លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានប្រាប់ក្រុមការងារខេមបូណូមីសថា តម្លៃដំឡូងមីនៅរដូវប្រមូលផលកន្លងមកនេះ ហាក់គ្រាន់បើបន្តិច ប៉ុន្តែចំពោះទិន្នផលវិញ ហាក់មានការថយចុះជាងរដូវមុន ដោយសារតែទឹកជំនន់។ ម្យ៉ាងទៀតគុណភាពដំឡូងមីនៅឆ្នាំនេះ ក៏ល្អដែរ ដោយសារវាមានកម្រិតជាតិម្សៅខ្ពស់សម្រាប់ការកែច្នៃ។
លោក ឈឹម វជិរ៉ា បន្ថែមថា ៖« តាមការសន្និដ្ឋានរបស់ខ្ញុំ កន្លងមកដោយសារតែ ទាំងយើងទាំងថៃរងផលប៉ះពាល់ដោយសារតែទឹកជំនន់ដូចគ្នា អ៊ីចឹងហើយ វាធ្វើឲ្យមានការខូចខាតដំឡូងមីច្រើនដែរ ហើយថៃក៏ដូចខាតច្រើនដូចគ្នា ហើយម្យ៉ាងទៀតគុណភាពដំឡូងមីរបស់យើងឆ្នាំនេះ ក៏ល្អដែរ ដោយសារវាមានកម្រិតជាតិម្សៅខ្ពស់ ដែលអំណោយដល់ឈ្មួញថៃ គេទិញទៅហើយអាចទៅកែច្នៃអ្វីផ្សេង ដើម្បីបំពេញទីផ្សាររបស់គេ»។
បើទោះបីជា តម្លៃនៅឆ្នាំនេះ ហាក់គ្រាន់តែជាងមុនក៏ពិតមែន ប៉ុន្ដែ លោក ចាន់ សាមឿន កសិករដាំដំឡូងមីនៅភូមិបឹងប្រីយ៍ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បានគូសបញ្ជាក់ថា ឆ្នាំនេះដំឡូងមីរបស់គាត់ ក៏ដូចជាអ្នកភូមិផ្សេងទៀតដែរ គឺប្រមូលបានតិចដូចគ្នា ដោយសារតែទឹកជំនន់ ពោលគឺមានអ្នកខ្លះ ខូចស្ទើរតែពាក់កណ្ដាលក៏មានដែរ។
កសិករ ចាន់ សាមឿន បញ្ជាក់ថា ៖« ខ្ញុំដាំដំឡូងមីជាង៥ហិកតា ហើយបានប្រមូលផលលក់អស់ហើយ ភាគច្រើនខ្ញុំលក់ស្រស់ បានលុយលឿន ដើម្បីទូទាត់ការចំណាយផ្សេងៗ ហើយឆ្នាំនេះ ខ្ញុំប្រមូលផលបានតិចទេ ព្រោះទឹកលិចអស់កាលចុងឆ្នាំ២០២០ហ្នឹង ដល់អ៊ីចឹងទៅ វារលួយមើមអស់ ដោយ១ហិកតាបាន១០តោនអីហ្នឹង ដោយកាលមុន បានប្រហែលជាង២០តោនឯណោះ ក្នុងមួយហិកតា»។
ទោះយ៉ាងណា កសិករនៅតែមានការបារម្ភ ចំពោះតម្លៃទីផ្សារដំឡូងមី ដែលពួកគេអះអាងថា វាច្រើនតែពឹងផ្អែកការឡើង ឬចុះទៅតាមមាត់ឈ្មួញកណ្ដាលដែលបញ្ជាទិញ។
លោកស្រី នួន ណយ ដែលជាកសិករមានបទពិសោធន៍ដាំដំឡូងមីជាច្រើនឆ្នាំមកហើយនោះ បានឲ្យដឹងថា តម្លៃដំឡូងមីនៅឆ្នាំនេះ គឺលក់បានថ្លៃគួរសមបើធៀបនឹងឆ្នាំមុនេះ ប៉ុន្ដែ តាមការសង្កេតរបស់លោកផ្ទាល់ ជាទូទៅ កាលណាដែលកសិករប្រមូលផលដំឡូងមីបានតិច តម្លៃគឺច្រើនតែលក់បានខ្ពស់ តែបើកសិករប្រមូលផលបានច្រើនតម្លៃក៏ទៅតាមហ្នឹង ពោលគឺវាអាស្រ័យទៅលើតែឈ្មួញ។
កសិករ នួន ណយ បញ្ជាក់ថា ៖« តម្លៃដំឡូងមី ស្រេចតែលើមាត់ឈ្មួញ អ៊ីចឹងពិបាកណាស់ ពេលបានច្រើនវាលក់បានថោក ពេលបានតិចវាលក់បានថ្លៃ ទូទាត់ទៅក៏គ្មានចំណេញអីប៉ុន្មានដែរ បានតែមួយរស់ហ្នឹង តែបើចង់ឲ្យប្តូរមុខរបរ មិនដឹងទៅធ្វើអី បើចេះតែការងារចំការហ្នឹង»។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម ស្តីពីលទ្ធផលនៃការនាំចេញផលិតផលសកសិកម្ម ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ បានបង្ហាញថា ការនាំចេញ ចំណិតដំឡូងមីក្រៀមមានប្រមាណជាង១លានតោនទៅកាន់ប្រទេសច កើនឡើងជាង២៥% ,ដំឡូងមីស្រស់មានប្រមាណជាង៣០ម៉ឺនតោន ថយចុះជិត៧% ខណៈដែលការនាំចេញម្សៅដំឡូងមីមានប្រមាណជាង១ម៉ឺនតោន កើនឡើងជាង៤០%។ ក្នុងនោះ ប្រទេសចិន ថៃ និងវៀតណាម គឺជាទីផ្សារធំជាងគេសម្រាប់ការនាំចេញដំឡូងមីរបស់កម្ពុជា៕