បណ្ណបំណុលតម្លៃជាង ៣០ពាន់លានដុល្លារ ដែលធនាគារកណ្ដាលឥណ្ឌូនេស៊ីគ្រោងទិញពីរដ្ឋាភិបាលនោះ មានជិតពាក់កណ្ដាល គឺនឹងទិញយកនៅក្នុងឆ្នាំ២០២១នេះ ហើយនៅជាងពាក់កណ្ដាលទៀត នឹងទិញនៅឆ្នាំ២០២២។ ថវិកាដែលរដ្ឋាភិបាលលក់បណ្ណបំណុលទាំងនោះ នឹងត្រូវប្រើជាមូលនិធិដល់យុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេស និងប្រើសម្រាប់ដោះស្រាយផលប៉ះពាល់នានាដែលបង្កដោយមេរោគរាតត្បាតកូវីដ-១៩។
ធនាគារកណ្ដាលឥណ្ឌូនេស៊ី ក៏នឹងលះបង់មិនយកកូប៉ុង ឬការប្រាក់ប្រចាំឆ្នាំផងដែរចំពោះការទិញយកបណ្ណបំណុលរដ្ឋនេះ ដោយក្នុងឆ្នាំ២០២១ អត្រាកូប៉ុងមានប្រមាណជាង ៤ពាន់លានដុល្លារ និងឆ្នាំ២០២២មានជិត៣ពាន់លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីបច្ចុប្បន្នកំពុងព្យាយាមរក្សាឲ្យបាននូវតុល្យភាពរវាងសេដ្ឋកិច្ច និងការពារប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដ្បិតថា ស្របពេលដែលវិធានការតឹងរឹងខ្លាំង ផលប៉ះពាល់សេដ្ឋកិច្ចក៏មានខ្លាំងដែរ ប៉ុន្ដែ បើបន្ធូរបន្ថយវិធានការពេក នោះហានិភ័យនៃគ្រោះមហន្ដរាយដែលកើតឡើងពីជំងឺកូវីដ១៩ក៏មានកាន់តែធំដែរ។
បច្ចុប្បន្ន ឥណ្ឌូនេស៊ី គឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានករណីឆ្លងកូវីដ-១៩ខ្លាំងក្លាជាងគេ ដោយកាលពីខែកក្កដាកន្លងទៅ ករណីឆ្លងប្រចាំថ្ងៃនៅប្រទេសនេះ បានហក់ឡើងខ្ពស់បំផុតដល់ជាង៥ម៉ឺននាក់ក្នុងមួយថ្ងៃ ប៉ុន្ដែមកទល់ពេលនេះ ករណីឆ្លងកំពុងមានការធ្លាក់ចុះមកវិញហើយ ដោយគិតត្រឹមថ្ងៃទី ២២ ខែសីហាអ្នកឆ្លងថ្មីនៅប្រទេសនេះ ត្រូវបានរកឃើញត្រឹមជាង១ម៉ឺន២ពាន់នាក់ប៉ុណ្ណោះ ខណៈដែលចំនួនអ្នកឆ្លងសរុបវិញមានជិត៤លាននាក់ និងស្លាប់មានជាង១២ម៉ឺននាក់៕