តំបន់អាស៊ាន

ប្រទេសភាគច្រើនក្នុងតំបន់អាស៊ានបានបើកទ្វារប្រទេសឡើងវិញ និងរំពឹងចំណូលពីភ្ញៀវទេសចរទ្រទ្រង់សេដ្ឋកិច្ច


គិតមកទល់ពេលនេះ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ស្ទើរតែទាំងអស់ហើយ ដែលបានបើកទ្វារប្រទេសឡើងវិញ ទទួលភ្ញៀវទេសចរអន្តរជាតិ ខណៈដែលវិស័យនេះ ក៏ស្ថិតក្នុងចំណោមវិស័យស្នូលដ៏សំខាន់មួយសម្រាប់ការទ្រទ្រង់ដល់ការលូតលាស់សេដ្ឋកិច្ចនៅក្នុងតំបន់នេះផងដែរ។
ប្រទេសភាគច្រើនក្នុងតំបន់អាស៊ានបានបើកទ្វារប្រទេសឡើងវិញ និងរំពឹងចំណូលពីភ្ញៀវទេសចរទ្រទ្រង់សេដ្ឋកិច្ច

ក្នុងនោះ ប្រទេស​កម្ពុជា ត្រូវបានគេមើលឃើញថា គឺជា​ប្រទេសដែលមាន​ការបន្ធូរបន្ថយវិធានការលើការធ្វើដំណើរ​ច្រើនជាងគេបំផុតគិតមកទល់ពេលនេះ ខណៈដែល​​ប្រទេសថៃវិញ ក៏​បានលុបចោលវិធាន​ការ​រឹតបន្តឹង​ការពារ​មេរោគកូវីដ១៩ ស្ទើរតែទាំងស្រុងចាប់ពីថ្ងៃទី ១ ខែកក្កដា ខាងមុខនេះតទៅ ខណៈរដ្ឋាភិបាល​ថៃរំពឹងថា វិស័យទេសចរណ៍នេះ នឹងជួយជំរុញសេដ្ឋកិច្ចដែលជាប់គាំងរបស់ខ្លួនឱ្យស្ទុះងើបឡើងវិញ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។

គណៈរដ្ឋមន្ត្រីថៃបានសម្រេចចិត្តកាលពីថ្ងៃអង្គារ ទី ២១ មិថុនាថា ប្រទេសថៃដែលជាទិសដៅ​ទេសចរណ៍​ដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក​នឹងលុបចោលវិធានការចុះឈ្មោះ​តាមអ៊ីនធឺណិតលើប្រព័ន្ធធ្វើដំណើរ Thailand Pass របស់ខ្លួនហើយ ខណៈរដ្ឋាភិបាលរំពឹងថា នឹងទទួលបានភ្ញៀវទេសចរភាគច្រើនមកពី ប្រទេសឥណ្ឌា និង មជ្ឈិមបូព៌ា ជំនួសឱ្យការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរជនជាតិចិន។

គួរកត់សម្គាល់ថា រដ្ឋាភិបាលថៃមាន​ការពឹងផ្អែកលើវិស័យទេសចរណ៍ជាខ្លាំង ដើម្បីជួយជំរុញ​ដល់សេដ្ឋកិច្ចថៃ ខណៈដែលការ​ជាប់គាំងនៃ​ភ្ញៀវទេសចរ​មកពី ចិន សហរដ្ឋអាមេរិក និង អឺរ៉ុប បានធ្វើឱ្យមានភាពរង្គះរង្គើរសម្រាប់សេដ្ឋកិច្ចថៃជាខ្លាំង ដោយសារវិស័យទេសចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សែងរបស់ថៃមួយនេះ​បានរួមចំណែក ១២% ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ លោក ភីផាត់ រ៉ាត់ឆាកគីតប្រាកន (Phiphat Ratchakitprakarn) បាននិយាយថា នៅពេលដែលមានការលុបចោល​វិធានការរឹតបន្តឹង​ជំងឺកូវីដ ១៩ លោករំពឹងថា ចំនួនភ្ញៀវទេសចរ​នឹងកើនឡើង​ដល់ ២ ម៉ឺន ៥ ពាន់នាក់ ទៅ ៣ ម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈចំនួនភ្ញៀវទេសចរសរុបនឹងកើនឡើងពី ៧លាន៥សែន ទៅ ១០ លាននាក់នៅចុងឆ្នាំនេះ។

មែនទែនទៅ វិស័យទេសចរណ៍ គឺជាប្រភពចំណូល និងការងារដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានអ្នកធ្វើដំណើរកម្សាន្ដ​មកក្នុងតំបន់នេះ​ជាង ១៤០ លាននាក់ជារៀងរាល់ឆ្នាំ។

ចាប់តាំងពីខែមេសា ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនបានចាប់ផ្តើមស្វាគមន៍អ្នកទេសចរដែលបានចាក់វ៉ាក់ស៊ាំងពេញលេញ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក និង ធ្វើតេស្តរកកូវីដ១៩ ទៀតឡើយ។ ទន្ទឹមនឹងនោះ មានប្រទេសភាគច្រើន​បានលុបចោលការតម្រូវឱ្យពាក់ម៉ាស​នៅទី​សាធារណៈថែមទៀតផង។

បើក្រឡេកមកមើល ភ្ញៀវទេសចរណ៍ដែលបានមកលេងនៅប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលជាប្រាសាទបុរាណដ៏ចំណាស់មួយដែលត្រូវបានអង្គការយូណេស្កូ ចាត់ចូលជា​សម្បត្តិបេតិកភណ្ឌពិភពលោកនោះ បានទទួលភ្ញៀវទេសចរបរទេសជាង ៤ ម៉ឺននាក់ នៅក្នុង​រយៈពេល​៥ខែដំបូង ក្នុងឆ្នាំ ២០២២នេះ កើនឡើងជាង ៨០០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ប្រទេសកម្ពុជាបានបើកប្រទេសឡើងវិញចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំង​ពេញលេញ តាំងតែខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ ហើយបច្ចុប្បន្ន​សកម្មសេដ្ឋកិច្ចគ្រប់វិស័យ​បាន​ដំណើរការឡើងជាធម្មតា។

ដោយឡែក ប្រទេសឥណ្ឌូនេស៊ីវិញ បាននិយាយកាលពីដើមខែមិថុនាថា ខ្លួននឹងលែងតម្រូវឱ្យអ្នកទេសចរ​ត្រូវទិញធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ​នៅពេលចូលមកប្រទេសខ្លួនតទៅទៀតហើយ ខណៈកាលពីខែឧសភា​ប្រទេសនេះក៏បានដកចេញ​នូវតម្រូវការធ្វើតេស្ត PCR ផងដែរ។ ប៉ុន្តែ អ្នកទេសចរបរទេស​នៅតែត្រូវការទាញ​យកកម្មវិធីតាមដានការធ្វើដំណើរ ដើម្បីទទួលបានការចូលទៅកាន់កន្លែងនានា​ដូចជាផ្សារទំនើបជាដើម។

លោក សានឌៀហ្គា អ៊ូណូ (Sandiaga Uno) រដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីសប្តាហ៍មុនថា ការមកដល់នៃភ្ញៀវទេសចរនឹងកើនឡើងដល់កម្រិតខ្ពស់នៅក្នុងខែកក្កដា និង ខែសីហា ក្នុងឆ្នាំ ២០២២ នេះ។

ទោះយ៉ាងណា ការរឹតបន្តឹងមួយចំនួននៅតែមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាឧទាហរណ៍ ប្រទេសហ្វីលីពីន ដែលជាប្រទេស វិស័យទេសចរណ៍មានទំហំមួយភាគប្រាំនៃ GDP មុនការរាតត្បាតកូវីត ១៩នោះ នៅតែទាមទារឱ្យអ្នកធ្វើដំណើរចូល​ក្នុងប្រទេសខ្លួនចុះឈ្មោះតាមអ៊ីនធឺណិតជាមួយការិយាល័យដាក់ឱ្យនៅដាច់ពីគេនៅឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសសិង្ហបុរី ជាប្រទេសតំបន់អាស៊ីគ្នេយ៍ដំបូងគេ រកឃើញករណីជំងឺអ៊ុតស្វា

ព័ត៌មាន
ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយកាលពីល្ងាចថ្ងៃអង្គារ ទី ២១ មិថុនាថា សិង្ហបុរីបានបញ្ជាក់ពីការរកឃើញករណីនាំចូលជំងឺអ៊ុតស្វា ជាករណីដំបូងគ…

ធនាគារអេស៊ីលីដា និង Western Union ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈ អេស៊ីលីដាម៉ូបាល

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជា ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត បានប្រកាសជាសាធារណៈនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ អំពីកិច្ចសហការគ្នាជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ