ក្រសួងកសិកម្មជំរុញពលរដ្ឋឲ្យចិញ្ចឹមគោពូជ

ក្រសួងកសិកម្មជំរុញពលរដ្ឋឲ្យចិញ្ចឹមគោពូជ ស្របពេល i7 ចាប់ដៃជាមួយ CCEC ពង្រីកការបង្កាត់គោពូជ


មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកទឹកចិត្តឲ្យពលរដ្ឋងាកមកចិញ្ចឹមគោពូជ ដ្បិតវាហុចផលឲ្យល្អនឹងមានទីផ្សារខ្ពស់។ ការជំរុញបែបនេះធ្វើឡើងក្រោយមានក្រុមហ៊ុនចិញ្ចឹមគោពូជដ៏ធំមួយធានាអះអាងប្រមូលទិញគោពូជពីប្រជាពលរដ្ឋក្នុងតម្លៃលើសទីផ្សារ។ ទន្ទឹមនឹងការលើកទឹកចិត្តឲ្យមានការចិញ្ចឹមគោពូជពីសំណាក់ក្រសួងកសិកម្ម កសិដ្ឋានចិញ្ចឹមគោពូជដែលនាំចូលពីបរទេសដ៏ធំមួយ i7 បានចាប់ដៃគ្នាជាមួយក្លឹបអ្នកឯកទេសគោកម្ពុជា(CCEC) ពង្រីកការបង្កាត់គោពូជជូនប្រជាពលរដ្ឋតាមបែបសិប្បនិម្មិតនៅទូទាំងប្រទេសកម្ពុជា។
ក្រសួងកសិកម្មជំរុញពលរដ្ឋឲ្យចិញ្ចឹមគោពូជ ស្របពេល i7 ចាប់ដៃជាមួយ CCEC ពង្រីកការបង្កាត់គោពូជ
ដោយ

ទាំងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និងថ្នាក់ដឹកនាំកសិដ្ឋានចិញ្ចឹមគោពូជ i7 រំពឹងថា តាមរយៈភាពជាដៃគូរវាង i7 និងក្លឹបអ្នកឯកទេសគោកម្ពុជានឹងជួយធ្វើឲ្យវិស័យចិញ្ចឹមគោពូជនៅកម្ពុជាកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញ និងលើកទឹកចិត្តឲ្យកសិករងាកមកចិញ្ចឹមគោពូជជំនួសឲ្យការចិញ្ចឹមក្តាម ឬហៅម្យ៉ាងគោកណ្តុរ កន្លាត ព្រោះវាអាចហុចផលបានខ្ពស់ និងមានទីផ្សារល្អ។ ការជំរុញបែបនេះរបស់ ឯកឧត្តម ធ្វើឡើងក្រោយកសិដ្ឋានចិញ្ចឹមគោពូជនាំចូលពីបរទេសដ៏ធំមួយ i7 បានប្រកាសធានាទិញគោពូជពីប្រជាពលរដ្ឋត្រឡប់មកវិញ ប្រសិនបើការចិញ្ចឹមគោរពតាមគោលការណ៍តម្រូវរបស់ក្រុមហ៊ុននេះ។ ទន្ទឹមនឹងការលើកទឹកចិត្តនេះ ឯកឧត្តម បានណែនាំឲ្យពលរដ្ឋចិញ្ចឹមគោត្រូវគិតគូពីគុណភាព និងស្តង់ដារអនាម័យ ដើម្បីប្រកួតប្រជែងជាទីផ្សារសាច់គោដែលនាំចូលផងដែរ។

អនុរដ្ឋលេខាធិការក្រសួងកសិកម្មរូបនេះកត់សម្គាល់ឃើញថា វិស័យចិញ្ចឹមសត្វ ជាពិសេសគោពូជល្អៗនៅកម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយហាក់មានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើធៀបនឹងប៉ុន្មានឆ្នាំមុន។ ជាក់ស្តែងមានក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលី និងប្រទេសមួយចំនួនទៀត បានបោះទុនវិនិយោគលើចិញ្ចឹមគោពូជយកសាច់ និងយកទឹកដោះនៅកម្ពុជា។ ជាពិសេសកាលពីពេលថ្មីៗ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើបអនុម័តឲ្យក្រុមហ៊ុនរបស់វៀតណាម EASTERN RUBBER (CAMBODIA) CO., LTD” បង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំនៅស្រុកស្នួល ខេត្តក្រចេះ ជាមួយទុនវិនិយោគជាង៧៣លានដុល្លារអាម៉េរិក និងផ្តល់ការងារជិត៨០កន្លែង។

ដើម្បីជួយជំរុញ និងលើកកម្ពស់វិស័យចិញ្ចឹមគោពូជនៅកម្ពុជាឲ្យកាន់តែរីកចម្រើ កាលពីពេលថ្មីៗកសិដ្ឋានចិញ្ចឹមគោពូជនាំចូលពីបរទេសដ៏ធំនៅកម្ពុជា i7 របស់លោកឧកញ៉ា ស្រី ចន្ធូ និងក្លឹបអ្នកឯកទេសគោកម្ពុជា ហៅកាត់ថា ស៊ីសេក បានចុះអនុសារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងបង្កាត់សិប្បនិម្មិតគោពូជនៅកម្ពុជា។ លោកឧកញ៉ា ស្រី ចន្ធូ នាយកប្រតិបត្តិក្រុមហ៊ុន អាយ សេវេន រេនច៍ បានគូសបញ្ជាក់ថា គោលបំណងនៃការចាប់ដៃគ្នា គឺដើម្បីកែប្រែពូជគោ ក៏ដូចជាង្រីកការបង្កាត់គោពូជតាមបែបសិប្បនិម្មិតនៅកម្ពុជា ដែលតាមផែនការគ្រោងពង្រីកភ្នាក់ងារបង្កាត់ឲ្យបានដល់២៥រាជធានីខេត្តនៅត្រឹមចុងឆ្នាំ២០២៣នេះ។

លោកឧកញ៉ា ស្រី ចន្ធូ រំពឹងថា តាមរយៈភាពជាដៃនេះវានឹងជួយអភិវឌ្ឍន៍វិស័យចិញ្ចឹមគោពូជនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ជាពិសេសជួយលើកកម្ពស់ជីវភាព និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកជួយរក្សាស្ថិរភាពសន្តិសុខស្បៀងអាហារជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោក ភឿក សុខជា ប្រធានក្រុមក្លឹបអ្នកឯកទេសគោកម្ពុជាបានចាត់ទុកភាពដៃគូនេះ គឺជាលទ្ធផលជាវិជ្ជមានថ្មីមួយទៀតសម្រាប់ក្លឹបរបស់លោកក្នុងការរួមចំណែកជួយលើកស្ទួយវិស័យចិញ្ចឹមសត្វនៅកម្ពុជា ពិសេសការចិញ្ចឹមគោ និងការអភិវឌ្ឍន៍ពូជគោ និងការចែកចាយទឹកស្អែមពូជគោល្អៗ ឧបករណ៍ សម្ភារៈ ពាក់ព័ន្ធនឹងការបង្កាត់ តាមរយៈក្រុមហ៊ុន អាយ សេវេន រេនថ៍ (ខេមបូឌា) និងក្រុមភ្នាក់ងារបច្ចេកទេស បង្កាត់សិប្បនិម្មិតនៃក្លឹបអ្នកឯកទេសគោកម្ពុជា។

សម្រាប់លោក សុខជា ដើម្បីអាចសម្រេចគោលដៅទាំងនេះទាមទារឲ្យមានការគិតគូដល់វិស័យកសិកម្ម និងខ្សែច្រវាក់ផលិតកម្មទាំងមូលតាំងពីមុនពេលផលិតរហូត ដល់ការលក់នៅលើទីផ្សារ ដែលជាកំណែទម្រង់ដ៏ធំ ស៊ីជម្រៅ និងប្រើរយ:ពេលយូរ ហើយការងារនេះមិនមែនពាក់ព័ន្ធត្រឹមតែក្រសួងកសិកម្មមួយប៉ុណ្ណោះទេ តែទាមទារឱ្យមានការចូលរួមពីគ្រប់តួរអង្គទាំងអស់ក្នុងការដោះស្រាយបញ្ហាទាំងនេះ។

ក្រៅពីពង្រីកការបង្កាត់ពូជគោនៅតាមបណ្តាខេត្តនានា ម្ចាស់កសិដ្ឋានចិញ្ចឹមគោ i7 ក៏បានប្រកាសពីផែនការជួយបង្កាត់គោពូជជូនប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ សេវេន អ៊ិនជី ដោយឥតគិតថ្លៃផងដែរ។ លើសពីនេះ កសិដ្ឋាន i7 ក៏មានកម្មវិធីលក់គោពូជជូនប្រជាពលរដ្ឋ តាមរយៈការបង់រំលស់ផងដែរ៕




អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន៖ ការយកលុយពីគណៈប្រតិភូកីឡាស៊ីហ្គេម មិនអាចជួយឲ្យកម្ពុជាក្លាយជាអ្នកមាននោះទេ

ព័ត៌មាន
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសធានារ៉ាប់រងថ្លៃចំណាយរបស់ប្រតិភូកីឡាទាំងអស់ ដែលមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ស្រាប់តែ…

អាជ្ញាធរខេត្តព្រះសីហនុកំពុងជំរុញលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមបង់ថ្លៃសំណល់ទឹកសម្អុយ

ព័ត៌មាន
អភិបាលខេត្តព្រះសីហនុកំពុងជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមបង់ថ្លៃទឹកសំណល់ទឹកសម្អុយ ខណៈដែលបច្ចុប្បន្ននៅមិនទាន់មានប្រជាពលរដ្ឋចូលរួមអនុវត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ