បន្ទាប់ពីមានហេតុការបាញ់ទម្លាក់បាឡុងចិន ទីក្រុងប៉េកាំងបានចេញមុខប្រតិកម្មភ្លាមៗថា ទង្វើរបស់សហរដ្ឋអាមេរិកនេះ គឺសបញ្ជាក់ពីប្រតិកម្មជ្រុលហួសហេតុ ដោយសារប៉េកាំងបានប្រាប់រួចហើយថា បាឡុងនោះគឺជាឧបករណ៍សម្រាប់ឧត្តុនិយមស៊ីវិលតែប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រោយប្រមូល និងធ្វើការស្រាវជ្រាវនូវកម្ចេចកម្ទីនៃបាឡុងនោះមន្ទីរបញ្ជកោណរួមជាមួយនឹងក្រុមប៉ូលីស FBI បានសន្មតថា គ្រឿងបង្គំនៅក្នុងបាឡុងនោះ គឺពិតជាឧបករណ៍ប្រមូលទិន្នន័យចារកម្មមែន។
ភាពចម្រូងចម្រាស់រឿងបាឡុងចារកម្មនេះ ហាក់កំពុងកាន់តែក្ដៅឡើងនៅសប្តាហ៍នេះ ដោយប្រទេសចិនបានចេញមុខព្រមានចំៗទៅកាន់អាមេរិកវិញថា ខ្លួនបានរកឃើញបាឡុងហោះរបស់អាមេរិកដូចគ្នា ដែលបាឡុងនោះបានហោះចូលដោយគ្មានការអនុញ្ញាតក្នុងដែនអាកាសចិនជាងដប់ដងរួចមកហើយចាប់តាំងពីខែឧសភាឆ្នាំ២០២២មកម្ល៉េះ។ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃទី១៥ខែកុម្ភៈថា៖ «ដោយគ្មានការយល់ព្រមពីអាជ្ញាធរពាក់ព័ន្ធរបស់ចិន បាឡុងហោះរបស់សហរដ្ឋអាមេរិកបានហោះរំលោភចូលក្នុងដែនដីរបស់ប្រទេសចិនដោយខុសច្បាប់ជាង ១០ដង រួមទាំងនៅតំបន់ស៊ីនជាំង និងទីប៉េ ព្រមទាំងខេត្តមួយចំនួនទៀតផងដែរ»។
លោក វ៉ាង បានបកស្រាយយ៉ាងដូច្នេះថា៖ សហរដ្ឋអាមេរិកបានរំលោភបំពាន និងមានប្រតិកម្មហួសហេតុ ក៏ដូចជាបានធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ដោយវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងអង្គភាពបច្ចេកវិទ្យាចិនចំនួន៦ចូលទៅក្នុងបញ្ជីខ្មៅ ព្រមទាំងមូលបង្កាច់បាឡុងស៊ីវិលខ្លួនថាជាឧបករណ៍ចារកម្មថែមទៀត។ ជុំវិញរឿងនេះ លោកមិនបានបញ្ជាក់លម្អិតនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា «ប្រទេសចិននឹងធ្វើការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើរបស់អាមេរិក ហើយនឹងចាត់វិធានការប្រឆាំងនឹងអង្គភាពពាក់ព័ន្ធរបស់អាមេរិកដែលចូលដៃក្នុងការផលិតបាឡុង ដែលរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិនឱ្យខាងតែបាន»។
ទោះជាយ៉ាងណាក៏ដោយ សេតវិមានអាមេរិកបានជំទាស់យ៉ាងដាច់ខាត ចំពោះការចោទប្រកាន់របស់ចិននេះ ដោយអះអាងថា នេះជារឿងមិនពិត។ គួរជម្រាបថា ក្រោយបាញ់កម្ទេចបាឡុងចិន សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក បៃដិន បានដាក់ក្រុមហ៊ុនចិនចំនួន៦ចូលទៅក្នុងបញ្ជីខ្មៅភ្លាមៗ ដោយចោទថាបានពាក់ព័ន្ធទៅនឹងការអភិវឌ្ឍនៃឧបករណ៍ចារកម្មនោះ។
បើតាមអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman ការប្រាស្រ័យទាក់ទងជាមួយប្រទេសចិនមិនបានបញ្ឈប់ដោយសារតែរឿងរ៉ាវនេះនោះទេ ប៉ុន្តែលោកស្រីក៏មិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចប្រជុំកម្រិតខ្ពស់ណាមួយនាពេលអនាគតជាមួយភាគីចិនឡើយ ដោយលោកស្រីគ្រាន់តែលើកឡើងថា «យើងសង្ឃឹមថា នៅពេលដែលលក្ខខណ្ឌសមប្រកប នោះចិន-អាមេរិកអាចនឹងជួបមុខនិយាយតទល់គ្នា»។
ទោះយ៉ាងណា ដោយសារតែសំណុំរឿងបាឡុងនេះហើយ បានធ្វើឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក សម្រេចផ្អាកទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលបានគ្រោងទុកតាំងតែពីខែវិច្ឆិកាឆ្នាំ២០២២មក។ ប៉ុន្តែប្រភពពីភាគីទាំងពីរ ហាក់បានរក្សាទ្វាឱ្យនៅចំហដដែលទេ សម្រាប់ការជួបគ្នាដោយផ្ទាល់ មិនថាផ្នែកនយោបាយ ឬសេដ្ឋកិច្ចពាណិជ្ជកម្មឡើយ៕