាគរយ នៃប្រាក់ខែគោល ប៉ុន្តែ មកដល់ខែមិថុនានេះ ក្រុមហ៊ុនបានប្រកាសថា នឹងលែងឧបត្ថម្ភឲ្យបុគ្គលិកទៀតហើយ ដោយសារគាត់អស់លទ្ធភាពក្នុងការឧបត្ថម្ភ។ នេះបើយោងតាមប្រធានសហជីពប្រចាំនៅណាហ្គាវើលដ៍ អ្នកនាង ឈឹម ស៊ីថរ។
ថ្លែងតាមរយៈ WhatsApp, អ្នកនាង ឈឹម ស៊ីថរ បាននិយាយដូច្នេះថា៖ “វិបត្តិកូវីដនេះបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់បុគ្គលិកដែលធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹងជិត៦ពាន់នាក់ យ៉ាងធ្ងន់ធ្ងរ តាមរយៈការព្យួរការងារហ្នឹង ហើយមួយទៀតនោះ គឺសមាជិកបុគ្គលិកខ្លះរបស់សហជីពរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ហ្នឹង គឺគាត់ធ្វើការនៅក្នុងហ្នឹងទាំងគ្រួសារតែម្តង មានប្តី ប្រពន្ធ មានទាំងកូន មានទាំងបងប្អូន អ៊ីចឹង ពួកគាត់បាត់បង់ចំណូលទាំងគ្រួសារ។”
អ្នកនាង ឈឹម ស៊ីថរ បាននិយាយបន្តថា បើយោងតាមរបាយការណ៍សហជីព គឺមានជាង ៩០ភាគរយនៃសមាជិកសហជីពដែលនៅបង់បំណុលធនាគារទាំងអស់ អ្នកខ្លះបង់ការ អ្នកខ្លះបង់ដើម ខណៈអ្នកខ្លះផ្សេងទៀត បង់ទាំងការ ទាំងដើម ហើយភាគតិច ដែលធនាគារបានព្យួរការបង់ទាំងការ ទាំងដើម។
អ្នកនាង ឈឹម ស៊ីថរ បាននិយាយដូច្នេះថា៖ “អ៊ីចឹងទាំងបន្ទុកធនាគារ ទាំងបន្ទុក តម្រូវការចាំបាច់ ហូបចុក ជីវភាពប្រចាំថ្ងៃ បង់រំលស់ផ្ទះផ្សេងៗ ថ្លៃឈ្នួលផ្ទះអីនេះ បានក្លាយទៅជាវិបត្តិមួយសម្រាប់ពួកគាត់ទាំងអស់ ដូចជា ពលរដ្ឋផ្សេងៗទៀតដែលរងប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ១៩នេះ។”
ញត្តិដែលបានដាក់ចូលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមានបុគ្គលិកគាំទ្រចំនួន ២២៦៣នាក់ ខណៈញត្តិដែលដាក់ចូល ណាហ្គាវើលដ៍ ដើម្បីសុំការជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ មានចំនួន ៣២០០នាក់។ នេះបើយោងតាមអ្នកនាង ឈឹម ស៊ីថរ ដដែល។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា លោកមិនមានអ្វីអត្ថាធិប្បាយលម្អិតនោះទេ នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ក៏ប៉ុន្តែ បាននិយាយថា កម្មករនិយោជិតទាំងអស់មានសិទ្ធិទទួលបានអត្ថប្រយោជន៍តាមរយៈកម្មវិធីជំនួយសង្គម ដែលនឹងត្រូវចាប់ផ្តើមនាពេលឆាប់ៗនេះ៕