វិស័យកសិកម្ម

មាន់រស់នៅតែបន្ដនាំចូល ខណៈក្រុមអ្នកចិញ្ចឹមថា កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់


មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្គាល់ថា បច្ចុប្បន្ន ពិតជាមានការនាំចូលសត្វមាន់រស់ពីខាងក្រៅពិតមែន ប៉ុន្ដែ ការនាំចូលសត្វមាន់រស់ បានកាត់បន្ថយមកនៅត្រឹមប្រមាណ ១ម៉ឺនក្បាលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ការនាំចូលសត្វមាន់នេះ បានបង្កផលប៉ះពាល់ដល់ក្រុមអ្នកចិញ្ចឹមមាន់ក្នុងស្រុកក៏ពិតមែន តែប៉ះពាល់ខ្លាំងជាងគេ ចំពោះអ្នកដែលចិញ្ចឹមមាន់សាច់ ប៉ុណ្ណោះ។ ដើម្បីដោះស្រាយបញ្ហានេះបាន អាជ្ញាធរនៅតាមបណ្ដាខេត្តដែលជាប់ព្រំដែនប្រទេសទាំងអស់ ត្រូវបង្កើនការរឹតត្បិត ដើម្បីឈានដល់ការបញ្ឈប់ការនាំចូលមាន់រស់។
កសិដ្ឋានចិញ្ចឹមមានសាច់​ក្នុងខេត្តកំពង់ស្ពឺ

ឯកឧត្តម តាន់ ផា​ន់​ណា​រ៉ា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម បាន​អះអាង​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា សព្វ​ថ្ងៃនេះ សកម្មភាព​នៃ​ការ​នាំ​ចូល​សត្វ​មាន់​រស់​ខុសច្បាប់​ពី​ខាងក្រៅ ពិតជា​បន្ត​កើត​មាន​ជា​បន្តបន្ទាប់​មែន​។ ប៉ុន្តែ ឯកឧត្តម បាន​បញ្ជាក់​ថា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នឹង​រឹត​បន្តឹងបន្ថែម​លើ​ការងារ​នេះ ហើយ​លោក​មិន​អនុញ្ញាត​ឡើយ​ចំពោះ​ការ​នាំ​ចូល​សត្វ​រស់​ពី​ខាងក្រៅ​ដោយ​ខុសច្បាប់​។

ពាក់ព័ន្ធ​ការ​នាំ​ចូល​សត្វ​មាន់​រស់ ឯកឧត្តម តាន់ ផា​ន់​ណា​រ៉ា បាន​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន កម្ពុជា បាន​កាត់​បន្ថយ​ឱ្យ​មានការ​នាំ​ចូល​សត្វ​មាន់​រស់​មក​នៅ​ត្រឹម​ប្រមាណ ១​ម៉ឺន​ក្បាល ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ ខណៈ​កាលពីមុន​កម្ពុជា បាន​នាំ​ចូល​សត្វ​មាន់​រស់​ប្រមាណ ៥​ម៉ឺន​ក្បាល ឯណោះ​។

បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​ដដែល​នេះ បាន​បញ្ជាក់​ថា ការ​នាំ​ចូល​សត្វ​មាន់​នេះ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ក្រុម​អ្នក​ចិញ្ចឹម​មាន់​ក្នុងស្រុក​ក៏​ពិតមែន តែ​ប៉ះពាល់​ខ្លាំង​ជាងគេ ចំពោះ​អ្នក​ដែល​ចិញ្ចឹម​មាន់​សាច់ ប៉ុណ្ណោះ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន អាជ្ញាធរ​នៅ​តាម​បណ្ដា​ខេត្ត​ដែល​ជាប់​ព្រំដែន​ប្រទេស​ទាំងអស់ ត្រូវ​បង្កើន​ការ​រឹតត្បិត ដើម្បី​ឈាន​ដល់​ការ​បញ្ឈប់​ការ​នាំ​ចូល​មាន់​រស់​ទាំងស្រុង នា​ពេល​ខាង​មុខ​។

បើ​តាម​លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បញ្ហា​ការ​នាំ​ចូល​សត្វ​ខុសច្បាប់ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ សម្រាប់​កម្ពុជា​។ ទោះ​យ៉ាងណា សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា នៅ​តែ​បន្ត​ទាមទារ និង​ស្នើ​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​បន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​កសិករ​ចិញ្ចឹម​មាន់​ក្នុងស្រុក​ដែល​កំពុង​ជួប​បញ្ហា​ទីផ្សារ ពិបាក​ប្រកួតប្រជែង​នឹង​មាន់​នាំ​ចូល​។

ប្រធាន​សមាគម​រូប​នេះ បាន​អះអាង ថា បច្ចុប្បន្ន កំណើន​នៃ​ការ​ចិញ្ចឹម​មាន់​កាន់តែ​កើនឡើង ពិសេស​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ ដែល​ធ្វើ​ឱ្យ​ក្រុម​អ្នក​ចិញ្ចឹម​មាន់​ក្នុងស្រុក មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ខ្លួនឯង ដោយ​មិន​ចាំបាច់​នាំ​ចូល​ពី​ខាងក្រៅ​បន្ថែម​នោះ​ទេ​។ 

ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​រូប​នេះ បាន​សង្កត់ធ្ងន់​ថា សកម្មភាព​នៃ​ការ​នាំ​ចូល​សត្វ​ពី​ប្រទេស​ជិតខាង បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្រុម​កសិករ​ក្នុងស្រុក និង​បាន​ធ្វើ​ឱ្យ​តម្លៃ​ផលិតផល​សត្វ កាន់តែ​ធ្លាក់​ចុះ​។

ទោះជា​បែប​នេះ​ក្ដី ការ​ចិញ្ចឹម​មាន់​ស្រែ និង​ការ​ចិញ្ចឹម​មាន់​សាច់ ដែល​មាន​កិច្ចសន្យា​ទទួល​ទិញ​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន គឺ​មិនសូវ​រង​ផល​ប៉ះពាល់​ទីផ្សារ​នោះ​ទេ​។

ជាក់ស្ដែង លោក ឡេ​ង ស៊ី​វុ​ទ្ធី អ្នក​ចិញ្ចឹម​មាន់​ស្រែ នៅ​ខេត្តកំពង់ស្ពឺ បាន​អះអាង ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស ថា បច្ចុប្បន្ន ទីផ្សារ​មាន់​របស់​លោក មិន​មាន​បញ្ហា​រាំងស្ទះ​អ្វី​នោះ​ទេ លោក​អាច​លក់​មាន់​លើ​ទីផ្សារ​ជា​ប្រចាំ​។ កសិករ​រូប​នេះ បាន​បញ្ជាក់​ថា មាន់​របស់​លោកមា​នទី​ផ្សារ​ស្រាប់ ទើប​អាច​លក់​បានជា​ធម្មតា ដោយ​មាន់​១​គីឡូក្រាម អាច​លក់​បាន ១​ម៉ឺន​៧​ពាន់​រៀល ទៅ ១​ម៉ឺន​៨​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​។ ដោយឡែក លោក ហេង យ័ន អ្នក​ចិញ្ចឹម​មាន់​សាច់ វិញ ក៏​អះអាង​មិន​ខុស​គ្នា ប៉ុន្មាន​ពី​កសិករ​ចិញ្ចឹម​មាន់​ស្រែ​ដែរ លោក​ថា មាន់​សាច់​លោក លក់​មិន​ដែល​សល់​នោះ​ទេ ព្រោះ​ក្រុមហ៊ុន CP ជា​អ្នក​ទទួល​ទិញ​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ស្រ៊ុ​ន ពៅ បច្ចុប្បន្ន មាន់​បី​សាសន៍ មាន​តម្លៃ ៧​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​។ រីឯ មាន់​សាច់​វិញ កសិករ​អាច​លក់​បាន​តម្លៃ ក្រោម​៤​ពាន់​រៀល ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម​។ បច្ចុប្បន្ន កម្ពុជា​មាន​លទ្ធភាព​ផ្គត់ផ្គង់​សត្វ​មាន់​ប្រមាណ ១០​ម៉ឺន​ក្បាល ក្នុង​មួយ​ថ្ងៃ ហើយ​កម្ពុជា មាន​តម្រូវការ​សត្វ​មាន់​ប្រមាណ ១០​ម៉ឺន​ក្បាល ក្នុង​មួយ​ថ្ងៃ ដូច្នេះ កម្ពុជា មិន​ចាំបាច់​នោះ​ទេ ក្នុង​ការ​នាំ​ចូល​សត្វ​មាន់​ពី​ខាងក្រៅ​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក ស្រ៊ុ​ន ពៅ ប្រធាន​សមា​គ​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​៕

អត្ថបទ៖ ខន ណារី

None



អត្ថបទបន្ទាប់


ប្រើ អេស៊ីលីដាម៉ូបាល មិនបាច់​កាន់​ក្រដាសប្រាក់, បង្ការការឆ្លងមេរោគ, ចំណេញពេលវេលា!

ការចរាចរ​​ក្រដាស​ប្រាក់​នៅ​តាម​ទីផ្សារ​លក់ដូរ​នានា និង​ការ​ហុច​ក្រដាស​ប្រាក់​ផ្ទាល់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ក៏អាច​ជា​ប្រភព​ចម្…

ទេសចរណ៍ក្នុងស្រុកហាក់កម្រើកឡើងវិញ កំពុងផ្ដល់ក្ដីសង្ឃឹមខ្លាំងជាងមុនដល់ម្ចាស់អាជីវកម្មទេសចរណ៍

ចរន្តនៃការធ្វើដំណើរកម្សាន្តពីសំណាក់ភ្ញៀវទេសចរក្នុងស្រុកហាក់កម្រើកឡើងវិញជាបណ្តើរៗហើយ នៅមួយរយៈចុងក្រោយនេះ ពោលគឺក្រោយរាជរដ្ឋាភិបាលបានបន្ធូរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ