
បញ្ហាដែលកំពុងកើតមាននៅក្នុងវិស័យបច្ចេកវិទ្យាចិន កំពុងធ្វើឲ្យមានក្តីបារម្ភយ៉ាងខ្លាំងចំពោះវិស័យបច្ចេកវិទ្យាចិន សម្រាប់ឆ្នាំ២០២២ បន្តទៀត ហើយក្នុងនោះមានរឿងធំៗចំនួន៥ ដែលគេគួរយកចិត្តទុកដាក់ និងកំពុងព្រួយបារម្ភ ចំពោះដំណើរលូតលាស់របស់វិស័យបច្ចេកវិទ្យារបស់មហាយក្សចិន។
១-ការបង្ក្រាបដោយរដ្ឋអំណាចចិន

ដំបូងបំផុតគឺនៅចុងឆ្នាំ២០២០ គ្រាដែលផ្សារភាគហ៊ុន ក្រុមហ៊ុន Ant-Group របស់សេដ្ឋី Jack Ma ត្រូវបានគេបញ្ជាឲ្យផ្អាកការជួយដូរ។ បន្ទាប់មកទៀត គឺនៅពេលដែលក្រុងប៉េកាំង ច្បាប់ផ្តើមបញ្ចេញច្បាប់ថ្មីៗជាច្រើនដូចជា ច្បាប់ប្រឆាំងនឹងសេចក្ដីទុកចិត្ត និងច្បាប់ការពារព័ត៌មានឯកជន។ មានក្រុមហ៊ុន ពាណិជ្ជកម្មយក្សរបស់ចិន ដែលរកស៊ីតាមប្រព័ន្ធអនឡាញចំនួនពីរគឺ Alibaba និង មេថ័ន (Meituan) សុទ្ធតែរងគ្រោះពីច្បាប់នេះ។ ជាក់ស្តែង ភាគហ៊ុនរបស់ Alibaba បានធ្លាក់ចុះ ៤១% ពីពេលនោះដល់បច្ចុប្បន្ន។
សំណួរកំពុងចោទឡើងសម្រាប់ឆ្នាំ ២០២២ គឺថា តើរដ្ឋចិននឹងដាក់ចេញបទប្បញ្ញត្តិ ឬច្បាប់ថ្មីៗបន្ថែមទៀតទេ?
-តើក្រុមហ៊ុនណាខ្លះ អាចជាគោលដៅបន្ទាប់?
បើនៅតែបែបនេះ តើការរីកចម្រើននៃវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសចិននឹងទៅជាយ៉ាងណា?
២-បញ្ហាគ្រឿងអេឡិចត្រូនិក/បន្ទះឈីប

ការប្រជែងគ្នាផ្នែកបច្ចេកវិទ្យាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងចិនបានធ្វើឲ្យរដ្ឋបាលក្រុងប៉េកាំង បង្ខំចិត្តជំរុញការបង្កើនស្វ័យភាព ឲ្យគ្រប់គ្រាន់សម្រាប់ខ្លួនឯងនៅស្ទើរគ្រប់វិស័យដោយមិនចាំបាច់ពឹងពាក់អាមេរិក។ ហើយកិច្ចខិតខំមួយក្នុងចំណោមនោះគឺ គ្រឿងអេឡិចត្រូនិកនិងបន្ទះឈីប ដែលជាវត្ថុធាតុដើមដ៏មានសារៈសំខាន់សម្រាប់ផលិតអ្វីគ្រប់យ៉ាង ចាប់តាំងពីរថយន្តរហូតដល់ទូរស័ព្ទដៃ។
ដូច្នេះចិនកំពុងប្រឹងប្រែង ដើម្បីតាមឲ្យទាន់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដោយសារតែខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិនភាគច្រើន ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនបរទេស។
ក៏មានដែរក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិនដ៏ធំ SMIC ប៉ុន្តែសមត្ថភាពរបស់វានៅចាញ់ក្រុមហ៊ុនកូរ៉េ Samsung និងក្រុមហ៊ុនតៃវ៉ាន់ TSMC នៅឡើយ។
៣-បច្ចេកវិទ្យាកម្រិតខ្ពស់

បច្ចេកវិទ្យាកម្រិតខ្ពស់សំដៅដល់ការអភិវឌ្ឍប្រព័ន្ធបញ្ញាសប្បនិម្មិត ឬAI និងបច្ចេកវិទ្យាអាវកាសដូចជាការធ្វើដំណើរចេញទៅក្នុងលំហជាដើម។
នៅក្នុងគម្រោង៥ឆ្នាំខាងមុខ ក្រុងប៉េកាំងបាននិយាយថា គេនឹងធ្វើឱ្យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាចពឹងផ្អែកបានដោយខ្លួនឯង និងការកែលម្អវិស័យនេះទៅជាសសរស្តម្ភយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍ជាតិ។
ត្រង់ចំណុចនេះ ចិនសម្រេចបានផ្លែផ្កាគួរឲ្យកត់សម្គាល់ដូចជា ការបាញ់បង្ហោះស្ថានីយអវកាសផ្ទាល់ខ្លួនទៅក្នុងលំហ ហើយថែមទាំងមានមហិច្ឆតាក្នុងការបញ្ជូនយានអវកាសដំបូងរបស់ខ្លួនទៅកាន់ភពអង្គារនៅឆ្នាំ ២០៣៣ថែមទៀត។ នៅពេលនិយាយអំពីបញ្ញាសិប្បនិម្មិត ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនដូចជា Baidu និង Tencent កំពុងវិនិយោគយ៉ាងច្រើនលើវិស័យ AI នេះដែរ។

៤-រថយន្តអគ្គិសនី
រថយន្តអគ្គិសនី ជាវិស័យមួយទៀតដែលប្រទេសចិនកំពុងសង្កត់ធ្ងន់ដូចគ្នា។ ឧស្សាហកម្មនេះ គឺជាផ្នែកមួយនៃការជំរុញរបស់ប៉េកាំង ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន និងឈានដល់ចំណុចអព្យាក្រឹតកាបូន(គ្មានការបញ្ចេញឧស្ម័នកាបូនសោះតែម្តង) នៅឆ្នាំ២០៦០។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលចិនបានគាំទ្រដល់ការអភិវឌ្ឍន៍រថយន្តអគ្គិសនីក្នុងស្រុក តាមរយៈការឧបត្ថម្ភធនទុន និងសម្រួលដល់គោលនយោបាយផ្សេងទៀត។ ប្រការនេះ ទាញឱ្យក្រុមហ៊ុនចិនរាប់ម៉ឺនក្រុមហ៊ុន ចូលក្នុងឧស្សាហកម្មនេះ ទោះបីជាមានក្រុមហ៊ុនជាច្រើនមិនដែលផលិតបានរថយន្តសូម្បីតែមួយគ្រឿងក៏ដោយ។

៥-សេដ្ឋកិច្ចចិនមានកំណើនយឺត

បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិន ត្រូវប្រឈមមុខនឹងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិន។ កត្តាមួយចំនួនរួមមាន កង្វះខាតថាមពល និងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងបញ្ហាបំណុលនៅក្នុងវិស័យអចលនទ្រព្យ ការចំណាយយឺតរបស់ពលរដ្ឋ បានបន្ថែមបន្ទុកដល់សេដ្ឋកិច្ចចិន។
ជាក់ស្តែង ក្រុមហ៊ុនយក្សចិន Alibaba បានកត់ត្រាពីការធ្លាក់ចុះប្រាក់ចំណូលរបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធនេះ យ៉ាងគំហុក៕