ទំនាក់ទំនងចិននិងកាណាដាឡើងកម្ដៅសាជាថ្មី

ចិននិងកាណាដាតឹងសសៃកដាក់គ្នារឿងបើកយន្ដហោះយោធាក្បែរកូរ៉េខាងជើង


ប្រទេសចិន និងកាណាដា មានទំនាក់ទំនងល្អក់កករនឹងគ្នាមកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយថ្មីៗនេះទៀតសោត ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានតានតឹងជាថ្មីទៀត ក្រោយទីក្រុងប៉េកាំង និងអូតាវ៉ា បានតឹងសសៃកដាក់គ្នាជុំវិញ ការចោទប្រកាន់គ្នាទៅវិញទៅមកថា បានប្រើប្រាស់យន្តហោះយោធារបស់ខ្លួនឲ្យហោះនៅជិតប្រទេសកូរ៉េខាងជើង ដែលជាអ្វីដែលពួកគេហៅថា ជាទង្វើបង្កហេតុ និងរំលោភបំពាន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ចិននិងកាណាដាតឹងសសៃកដាក់គ្នារឿងបើកយន្ដហោះយោធាក្បែរកូរ៉េខាងជើង

ក្រសួងការបរទេស​ចិន​បាន​ព្រមាន​កា​ណា​ដា​អំពី "​ផលវិបាក​ធ្ងន់ធ្ងរ​" នៃ "​ការ​បង្កហេតុ​ដោយ​ប្រថុយប្រថាន​" បន្ទាប់​ពី​កា​ណា​ដា​ប្រើ​យន្ដហោះ​ឈ្លបយកការណ៍​ហោះ​ក្បែរ​ទឹកដី​កូរ៉េ​ខាងជើង ខណៈ​ដែល​ភាគី​យោធា​កា​ណា​ដា​វិញ កាលពី​ស​ប្តា​ហ៍​មុន​ក៏​ចោទប្រកាន់​ពី​ការ​យាយី​និង​រំខាន​ពី​សំណាក់​យន្តហោះ​ចម្បាំង​របស់​ចិន​ផង​ដែរ ខណៈ​ពេល​ដែល​ខ្លួន​កំពុង​ប្រើប្រាស់​យន្ដហោះ​ហោះ​ល្បាត​នៅ​ក្បែរ​ដែនអាកាស​កូរ៉េ​ខាងជើង​នោះ ក្នុង​គោលបំណង​ឃ្លាំមើល​ការ​អនុវត្ត​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​នេះ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក ចាវ លី​ចៀន (Zhao Lijian) បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា "​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ មិន​ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ​អនុវត្ត​ការ​ឃ្លាំមើល​យោធា​នៅ​ក្នុង​ដែនសមុទ្រ និង​ដែនអាកាស​នៃ​ប្រទេស​ផ្សេង​ទៀត ក្នុង​ពេល​ប្រទេស​នោះ​ត្រូវ​រង​ទណ្ឌកម្ម​នោះ​ទេ​" ។

ក៏​ប៉ុន្ដែ នាយក​រដ្ឋមន្ត្រី​កា​ណា​ដា ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌​មាននៅ​ទីក្រុង​អូ​តា​វ៉ា (Ottawa) ថា យន្តហោះ​កា​ណា​ដា ដែល​ហោះ​ទាំងនោះ គឺ​កំពុង​ចូលរួម​ក្នុង​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។

លោក Trudeau បាន​បន្ថែម​ថា សកម្មភាព​របស់​ចិន​គឺ "​គ្មាន​ការ​ទទួលខុសត្រូវ និង​ជា​ការ​បង្ករឿង​" ហើយ "​កំពុង​ធ្វើ​ឱ្យ​ជន​ស៊ី​វិល​ប្រឈម​នឹង​ហានិភ័យ ខណៈ​ពេល​ដែល​ប្រទេស​ចិន​មិន​គោរព​តាម​ការ​សម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ ក្នុង​ការ​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាងជើង​"​។

លោក វ៉ូ ឈៀន (Wu Qian) អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​បាន​និយាយ​ថា យោធា​ខ្លួន​បាន​ចាត់វិធានការ​យ៉ាង​សម​ហេតុ​សម​ផល ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ការទូត ក្នុង​ការ​ឆ្លើយ​តប​នឹង​សកម្មភាព​របស់​កា​ណា​ដា​នេះ​។

មួយវិញទៀត ក្រសួងការពារជាតិ​ចិន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា យន្តហោះ​យោធា​កា​ណា​ដា​បាន​បង្កើន​សកម្មភាព​ឈ្លបយកការណ៍ និង "​ការ​បង្កហេតុ​" ប្រឆាំង​នឹង​ប្រទេស​ចិន "​ក្រោម​លេស​" នៃ​ការ​អនុវត្ត​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង ដែល​នេះ​វា​បង្ក​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​ជាតិ​របស់​ប្រទេស​ចិន​។

គួរ​រំលឹក​ឡើង​វិញ​ថា ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​ប្រទេស​កា​ណា​ដា និង​ចិន​កើតឡើង​បន្ទាប់​ពី​ការ​សម្រេចចិត្ត​របស់​ទីក្រុង Ottawa កាលពី​ខែ​មុន ក្នុង​ការ​ហាមឃាត់​ការ​ប្រើប្រាស់​បណ្តាញ​ប្រព័ន្ធ 5G ពី​ក្រុមហ៊ុន Huawei Technologies Co. របស់​ប្រទេស​ចិន ដោយសារ​ការ​ព្រួយបារម្ភ​អំពី​សន្តិសុខ​ជាតិ​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

None



អត្ថបទបន្ទាប់


អាមេរិកសម្រេចមិនយកពន្ធគយ២ឆ្នាំលើការនាំចូលសូឡាពីប្រទេសអាស៊ានចំនួន៤រួមទាំងកម្ពុជាដែរ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃទី៦មិថុនា បានសម្រេចប្រកាសពីការលើកលែងពន្ធគយរយៈពេល ២៤ ខែ ឬ២ឆ្នាំសម្រាប់ការនាំចូលបន្ទះស្រូបព…

ក្រុមហ៊ុន ខេ អិន អិន ចុះកិច្ចព្រមចែកចាយផ្តាច់មុខនូវរថយន្តធុនធ្ងន់ម៉ាក Sinotruk (HOHAN) នៅលើទីផ្សារកម្ពុជា

នាថ្ងៃទី 08 ខែ មិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនសីណូត្រាក អ៊ីនធើណេសសិនណល់ (Sinotruk…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ