បើតាម CDC គម្រោងកសិដ្ឋានដែលត្រូវបានអនុម័តនេះ គឺជារបស់ក្រុមហ៊ុន KANG HWA E & C (CAMBODIA) CO., LTD ដោយកសិដ្ឋាននេះ នឹងមានចិញ្ចឹមសត្វ គោ មាន់ និងទា ព្រមទាំងមានរោងចក្រកែច្នៃ និងបង្កើតស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង ៤,៥មេហ្គាវ៉ាត់ សម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋានផងដែរ។
គម្រោងកសិកដ្ឋាននេះ មានទីតាំងវិនិយោគស្ថិតនៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៣១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៤កន្លែង។
នៅអំឡុងពេលនៃការរីករាលដាលនៃកូវីដ-១៩ នេះវិស័យកសិកម្មរបស់កម្ពុជាបានដើរតួនាទីកាន់តែសំខាន់ដើម្បីធានានូវការផ្គត់ផ្គង់ក្នុងស្រុក និងជំរុញឈានដល់ការនាំចេញ។ យ៉ាងណាមិញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានជំរុញឲ្យប្រជាកសិករបន្តខិតខំចិញ្ចឹមសត្វបន្ថែមទៀត (ជ្រូក មាន់ ទា និងត្រី) ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការគ្រួសារ ទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ និងជាពិសេសរឹតត្បិតការនាំចូលសត្វ។
លើសពីនេះទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិបត្តិកូវីដ-១៩ នេះ គឺជាឱកាសមាសសម្រាប់កម្ពុជាក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម ខណៈដែលផលិតផលកសិកម្ម ស្បៀងអាហារនេះ គឺជាតម្រូវការមិនអាចខ្វះបានសម្រាប់ការរស់នៅរបស់មនុស្ស ទោះក្នុងកាលៈទេសៈណាក៏ដោយ៕