លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាប្រាប់ខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមថា «ជំងឺកូវីដ-១៩ ដែលកើតឡើងនេះ គឺឃើញថា ការប៉ះពាល់វាមាន គ្រាន់តែថាតិចហើយច្រើន ហើយការប៉ះពាល់ខ្លាំងជាងគេហ្នឹង គឺប៉ះពាល់មាន់។ ហើយការប៉ះពាល់ហ្នឹងដោយសារកសិករដែលចិញ្ចឹមមាន់ ហើយថាមិនមានទីផ្សារនោះ មិនបានចងក្រងជាសមាគមជាមួយយើងខ្ញុំ ដូចនេះ ធ្វើឲ្យការចិញ្ចឹមមាន់របស់គាត់ មិនបានដឹងពីតម្រូវការទីផ្សារ ព្រោះថា កសិករមួយចំនួនធំដួលរំលំដោយសារការចិញ្ចឹមជ្រូក ដូចនេះគាត់ក៏មកចិញ្ចឹមមាន់វិញ ដូចនេះតម្រូវការមួយថ្ងៃត្រឹម ១០ម៉ឺនក្បាលទេ តែគាត់ចិញ្ចឹមផ្គត់ផ្គង់ដល់ទៅ ១៥ម៉ឺន អញ្ចឹងវាសល់មាន់»។
លោក ស្រ៊ុន ពៅ បានសំណូមពរថា សូមឲ្យកសិករទាំងអស់ចូលក្នុងសមាគម ដើម្បីអាចជួយរៀបចំទីផ្សារមួយ ដែលអាចឲ្យកសិករទាំងអស់ចិញ្ចឹមមាន់ ឲ្យសមស្របតាមតម្រូវការទីផ្សារ ជៀសវាងការផ្គតផ្គង់លើសតម្រូវការ នាំឲ្យតម្លៃមាន់ចុះថ្លៃទៅតាមនោះដែរ។
កាលពីថ្ងៃទី ២៧ ខែឧសភា នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញពីរបាយការណ៍របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សម្រាប់ឆ្នាំ ២០២០ នេះ។
រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា ក្រសួងនៅតែពិនិត្យឃើញថា នៅមានជនខិលខូចមួយចំនួន នៅតែបន្តលួចនាំចូលសត្វខុសច្បាប់ជាបន្តបន្ទាប់ ជាពិសេសការលួចនាំចូលសត្វជ្រូក ដោយខុសច្បាប់ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក។
បើតាមលោកប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏បានបញ្ជាក់ថា សព្វថ្ងៃសមាគមបាននិងកំពុងសហការជាមួយក្រសួងកសិកម្មយ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើយ៉ាងណាព្យាយាមផ្តល់បច្ចេកថ្មីៗដល់អ្នកចិញ្ចឹមសត្វទាំងអស់ ប្រឹងប្រែងធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់សត្វក្នុងស្រុកបានគ្រាន់ ដើម្បីឈានដល់ការបញ្ឈប់ការនាំចូលសត្វពីក្រៅតែម្តង។
នាពេលថ្មីៗនេះដែរ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានប្រកាសថា បានបញ្ជារឲ្យបិទការនាំចូលសត្វជ្រូក និងមាន់ ៥០ភាគរយ ដើម្បីជំរុញបង្កើនសមត្ថភាពចិញ្ចឹមសត្វក្នុងស្រុក ។ ក្រសួងកសិកម្មបានជំរុញឲ្យប្រជាពលរដ្ឋជាកសិករប្រកបរបរកសិកម្ម ងាកមកចាប់អារម្មណ៍ប្រកបរបរចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការនាំចូល និង ការធ្វើចំណាកស្រុក។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២០នេះ កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់សត្វដូចជា ការចិញ្ចឹមគោ និងក្របី មានលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុកជាង ៩ម៉ឺនតោន ឬប្រមាណជាង ៨២ម៉ឺនក្បាល ដែលនាំយកមកពីកសិដ្ឋានចំនួន ៣៧កន្លែង ឬស្មើប្រមាណ១ម៉ឺនក្បាល និងនៅតាមកសិករចិញ្ចឹម៣លានក្បាល។
ចំណែកការចិញ្ចឹមជ្រូកវិញ មានលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក ១០ម៉ឺនតោន ឬប្រមាណ ២លានក្បាល ដែលនាំមកពីកសិដ្ឋាន ៥៣០កន្លែង ឬស្មើនឹងប្រមាណជាង ១លានក្បាល និងមកពីកសិករចិញ្ចឹមជាង ១លានក្បាល។ចំពោះការចិញ្ចឹមបក្សី លទ្ធភាពផ្គត់ផ្គង់ក្នុងស្រុកជាង ៤ម៉ឺនតោន ឬស្មើនឹងប្រមាណជាង ៤០ក្បាល ដែលនាំមកពីកសិដ្ឋាន ៨២៤កន្លែង ឬស្មើប្រមាណជិត ១៣លានក្បាល ដែលនាំមកពីកសិករចិញ្ចឹមជិត ២៨លានក្បាល ៕