គោលនយោបាយជាតិស្តីពីដំឡូងមីត្រូវបានប្រកាសដាក់សម្ពោធជាផ្លូវការ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តជាកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០កន្លងទៅ។
ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានលើកឡើងថា គោលការណ៍សំខាន់ៗទាំង៣របស់គោលនយោបាយជាតិដំឡូងមីរួមមាន ទី១ផ្លាស់ប្តូរពីផលិតកម្មបែបប្រពៃណីឬគ្រួសារ ឱ្យទៅជាផលិតកម្មបែបពាណិជ្ជកម្ម។ ទី២ គាំទ្រដល់អ្នកកែច្នៃ ដំឡូងមីឱ្យមានសក្តានុពល និងទាក់ទាញការវិនិយោគ ដើម្បីកែច្នៃដំឡូងមីដែលមានតម្លៃខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងចុងក្រោយលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្មនិងចាប់យកចំណែកទីផ្សារ។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា ដំឡូងមីជាដំណាំយុទ្ធសាស្រ្តមួយរបស់កម្ពុជាបន្ទាប់ពីដំណាំយុទ្ធសាស្រ្តផ្សេងទៀតដូចជាស្រូវ ពោត និងកៅស៊ូជាដើម។ លោកបានសម្តែងការសាទរជាមួយនឹងគោលនយោបាយជាតិដំឡូងមីនេះ ដោយសង្ឃឹមថា នឹងមានការលើកទឹកចិត្តនិងជំរុញកសិករដែលដាំដុះដំឡូងមីឲ្យស្របតាមស្តង់ដារ និងប្រកបដោយគុណភាព និងបរិមាណ ជៀសវាងជួបការខាតបង់ដូចពេលកន្លងមក។
ជាអ្នកជំនាញសេដ្ឋកិច្ច និងជាអ្នកជំនួញកសិ-ឧស្សាហកម្មផងដែរនោះ ឧកញ៉ា លឹម ហេងបានមើលឃើញថា កន្លងមកឧស្សាហកម្មដំឡូងមីក្នុងស្រុកមិនទាន់មានលំនឹងនៅឡើយទេ ដោយកម្ពុជាបាននាំចេញផលិតផលពីដំឡូងមីមួយចំនួនដូចជាដំឡូងមីចំណិតស្រស់ទៅប្រទេសជិតខាង ដូចជាវៀតណាមនិងថៃ ខណៈការនាំចេញម្សៅដំឡូងមីទៅចិននៅមិនទាន់ទទួលបានការរួចពន្ធនៅឡើយទេ ទោះបីជាកម្ពុជាបានសម្រចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនក្តី ហើយលោករំពឹងថា នឹងមានការចរចាឲ្យម្សៅដំឡូងមីកម្ពុជានាំចេញទៅចិនដោយរួចពន្ធក្នុងពេលឆាប់ៗនេះ។
បន្ថែមពីលើនេះ លោកឧកញ៉ា លីម ហេងយល់ថា វិស័យដំឡូងមីនៅកម្ពុជានឹងមានភាពនឹងនរព្រមទាំងរីកចម្រើនជាងមុននៅចុងឆ្នាំ ២០២១នេះ ជាមួយនឹងវត្តមាននៃគោលនយោបាយជាតិស្តីពីដំឡូងមីច្បាស់លាស់មួយដូចពេលនេះ។
កសិករមួយរូបឈ្មោះ យី ប៉ាត់ រស់នៅនិងដាំដុះដំឡូងមីនៅភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ការប្រមូលផលដំឡូងមីរបស់អ្នកស្រីបានតែ ២០តោនប៉ុណ្ណោះ ធៀបទៅឆ្នាំ២០១៩ អ្នកស្រីប្រមូលផលបានជិត៥០តោន។ អ្នកស្រីបន្តថា ទិន្នផលឆ្នាំនេះមានការធ្លាក់ចុះ ដោយសារភ្លៀងខ្លាំង និងមួយរយៈមុនមានទឹកជំនន់ផងនោះ ដែលជាហេតុធ្វើឲ្យដំឡូងរលួយ។
ស្រ្តីវ័យ ៦០ឆ្នាំរូបនេះបន្តថា ដំឡូងមីដែលប្រមូលបានត្រូវលក់ទៅឲ្យឈ្មួញនៅតាមជាយដែន និងនាំចេញទៅប្រទេសថៃ ក្នុងតម្លៃមួយគីឡូ ៣៥០រៀល។ អ្នកស្រីថា ពន្យល់ថាតម្លៃនេះ មានការកើនឡើង ដោយសារឆ្នាំ២០១៩ អ្នកស្រីលក់បានតែ ២៥០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។
សូមបញ្ជាក់ថា ក្នុងពេញមួយឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីប្រមាណ៦០ម៉ឺនហិកតា ប្រមូលផលបាន ១២លានតោន និងនាំចេញទៅក្រៅប្រទេសប្រមាណ៧លានតោន។ នេះបើតាមទិន្នន័យរបស់ក្រសួងកសិកម្ម៕