ថ្នាក់ដឹកនាំសមាគមទឹកត្រីកំពតរំពឹងថា ការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រនេះនឹងជួយធ្វើឲ្យទឹកត្រីកំពតកាន់តែមានភាពល្បីល្បាញ ជាពិសេសជួយធ្វើឲ្យតម្លៃទឹកត្រីកំពតកាន់តែមានភាពល្អប្រសើរ និងអាចហក់ចូលទីផ្សារអន្តរជាតិក្នុងពេលឆាប់ៗខាងមុខ។ ជាមួយគ្នានេះថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មបានបង្ហាញជំនឿយ៉ាងមុតមាំថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ និងម៉ាកសមូហភាពវានឹងជំរុញកំណើនតម្រូវការក្នុងទីផ្សារជាតិ និងអន្តរជាតិឲ្យមានការកើនឡើងបន្ថែមទៀត ជាពិសេសវានឹងក្លាយជាផ្នែកមួយនៃវិស័យទេសចរណ៍ក្នុងការជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
នាទិវាកម្មសិទ្ធិបញ្ញាពិភពលោកប្រចាំឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ក្រសួងពាណិជ្ជកម្មបានរៀបចំកម្មវិធីសម្ពោធ និងប្រកាសចុះបញ្ជីផលិតផលខ្មែរចំនួន៧ប្រភេទជាម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ និងម៉ាកសមូហភាព ក្នុងនោះទឹកត្រីកំពតដែលជាផលិតផលកេរតំណែលដូនតាត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រ។ អ្នកផលិតទឹកត្រីដ៏ល្បីល្បាញម្នាក់នៅខេត្តកំពតលោកឧកញ៉ា ចាន់ ស៊ីថា បានបង្ហាញជំនឿយ៉ាងមុតមាំចំពោះការចុះបញ្ជីនេះ ក្នុងជួយពង្រីកទីផ្សារទឹកត្រីកំពតទាំងនៅក្នុងស្រុក និងក្រៅស្រុកឲ្យកាន់តែទូលំទូលាយ និងល្បីល្បាញបន្ថែមទៀត។ ព្រោះការចុះបញ្ជី GI នេះមានន័យថា ទឹកត្រីកំពតត្រូវបានទទួលស្គាល់មានគុណភាពល្អ ហើយការផលិតគោរពតាមគោលការណ៍តម្រូវត្រឹមត្រូវ។
យ៉ាងណាមិញម្ចាស់សហគ្រាសផលិតទឹកត្រី អ៊ីឆេ ង៉ូវហេង រូបនេះរំពឹងថា ក្រោយការចុះបញ្ជីនេះវានឹងជួយជំរុញឲ្យផលិតផលទឹកត្រីកំពត ដែលមានភាពឈ្មោះបោះសម្លេងតាំងពីឆ្នាំ១៩៦០ នឹងអាចហក់ចូលទៅក្នុងទីផ្សារអន្តរជាតិក្នុងពេលឆាប់ៗខាងមុខនេះ។ លោកឧកញ៉ា ចាន់ ស៊ីថា ជឿជាក់ថា តម្លៃទឹកត្រីកំពតនឹងមានការកើនឡើងបន្ថែមមួយកម្រិតទៀតប្រសិនបើផលិតផលនេះពិតជាអាចហក់ចូលក្នុងទីផ្សារអន្តរជាតិមែននោះ។ លោកឧកញ៉ា ចាន់ ស៊ីថា បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងរំពឹងអាចហក់ចូលក្នុងទីផ្សារអន្តរជាតិ ផលិតផលទឹកត្រីកំពតត្រូវធានាថា មានគុណភាពអាចឆ្លើយតបស្តង់ដារតម្រូវ ហើយបរិមាណទៀតសោតត្រូវឆ្លើយតបនឹងតម្រូវការបញ្ជាទិញរបស់អតិថិជន។ កត្តានេះវាទាមទារឲ្យអ្នកផលិតទឹកត្រីកំពតទាំងអស់ត្រូវសហការគ្នា និងឯកភាពគ្នាលើស្តង់ដារផលិតរួមមួយ។
ជាមួយគ្នានេះឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបង្ហាញជំនឿជឿជាក់ថា ក្រោយការចុះបញ្ជីជាទំនិញម៉ាកសម្គាល់ភូមិសាស្ត្រវានឹងជួយជំរុញធ្វើឲ្យទីផ្សារផលិតផលទឹកត្រីកំពតកាន់តែមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀតទាំងទីផ្សារក្នុងស្រុកនិងក្រៅស្រុក។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី គោលបំណងនៃការចុះបញ្ជីមុខទំនិញមួយជាម៉ាកសម្គាល់ភូមិសាស្ត្រ ឬម៉ាកសមូហភាព គឺដើម្បីជួយបង្កើនតម្លៃបន្ថែម និងពង្រីកទីផ្សារផលិតនោះឲ្យកាន់ទូលំទូលាយបន្ថែមទៀត។ ការអភិរក្សវប្បធម៌ប្រពៃណី និងអភិវឌ្ឍន៍ផលិតផលឲ្យកាន់តែមានភាពរីកចម្រើន ក៏ស្ថិតក្នុងគោលបំណងនៃការបញ្ជីផងដែរ។
ក្រៅពីផលិតផលទឹកត្រីកំពត ក្រសួងពាណិជ្ជកម្មក៏បានចុះបញ្ជីផលិតផលអំបិលកំពតកែប និងបង្កងតាកែវជាម៉ាកសម្គាល់ភូមិសាស្ត្របន្ថែមលើម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី និងក្រូចថ្លុងកោះទ្រុងខេត្តក្រចេះ។ ជាមួយគ្នានេះ អំបុកកំពង់ធំ, ដូងខ្ទះបាត់ដំបង, ក្រូចថ្លុងកោះពីរ និងនំបញ្ចុកសៀមរាបត្រូវបានចុះបញ្ជីជាម៉ាកសមូហភាព។
គួររំលឹកថា ទឹកត្រីកំពតត្រូវបានផលិត និងមានឈ្មោះបោះសម្លេងតាំងពីឆ្នាំ១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។ ប៉ុន្តែត្រូវបានផ្អាកការផលិតនិងបាត់ឈ្មោះនៅក្នុងរបបខ្មែរក្រហម។ បន្ទាប់មកបានចាប់ផលិតជាលក្ខណៈគ្រួសារឡើងវិញនៅអំឡុងឆ្នាំ១៩៩៥ រហូតមកទល់បច្ចុប្បន្ន៕