សាជីវកម្មធានាឥណទាន

រាជរដ្ឋាភិបាលនឹងវាយតម្លៃប្រសិទ្ធភាពនៃការផ្តល់ការធានាឥណទានរបស់ CGCC ដើម្បីចាក់ទុនបន្ថែមជួយជំរុញការអភិវឌ្ឍវិស័យ SME


គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំនេះ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានដល់អាជីវកម្មចំនួនជាង២១០០កម្ចី ដែលស្មើនឹងទឹកប្រាក់ធានាសរុបជាង១៨១លានដុល្លារ ចាប់តាំងពីគម្រោងនេះត្រូវបានដាក់ឱ្យដំណើរការកាលពីអំឡុងខែមេសា ឆ្នាំ២០២១។ ៩២%នៃអាជីវកម្មដែលទទួលបានការធានពី CGCC គឺជាសហគ្រាសធុនមីក្រូ តូច និងមធ្យម(MSMEs)។
សាជីវកម្មធានាឥណទាន
ដោយ

មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកគម្រោងធានាឥណទាននេះ គឺជាចលករមួយដ៏សំខាន់ក្នុងការជួយគាំទ្រការអភិវឌ្ឍ MSMEs ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។ តើរាជរដ្ឋាភិបាលនឹងចាក់ទុនចូលទៅក្នុងគម្រោងនេះបន្ថែមទៀតទេ ក្រោយទុនដំបូង២០០លានដុល្លារផ្តល់ការធានាជិតអស់?

​​តាមព្រឹត្តិបត្រព័ត៌មានរបស់សាជីវកម្មធានាឥណទានកម្ពុជាបានបង្ហាញថា ក្រោយដាក់ដំណើរការអស់រយៈពេលជាង៣ឆ្នាំកន្លងមកនេះ សាជីវកម្មឥណទានកម្ពុជា(CGCC)បានផ្តល់ការធានាដល់អាជីវកម្មជា២ពាន់១៤០កម្ចី ដោយមានទំហំទឹកប្រាក់១៨១លានដុល្លារ។ ជាមួយគ្នានេះ គ្រាន់តែនៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៤នេះ CGCC បានផ្តល់ការធានាឥណទានដល់អាជីវកម្មចំនួន២១៥កម្ចីជាមួយទំហំទឹកប្រាក់សរុបជិត១៧លានដុល្លារ ក្នុងនោះកម្ចី៩២គណនី ដែលស្មើនឹងជិត២លានដុល្លារ ត្រូវបានធានាក្រោមគម្រោងធានាជាកញ្ចប់។

យ៉ាងណាមិញ CGCC សង្កេតឃើញថា ភាគរយនៃឥណទានមិនដំណើការគិតត្រឹមចុងខែមីនា ឆ្នាំ២០២៤ មានការកើនឡើងជាលំដាប់ ដោយចាប់ផ្តើមពី១,៤៣% នៅដើមត្រីមាសទី២ ឆ្នាំ២០២៣ និងបន្តកើនឡើងយ៉ាងខ្លាំងដល់៨,៣៧% នៅត្រឹមចុងខែមីនា ឆ្នាំ២០២៤នេះ។ អត្រាឥណទានមិនដំណើការនេះ បានឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលបានប្រឈមបញ្ហាធំៗដូចជាអតិផរណាខ្ពស់ អត្រាការប្រាក់ខ្ពស់ និងការងើបឡើងយឺតជាងការរំពឹងទុកនៃវិស័យទេចរណ៍ជាដើម។

ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃថា ការចូលរួមរបស់ CGCC មានសារសំខាន់ណាស់ក្នុងការគាំទ្រការអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។ ជាក់ស្តែងក្នុងរយៈពេលជាង៣ឆ្នាំដែល CGCC បានធានាដល់ក្រុមហ៊ុនអាជីវកម្មទាំងអស់ គឺភាគច្រើនបំផុតរហូតដល់ប្រមាណ៩២% គឺជា MSMEs ខណៈកម្ចីប្រមាណ៦២% ដែលខ្វះទ្រព្យធានាប្រហែលជាមិនអាចទទួលកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនោះទេ ប្រសិនបើគ្មានការធានាពី CGCC។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តគាំទ្រដល់ក្រុមហ៊ុន/អាជីវកម្ម ដោយគាំទ្រដល់ CGCC ក្នុងការដាក់ចេញនូវគម្រោងធានាឥណទានថ្មីៗជាបន្តបន្ទាប់ទៀតផងដែរ។ យ៉ាងណាមិញ CGCC ក៏នឹងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ការធានាឥណទាននាពេលកន្លងមក ដើម្បីពិចារណាស្នើសុំទុនបន្ថែមពីរាជរដ្ឋាភិបាលក្នុងករណី​ចាំបាច់ផងដែរ។

គួរជម្រាបថា CGCC នៅតែរក្សាការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្លួនរបស់ខ្លួន ក្នុងការជំរុញកំណើនអភិវឌ្ឍន៍របស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម នៅទូទាំងប្រទេស ដោយបានពង្រីកវិសាលភាពការធានាឥណទានរបស់ខ្លួនឱ្យគ្របដណ្តប់បានទូទាំង២៥រាជធានី-ខេត្ត តាមរយៈវិធានការ និងសកម្មភាពនានា ដូចជាការចូលរួមជាមួយស្ថាប័នហិរញ្ញវត្ថុ ចូលរួមក្នុងការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្ទាល់របស់ CGCC ក្នុងការពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនម្ចាស់អាជីរកម្មទូទាំងប្រទេស៕

None



អត្ថបទបន្ទាប់


ពលរដ្ឋជាង១,៥លានគណនី កំពុងជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង៥ពាន់លានដុល្លារ

វិស័យមីក្រូហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ។ ជាក់ស្ដែងគិតត្រ…

តើមានកត្តាអ្វីខ្លះធ្វើឱ្យកម្ពុជាមិនអាចបិទការនាំចូលបន្លែ ផ្លែឈើពីវៀតណាមបាន?

កម្ពុជាបាននាំចូលបន្លែ និងផ្លែឈើពីប្រទេសវៀតណាមរាប់រយតោនក្នុងមួយខែៗ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងស្រុក។ ការហូរចូលបន្លែផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ