ទិន្នន័យពីរដ្ឋបាលអន្តោប្រវេសន៍ជាតិរបស់មហាយក្សចិន បានបង្ហាញថា ភ្ញៀវទេសចរបរទេសសរុបជាង១៤លាននាក់ បានទៅលេងប្រទេសចិន នៅក្នុងឆមាសទី១ឆ្នាំ២០២៤ កើនឡើងរហូតដល់ទៅ១៥២,៧% បើធៀបនឹងឆ្នាំមុន។ ភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅប្រទេសចិន ដោយគ្មានទិដ្ឋាការមានចំនួនលើស៨,៥លាននាក់ ឬគ្របដណ្ដប់៥៨% នៃចំនួនភ្ញៀវទេសចរបរទេសចូលទៅប្រទេសនេះ ដោយមានការកើនឡើង១៩០% បើធៀបនឹងឆ្នាំមុន។
ទោះជាយ៉ាងណា ចំនួនភ្ញៀវទេសចរបរទេសដែលប្រទេសចិនទទួលបាននៅមិនទាន់ឈានដល់កម្រិតមុនផ្ទុះវិបត្តិកូវីដ-១៩ នៅឡើយទេ ខណៈនៅឆមាសទី១ដើមឆ្នាំ២០១៩ ប្រទេសចិនទទួលបានភ្ញៀវទេសចរបរទេសសរុបជាង១៥លាននាក់ ឯណោះ។
ខណៈដែលប្រទេសចិន ប្រឈមមុខការធ្លាក់ចុះនៃវិស័យទេសចរណ៍ក្នុងស្រុកដោយសារសេដ្ឋកិច្ចធ្លាក់ចុះ រដ្ឋាភិបាលចិន កំពុងបង្កើនចំនួនប្រទេសដែលពលរដ្ឋនៃប្រទេសទាំងនោះអាចមកលេងប្រទេសចិនបានរហូតដល់១៥ថ្ងៃ សម្រាប់អាជីវកម្ម ទេសចរណ៍ និងដំណើរកម្សាន្តជាលក្ខណៈគ្រួសារដោយមិនចាំបាច់មានទិដ្ឋាការ។
គោលនយោបាយលើកលែងទិដ្ឋាការថ្មីនេះគ្របដណ្ដប់លើប្រទេសជាង១០នៅអឺរ៉ុប ព្រមទាំងប្រទេសអូស្ត្រាលីផងដែរ។ ប្រទេសចំនួន២៣ផ្សេងទៀត ក៏មានការលើកលែងទិដ្ឋាការទៅវិញទៅមករួមទាំងប្រទេសថៃ ផងដែរ ដោយប្រជាជនសិង្ហបុរី និងម៉ាឡេស៊ី អាចទៅលេងបានរហូតដល់៣០ថ្ងៃ ក្នុងមួយលើកដោយគ្មានទិដ្ឋាការ។
ប្រទេសចិន ក៏បានពង្រីកគោលនយោបាយឆ្លងកាត់ដោយគ្មានទិដ្ឋាការរបស់ខ្លួនទៅកាន់ប្រទេសចំនួន៥៤ផងដែរ កាលពីខែវិច្ឆិកា ឆ្នាំមុន។ ពលរដ្ឋមកពីប្រទេសទាំងនេះអាចស្នាក់នៅបានរហូតដល់១៤៤ម៉ោងនៅទីក្រុងប៉េកាំង សៀងហៃ និងទីក្រុងចំនួន២០ផ្សេងទៀតរបស់ចិន ប្រសិនបើពួកគេមានសំបុត្រយន្តោហោះបន្តដំណើរឆ្ពោះទៅប្រទេសមួយទៀត៕
ដោយ: តែម សុខុម