ក្រុមហ៊ុន​ជប៉ុន​នឹងរើ​ចេញពីចិន​

ក្រុមហ៊ុនជប៉ុនចំនួន ១៥ នឹងរើផលិតកម្មពីចិន ចូលទៅកាន់វៀតណាម!


ស្ថិតក្រោមគម្រោងជួយពីរាជរដ្ឋាភិបាលជប៉ុន អំពីការឧបត្ថម្ភធនដល់ក្រុមហ៊ុនជប៉ុនឲ្យរើផលិតកម្មចេញពីប្រទេសចិនត្រឡប់ចូលទៅកាន់ប្រទេសជប៉ុនវិញ ឬទៅកាន់ប្រទេសតំបន់អាស៊ីអាគ្នេយ៍នោះ គេឃើញមានក្រុមហ៊ុនជប៉ុនចំនួន ១៥ ក្រុមហ៊ុនហើយបានចុះឈ្មោះដើម្បីរើផលិតកម្មចេញពីប្រទេសចិនចូលក្នុងប្រទេសវៀតណាម។ នេះបើតាមការរាយការណ៍របស់សារព័ត៌មានក្នុងស្រុកវៀតណាម។
ក្រុមហ៊ុនជប៉ុន ចំនួន ១៥ នឹងរើផលិតកម្មពីចិន ចូលទៅកាន់វៀតណាម (រូបភាព៖ VN Express)

ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម​ជប៉ុន បាន​លើកឡើងថា ការជួយ​ឲ្យ​ក្រុមហ៊ុនជប៉ុន​រើចេញពីប្រទេសចិននេះ គឺជាផ្នែកមួយ​នៃគម្រោង​ថ្មីមួយ របស់​រាជរដ្ឋាភិបាល​ជប៉ុន ដើម្បី​ធានាសុវត្ថិភាព​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​កាត់បន្ថយ​ការពឹងផ្អែក​ខ្លាំង​ទៅលើ​រោងចក្រផលិត​ក្នុងប្រទេសចិន។

សារព័ត៌មាន VN Express បាន​រាយការណ៍ាថា ​ក្រុមហ៊ុន​ជប៉ុន​ចំនួន ១៥ ដែលនឹង​រើចូលវៀតណាមនោះ  គឺស្ថិត​នៅក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​៣០​ដែលបាន​ចុះឈ្មោះ រើ​រោងចក្រ​ចេញពីប្រទេសចិន ចូលទៅកាន់ទីផ្សារ​តំបន់អាស៊ីអាគ្នេយ៍វិញ រួមមាន​ដូចជា​ប្រទេស​វៀតណាម ហ្វីលីពីន ថៃ និងឡាវ។

តាម​ទិន្នន័យ​ដែលបាន​បង្ហាញ​ដោយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (Jetro) បានឲ្យដឹងថា មាន​ក្រុមហ៊ុន​ចំនួន ៦ នៃក្រុមហ៊ុនជប៉ុន​ទាំង ១៥ ដែលនឹង​រើចូលទៅកាន់​វៀតណាមនោះ គឺជាក្រុមហ៊ុន​ខ្នាតធំ ហើយ​ក្រុមហ៊ុន​ចំនួន​៩ទៀត គឺជា​សហគ្រាស​ខ្នាតតូច និងមធ្យម។

ភាគច្រើន​នៃ​ក្រុមហ៊ុន​ទាំងនោះ ផលិត​ផលិតផល​សុខាភិបាល ខណៈដែល​មានមួយចំនួនទៀត ផលិត​គ្រឿងបង្គុំ​អេឡិចត្រូនិក គ្រឿងទូរស័ព្ទ, ម៉ាស៊ីនត្រជាក់ ឬ ថាមពល​ម៉ូឌុល (Power modules)។

ទោះយ៉ាងណា មិនមានព័ត៌មាន​បញ្ជាក់​នៅឡើយទេថា តើ​ក្រុមហ៊ុនជប៉ុន​ទាំងនោះ នឹង​រើ​ផលិតកម្ម​របស់ខ្លួន​ទាំងស្រុង​ ឬក៏រើ​ផ្នែកខ្លះ​ពីប្រទេសចិន។

មានក្រុមហ៊ុន​មួយ​នៅក្នុងចំណោម​នោះ គឺ Hoya Corporation ដែលជា​ក្រុមហ៊ុន​ផលិត​គ្រឿង​បង្គុំ​ Hard-Drive ត្រូវបាន​គេរំពឹងថា នឹង​រើ​ពីប្រទេសចិន ចូលទៅកាន់វៀតណាម​ និងឡាវ។

អង្គការពាណិជ្ជកម្ម​ជប៉ុន​បាន​និយាយថា រាជរដ្ឋាភិបាល​ជប៉ុន​នឹង​ចំណាយ​ប្រមាណ​ពី ៩៣ម៉ឺនដុល្លារ ទៅដល់​ ៤៦,៧ លាន​ដុល្លារអាមេរិក សម្រាប់​ក្រុមហ៊ុន​នីមួយៗ​ក្នុងការ​រើផលិតកម្ម​ចេញពី​ប្រទេសចិន។

ក្រៅពី​ក្រុមហ៊ុន​ទាំង៣០ ដែលនឹង​រើ​ពីចិនចូល​ប្រទេស​តំបន់អាស៊ីអាគ្នេយ៍នេះ ក៏មាន​ក្រុមហ៊ុនជប៉ុន​ចំនួន​៥៧ ផ្សេងទៀត រួមទាំង ក្រុមហ៊ុន Iris Ohyama Inc. ដែលជាក្រុមហ៊ុន​ផលិតម៉ាស និង​ក្រុមហ៊ុន Sharp Corp ក៏នឹង​ទទួលបាន​ការឧបត្ថម្ភធន​ពីរដ្ឋជប៉ុន ប្រមាណ ៥៣៦ លាន​ដុល្លារអាមេរិក ដើម្បីរើចេញពីចិន​ផងដែរ។ នេះបើតាម​ការរាយការណ៍​របស់​សារព័ត៌មាន​ Bloomberg។

ជប៉ុន​គឺជា​អ្នកវិនិយោគ​ធំ​ទី៤ របស់​វៀតណាម​ នៅក្នុង​ដើមទុន​ចុះបញ្ជី កាលពីឆ្នាំមុន បន្ទាប់ពីប្រទេស​កូរ៉េខាងត្បូង ហុងកុង និងសិង្ហបុរី។

ប្រភពព័ត៌មាន​ជប៉ុន Asian Nikkei Review បាន​ឲ្យដឹងដែរថា ក្នុងចំណោម​ក្រុមហ៊ុន និងគម្រោង​វិនិយោគ​សរុប​ទាំង ៨៧ នោះ ដែល​នឹង​រើ​ចេញ​ប្រទេសចិន​នោះ គឺមាន​ក្រុមហ៊ុន​ចំនួន ៣០ នឹង​រើ​ផលិតកម្ម​របស់ខ្លួន​ពីប្រទេសចិន​ទៅ​កាន់​ប្រទេស​តំបន់អាស៊ីអាគ្នេយ៍​។ រីឯ​គម្រោង​ចំនួន ៥៧ទៀត នឹង​រើ​ពីចិន ទៅកាន់ជប៉ុនវិញ។ បន្ថែមពីនេះ ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​អាច​រើចេញពី​ប្រទេសចិន​បាន​រដ្ឋជប៉ុន​បាន​ត្រៀមថវិកា​ឧបត្ថម្ភធន​ជាង​៦៥០លាន​ដុល្លារអាមេរិក​ដើម្បី​ចំណាយ​លើការរើ​ផលិតកម្មនេះ។

ទឹកប្រាក់​សរុប​ជាង ៦៥០ លាន​ដុល្លារអាមេរិក នៅជុំដំបូង​​ដែលនឹង​ប្រើប្រាស់​ឧបត្ថម្ភធន​​ជួយ​ឲ្យរោងចក្រ​ជប៉ុន​រើ​ចេញពីប្រទេស​ចិននេះ​គឺបានដកចេញ​ពី​កញ្ចប់ថវិកា​សរុប ២៤៣,៥ ពាន់លាន​យេន ដែលរាជរដ្ឋាភិបាល បាន​រៀបចំទុក​នៅក្នុង​ខែ​មេសា។

ប្រទេសចិន គឺជា​ដៃគូពាណិជ្ជកម្ម​ដ៏ធំបំផុត​របស់​ប្រទេស​ជប៉ុន ក្រោម​កាលៈទេសៈ​ធម្មតា ហើយ​ក្រុមហ៊ុន​ជប៉ុន​មានការវិនិយោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅក្នុង​ប្រទេសចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារទំនើបដ៏ធំមួយទៀត នឹងបើក​ដំណើរការនៅតំបន់ផ្លូវវេងស្រេង-ភ្នំពេញ នៅឆ្នាំក្រោយនេះ

ព័ត៌មាន
K Mall ជាផ្សារទំនើបដ៏ថ្មីមួយស្ថិតនៅលើមហាវិថី វេង ស្រេង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Urbanland។ ផ្សារទំនើបនេះនឹងបើកជូនសាធារណជនជាលើក…

CDC អនុម័តគម្រោងកសិដ្ឋានចិញ្ចឹមសត្វធំមួយ តម្លៃវិនិយោគជិត៣២លានដុល្លារ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC នៅថ្ងៃទី ២០ ខែកក្កដានេះ បានផ្សព្វផ្សាយពីការអនុម័តគម្រោងចំនួន៣ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ